រដ្ឋាភិបាលធ្វើអនុបយោគផ្ទៃបឹងរបស់រដ្ឋជាង៦០០ហិកតានៅក្នុងភូមិសាស្ត្រមួយចំនួនក្នុងខេត្តកណ្តាលនិងខេត្តតាកែវ ដើម្បីសាងសង់លំនៅឋានជូនប្រជាពលរដ្ឋនិងផ្តល់ជាកម្មសិទ្ធិឯកជនជូនក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) សម្រាប់គម្រោងអភិវឌ្ឍន៍។
យោងតាមអនុក្រឹត្យលេខ២៧៣ អនក្រ.បក ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣និងមានចុះហត្ថលេខាដោយអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា រដ្ឋាភិបាលបានធ្វើអនុបយោគផ្ទៃដីទំហំ៣៤ហិកតា ស្ថិតនៅភូមិទួលខ្មួញ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ដោយកាត់ចេញពីវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ០៨១០១៦១០-០៧៦០ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ មកជាដីឯកជនរបស់រដ្ឋ។
ផ្ទៃដីទំហំ៣៤ហិកតានេះ គឺសម្រាប់សាងសង់លំនៅឋានចំនួន១០០០ខ្នង ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងលំនៅឋានមិនរៀបរយនៅតាមស្ទឹង ព្រែក ទំនប់ ប្រឡាយសាធារណៈស្ថិតនៅជុំវិញតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលយល់ព្រមទទួលយកគោលការណ៍ផ្លាស់ប្តូរមកទីតាំងថ្មី។
នៅក្នុងអនុក្រឹត្យដដែលនេះ រដ្ឋាភិបាលក៏បានធ្វើអនុបយោគផ្ទៃដីទំហំ ៥៩៩ហិកតា ៥៧អា និង៦០សង់ទីអា ស្ថិតនៅភូមិសាស្ត្រខេត្តកណ្តាលនិងខេត្តតាកែវ មកជាដីឯកជនរបស់រដ្ឋ និងផ្តល់ជាកម្មសិទ្ធិឯកជនជូនក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ផងដែរ។
ផ្ទៃដីទំហំ៥៩៩ហិកតាខាងលើនេះត្រូវបានបែងចែកជាបីផ្នែកដែលក្នុងនោះ មានទី១៖ ផ្ទៃដីទំហំ៣៥៩ហិកតា ២៣អា និង២៥សង់ទីអា ស្ថិតនៅឃុំពត់សរ ឃុំចំប៉ី ឃុំដូង ស្រុកបាទី ខេត្តតាកែវ ។ ទី២៖ ផ្ទៃដីទំហំ២៣០ហិកតា ៣៣អា និង៦៧សង់ទីអា ស្ថិតនៅឃុំស្អាងភ្នំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល និងទី៣៖ ផ្ទៃដីទំហំ១០ ហិកតា ៦៨សង់ទីអា ស្ថិតនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ បើតាមឯកសារដដែលនេះ រដ្ឋាភិបាលបានកំណត់ទុកជាផ្ទៃបឹងជើងលោងទំហំ៩២៣ហិកតា ១០អា និង៤២សង់ទីអា ស្ថិតក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ។
សូមបញ្ជាក់ថា ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (Cambodia Airport Investment Co., Ltd) គឺជាក្រុមហ៊ុនភាពជាដៃគូរវិនិយោគរវាងវិស័យសាធារណៈ និងឯកជន ដែលត្រូវបានបង្កើតឡើងនិងទទួលស្គាល់ដោយរាជរដ្ឋាភិបាល អំឡុងខែធ្នូ ឆ្នាំ២០១៧ ក្នុងគោលបំណងអភិវឌ្ឍន៍សាងសង់អាកាសយានដ្ឋានអន្តរជាតិលំដាប់ 4F ស្ថិតនៅភូមិសាស្ត្រក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលលើទំហំដី២៦០០ហិកតា។
ក្រុមហ៊ុននេះមានទុនវិយោគសរុប១៥០០លានដុល្លារអាមេរិកក្នុងនោះបានមកពីកម្ចីធនាគារបរទេស ចំនួន១១០០លានដុល្លារអាមេរិក កម្ចីពីភាគទុនOCIC ចំនួន ២៨០លានដុល្លារអាមេរិក ដើមទុនចុះបញ្ជី ចំនួន១២០លានដុល្លារអាមេរិក (ក្នុងនោះក្រុមហ៊ុន OCIC មាន៩០ភាគរយ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលតំណាងរាជរដ្ឋាភិបាលកម្ពុជាមាន១០ភាគរយ)។
គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីនៅខេត្តកណ្តាលរងការរិះគន់ពីសំណាក់អង្គការសង្គមស៊ីវិលជាបន្តបន្ទាប់ ជុំវិញដំណោះស្រាយជាមួយប្រជាពលរដ្ឋដែលរស់នៅនិងកាន់កាប់ដីនៅតំបន់នោះ៕