រដ្ឋាភិបាល​​​ធ្វើ​​​អនុបយោគ​ដី​រដ្ឋ​​ជិត​​៩០០​​ហិ​ក​តា​​ ដើម្បី​ផ្តល់​​ជូន​​ប្រជាពលរដ្ឋ​​ក្រីក្រ​ និង​បុគ្គល​ឯក​​ជន​​

រដ្ឋា​ភិ​​បាល​កាត់​ឆ្វៀល​ដី​រដ្ឋ​​ទំហំ​ជិត​​ ៩០០ហិ​ក​តា​ នៅ​ទី​​តាំង​​ចំនួន៣ផ្សេងគ្នា​​ និង​ ​​ធ្វើ​​អនុបយោគ​​ពី​​ដី​​សាធារណៈ​របស់​​រដ្ឋ​​មក​ជា​​ដី​​ឯកជន​​របស់​​រដ្ឋ​​ ដើម្បី​​ផ្តល់​​ឱ្យ​​ប្រជាពលរដ្ឋ​ក្រីក្រ​ ប្រជា​​ពលរដ្ឋ​​ដែល​​កាន់​​កាប់​​​ជាក់ស្តែង​​ និង​​បុគ្គល​ឯកជន​​។​​

យោង​តាម​​អនុក្រឹត្យ​​ចំនួន៣​ ដាច់ដោយឡែក​​ពីគ្នា​ នៅ​​ត្រង់​ទំព័រ​ ១៥០៦​ ១៥០៧​ និង​ ​១៥២៦​ នៅក្នុង​​សៀវភៅ​រាជកិច្ច​​លេខ១១​ ដែល​​ចេញផ្សាយ​​ដោយ​​រដ្ឋាភិបាល​ ​កាលពី​ថ្ងៃទី​​៨​ ខែកុម្ភៈ​ ឆ្នាំ​​២០២៤​ ​បាន​​​ឱ្យ​​​ដឹង​ថា​ រដ្ឋាភិបាល​​បាន​​សម្រេច​​កាត់​​ ឆ្វៀល​​​ផ្ទៃដី​​សរុប​​ជាង​ ​៨៨១​​ហិ​ក​តា​​ នៅ​ទីតាំង​​ចំនួន​​៣​​ដាច់​​ដោយ​​ឡែក​​ពីគ្នា​​​ ​ ដែល​​ក្នុង​​នោះ​មាន​​​ផ្ទៃដី​​ទំហំ​ ​៨៤៥​​ហិ​ក​តា​​ និង​​១១​​អា​ ស្ថិត​​នៅ​​ក្នុង​​ឃុំ​​ក្បាល​​ដំរី​ ស្រុក​​អូរ​​គ្រៀ​ង​​សែន​​​ជ័យ​ ខេត្ត​​ក្រចេះ​​ ត្រូវ​​បាន​​កាត់​​ចេញ​​ពី​​ស្ថានីយ​ផ្សព្វផ្សាយ​ និង​​ស្តារ​ព្រៃឈើ​​ក្បាល​​ដំរី​​។​ 

ផ្ទៃដី​ទំហំ​ ​៨៤៥​​​ហិ​ក​តា​នេះ​ ត្រូវ​បាន​​​ធ្វើ​​អនុបយោគ​​ពី​​ដី​សាធារណៈ​របស់​​រដ្ឋ​​មក​​ជា​ ​ដី​ឯក​​ជន​​របស់​រដ្ឋ​​សម្រាប់​​អនុវត្ត​វិធី​សម្បទាន​​ដី​សង្គមកិច្ច​​ ជូន​​ប្រជាពលរដ្ឋ​​ក្រីក្រ​​គ្មាន​​ដី​​ពិតប្រាកដ​​ ក្រោម​​​គម្រោង​​​បែងចែក​​ដី​​ដើម្បី​​សង្គមកិច្ច​​ និង​​ការ​​អភិវឌ្ឍ​សេដ្ឋ​ ​កិច្ច​​ដំណាក់កាល​​ទី​​៣​ (LASED III)។​

ខណៈ​ផ្ទៃដី​​ទំហំ​​ ៣១​​ហិ​ក​តា​ ០២អា​ ៥៣​​សង់​ទី​អា​ ស្ថិត​​នៅ​​ភូមិ​គគីរ​ ឃុំ​បិតត្រាំង​ ស្រុក​​ព្រៃនប់​​ ខេត្ត​​ព្រះសីហនុ​​ ត្រូវ​​បាន​​កាត់​​ចេញពី​​ដែន​​គម្រប​​ព្រៃឈើ​​ឆ្នាំ​​២០០២​ ហើយ​​ផ្ទៃដី​​នេះ​​ នឹង​ត្រូវ​​ធ្វើ​​អនុបយោគ​​ជា​ដី​​ឯក​​ជន​​របស់​​រដ្ឋ​​ និង​​ប្រគល់​​ជា​កម្មសិទ្ធិ​​ជូន​​ឈ្មោះ​ ឡូ​ សុគន្ធ​​។​​

ចំណែក​​ផ្ទៃដី​​ទំហំ​​៥​​ហិ​ក​តា​ ៣០​​អា​ និង​​២៨​​សង់​ទី​​អា​ទៀត​​ ស្ថិតនៅ​​ក្នុង​​ភូមិ​​ជ្រៃ​​សែន​ សង្កាត់​មនោរម្យ​​ ក្រុង​​សែន​​មនោរម្យ​​ ខេត្ត​​មណ្ឌល​​គិរី​ ត្រូវ​​បាន​​កាត់​ ចេញពី​​គម្រប​​ព្រៃឈើ​​ឆ្នាំ​​២០០២​​ និង​ធ្វើ​​អនុបយោគ​​ជា​​ដី​​ឯក​​ជន​​របស់​​រដ្ឋ​​។​ ផ្ទៃដី​ ជាង​​៥ហិ​ក​តា​នេះ​ ត្រូវ​​ផ្តល់​​ជា​​កម្ម​​សិទ្ធិ​​ជូន​​ឈ្មោះ​​ គៅ​ ហុង​ ដែល​​កាន់កាប់​​ជាក់​ ស្តែង​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​