សៀវភៅ​រាជកិច្ច​លេខ១៦រំលេច​នូវ​​ឯកសារ​ស្តី​ពី​​ការ​​​បង្កើត​ និង​​ការ​រំលាយ​​ស្ថាប័ន​​​រដ្ឋ​​

គណៈកម្មាធិការ​កែទម្រង់​រដ្ឋបាល​សាធារណៈ​ ត្រូវ​បាន​បង្កើត​ឡើង​ស្រ​​ប​ពេល​ដែល​អាជ្ញាធរ​ជាតិ​​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​ ត្រូវ​បាន​រំសាយ​ ដោយ​​ព្រះរាជ​ក្រឹត្យ​ក្នុង​ថ្ងៃ​តែមួយ​។​ 

ក្នុង​សៀវភៅ​រាជកិច្ច​លេខ១៦​ ត្រីមាស​ទី១​ ឆ្នាំ២០២៤​ ដែល​ចេញផ្សាយ​ជា​សាធារណៈ​ដោយ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ កាលពី​ថ្ងៃទី២៦​ ខែកុម្ភៈ​ ឆ្នាំ២០២៤ទំព័រ​​២១៧៦​ បាន​បង្ហាញថា​​ ព្រះមហាក្សត្រ​ បាន​ចេញ​ព្រះរាជ​ក្រឹត្យ​ត្រាស់​​បង្គាប់​ឱ្យ​បង្កើត​គណៈកម្មាធិការ​កែទម្រង់​រដ្ឋបាល​សាធារណៈ​ ដែល​សរសេរជា​អក្សរកាត់​ថា​ (គ​.ក​.ស​.) ដើម្បី​ដឹកនាំ​ និង​សម្របសម្រួល​ការងារ​កែទម្រង់​រដ្ឋបាល​​សា​ ធារ​ ណៈ​របស់​រាជរដ្ឋាភិបាល​ ដែល​មាន​សមាសភាព​ជាង​​៣០​​រូប​ដឹកនាំ​​ដោយ​រ​​ដ្ឋ​មន្រ្តី​ក្រសួង​មុខ​​ងារ​សាធារណៈ​ជា​ប្រធាន​ ។​

យោង​ព្រះរាជ​ក្រឹត្យ​ នស​/រក​ត​/១០២៣​/ ២៣១២​ ស្ដីពី​ ការរៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅន​ៃ​គណៈ​​កម្មា​ធិការ​កែទម្រង់​រដ្ឋបាល​សាធារណៈ​ ចុះ​ថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ២០​​២៣​ ត្រង់​​ជំ​ពួក​​ទី២​ បាន​កំណត់​អំ​​ពី​ភារកិច្ច​របស់​គណៈកម្មាធិការ​កែទម្រង់​រដ្ឋបាល​​សាធារណៈ​ (គ​.ក​.ស​.) ចំនួន​ ១៨ចំណុច​ ក្នុង​នោះ​រួមមាន​ ដឹកនាំ​ គាំទ្រ​ និង​សម្របសម្រួល​ការអនុវត្ត​ការងារ​កែទម្រង់​រដ្ឋបាល​សាធារណៈ​រៀបចំ​ និង​អនុវត្ត​កម្មវិធី​ជាតិ​កែទម្រង់​រដ្ឋបាល​សាធារណៈ​ផ្អែកលើ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ជាដើម​…។​ 

នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល​នេះ​ ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជ​ក្រឹត្យ​មួយទៀត​លេខ​ នស​/រក​ត​/១០២៣​/២៣១៣​ ត្រង់​ទំព័រ២១៨៥​ នៃ​សៀវភៅ​រាជកិច្ច​ដដែល​នេះ​ ដោយ​​ត្រាស់​បង្គាប់​ឱ្យ​រំសាយ​អាជ្ញាធរ​ជាតិ​​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​ ដែល​ត្រូវ​បាន​​បង្កើត​ ឡើង​​ដោយ​​ព្រះរាជ​ក្រឹត្យ​ លេខ​ នស​/រក​ត​/០៤៩៦​/២៥​ ចុះ​ថ្ងៃទី០៨​ ខែមេសា​ ឆ្នាំ១៩៩៦​ និង​​ដែល​​ត្រូវ​​បាន​​កែសម្រួល​ដោយ​ ព្រះរាជ​ក្រឹត្យ​លេខ​ នស​/រក​ត​/០៦០៥​/២៧៥​ ចុះ​ថ្ងៃទី១៤​ ខែមិថុនា​ ឆ្នាំ២០០៥​ ព្រមទាំង​លេខាធិការ​ដ្ឋាន​ អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ ព្រំដែន​ផង​ដែរ​។​ 

ជុំវិញ​រឿង​នេះ​ រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​អះអាង​ថា​ រដ្ឋាភិបាល​របស់​លោក​បានសម្រេច​បង្កើត​រដ្ឋលេខាធិការ​ដ្ឋាន​កិច្ចការ​ព្រំដែន​ជំនួស​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​វិញ​ ហើយ​ថា​ ការសម្រេច​នេះ​គឺ​ធ្វើឡើង​ដោយ​ ឈរ​លើ​មនសិការ​និង​ឆន្ទៈ​មោះមុត​ក្នុង​ការ​ការពារ​អធិបតេយ្យ​និង​បូរណភាពទឹកដី​ និង​​ថា​ រាជរដ្ឋាភិបាល​នីតិកាល​ទី៧​ នៃ​រដ្ឋ​ស​​ភា​ នៅតែ​បន្ត​ផ្តល់​តម្លៃ​កិច្ចការ​ព្រំដែន​ជា​​កិច្ច​​ការ​ ដ៏​មាន​​សារៈសំខាន់​ជា​អាយុជីវិត​របស់​ជាតិ​​ និង​ជាអាទិភាព​ ខ្ពស់​បំផុត​របស់​ខ្លួន​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈ​​រដ្ឋមន្ត្រី​ដំបូង​ នីតិកាល​ទី៧​ នៃ​រដ្ឋសភា​ដែល​ចុះផ្សាយ​ដោយ​ក្រសួងព័ត៌មាន​ កាលពី​ថ្ងៃទី២៥​ ខែសីហា​ ឆ្នាំ២០២៣​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​