រដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួនពីររូប ដោយលោក ហួត ហាក់ មកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំណែកលោក សុខ សូកេន មកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាវិសាមញ្ញ នីតិកាលទី៧ ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួនពីររូប គឺលោក ហួត ហាក់ មកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ខណៈលោក សុខ សូកេន មកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដោយទទួលបានលទ្ធផលយល់ព្រម ១០៦លើ១០៦សំឡេង នៃសមាជិក សមាជិការដ្ឋសភាដែលមានវត្តមាន។
កាលពីខែសីហា ឆ្នាំ២០២៣ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យតែងតាំងរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដោយលោក ហួត ហាក់ ត្រូវបានតែងតាំងឱ្យកាន់តំណែងជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច (ឈ្មោះដើម ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច) ជំនួសលោកស្រី ម៉ែន សំអន ចំណែកលោក សុខ សូកេន ត្រូវបានតែងតាំងឱ្យកាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ជំនួសលោក ថោង ខុន សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕