ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ប្រោសព្រះរាជទានផ្តល់គោរមងារនិងត្រាស់បង្គាប់តែងតាំងលោក គុយ សុផល ជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួង ព្រះបរមរាជវាំងជំនួសសម្តេចចៅហ្វាវាំង គង់ សំអុល ដែលទទួលមរណភាព។
យោងតាមព្រះរាជក្រឹត្យពីរដាច់ដោយឡែកពីរគ្នា និងចុះកាលបរិច្ឆេទថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ដូចគ្នា បានឲ្យដឹងថា ព្រះមហាក្សត្របានផ្តល់គោរមងារលោក គុយ សុផល ដែលមានគោរមងារជាឧកញ៉ា មហាមន្ត្រីនោះ ជាសម្តេច មហាមន្ត្រី គុយ សុផល និងត្រាស់បង្គាប់តែងតាំងលោកជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។
ស្រដៀងគ្នានេះដែរ ព្រះមហាក្សត្រក៏បានចេញព្រះរាជក្រឹត្យពីរផ្សេងទៀត ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ដូចគ្នា ដោយផ្តល់គោរមងារលោកស្រី គង់ បញ្ញា ជាកូនស្រីរបស់សម្តេចចៅហ្វាវាំង គង់ សំអុល ជាលោកអ្នកឧកញ៉ា មហាភក្តី គង់ បញ្ញា និងត្រាស់បង្គាប់តែងតាំងមុខតំណែងលោកស្រីជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង។
ការផ្តល់គោរមងារនិងតែងតាំងនេះ ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រសួងព្រះបរមរាជវាំងបានប្រកាសជូនដំណឹងកាលពីព្រឹកថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០២៤ អំពីមរណភាពរបស់សម្តេចចៅហ្វាវាំង គង់ សំអុល ដោយជរាពាធ ក្នុងជន្មាយុ៩៤ ឆ្នាំ៕