អតីត​​មេធាវី​​គណបក្ស​​ប្រឆាំង​លោក​ សំ​ សុ​គង់​ ​ត្រូវ​បាន​តែងតាំង​ជា​អនុរដ្ឋ​លេខាធិការ​ក្រសួង​ប្រៃសណីយ៍​

លោក​ សំ​ សុ​គង់​ អតីត​​មេធាវី​​គណបក្ស​​ប្រឆាំង​ដ៏​​លេច​​ធ្លោ​​មួយ​​រូប​ ​​ត្រូវ​បាន​ព្រះមហាក្សត្រ​​ត្រាស់​​បង្គាប់​​​​​​តែង​​​តាំង​​​ជា​អនុរដ្ឋ​លេខាធិការ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បន្ទាប់ពី​បាន​​ចូល​​រួម​​ជីវភាព​​នយោបាយ​​ជាមួយ​​គណបក្ស​​ប្រ​​ជា​​​ជន​​​កម្ពុជា​ ​បាន​​រយៈ​​ពេល​​​​មួយ​​ខែ​​​។​

យោង​​តាម​​ព្រះរាជ​​ក្រឹត្យ​​ចុះ​​ថ្ងៃទី០៩​​ ខែមករា​​ ឆ្នាំ២០២៤​​ ក្នុ​​ង​​សៀវ​​ភៅ​​រាជកិច្ច​​លេខ​​​២៥​​ ដែល​​ចេញផ្សាយ​​ជា​​សាធារណៈ​​ដោយ​​ទី​​ស្តី​​ការ​​គណៈរដ្ឋ​​មន្ត្រី​ ​កាលពី​​ថ្ងៃ​​​ទី៥​​ ខែមីនា​​ ឆ្នាំ២០២៤​​ បាន​​​​បង្ហាញថា​​​​ ​ព្រះករុណា​​​ព្រះបាទ​​សម្តេច​​​​ព្រះ​​បរម​​​នាថ​​​ នរោត្តម​​​ សី​​​ហមុ​​នី​​ ត្រាស់​​​បង្គាប់​​​តែង​​​​តាំង​លោក​​ សំ​ សុ​គង់​​ ​ជា​អនុរដ្ឋ​លេខាធិការ​ក្រ​​សួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​។​

នៅ​​ក្នុង​លិខិត​ចុះ​ថ្ងៃទី០៦​ ខែធ្នូ​ ឆ្នាំ២០២៣​ ដែល​មាន​​​ភ្ជាប់​ស្នាមមេដៃ​ និង​​បញ្ជាក់​​តួ​​នាទី​​របស់​​លោក​ជា​​សមាជិក​​អចិន្ត្រៃយ៍​ ជា​ប្រធាន​​នាយកដ្ឋាន​​នីតិកម្ម​​ និង​​កិច្ច​​ការ​​បោះ​​ឆ្នោត​​ ជា​​ប្រធាន​​ក្រុម​​ការ​​ងារ​​ខេត្ត​​ព្រៃ​​វែង​​ និង​​ជា​​បេក្ខជន​​ព្រឹទ្ធ​​សភា​​ នៃ​​គណបក្ស​​ភ្លើងទៀន​​សម្រាប់​​មណ្ឌល​​ខេត្ត​​ព្រៃវែង​​ផង​នោះ​​​ លោក​ សំ​ សុ​គង់​ បាន​ស្នើ​​សុំ​​លោក​​ ហ៊ុន​ សែន​ ប្រធាន​គណបក្សប្រជាជន​កម្ពុជា​ ដើម្បី​ចូលរួម​ជីវ​​ភា​ពន​យោ​​បាយ​​ជាមួយ​គណបក្ស​នេះ​​។​

លោក​ សំ​ សុ​គង់​ បាន​សរសេរ​​ថា​ មូលហេតុ​​ដែល​​លោក​​ចង់​​ចូល​​រួម​​ជីវភាព​​នយោបាយ​​ជាមួយ​​គណបក្ស​​ប្រជា​​ជន​​កម្ពុជា​ គឺ​​​ដោយសារ​​​មើល​​ឃើញ​យ៉ាង​ច្បាស់​​នូវ​​​គោ​លន​យោ​​បាយ​ និង​​ការ​​ដឹកនាំ​​ប្រទេស​​ជាតិ​​ដ៏​ត្រឹម​​ត្រូវ​​របស់​​លោក​​ ហ៊ុន​ សែន​​ អតីត​​នាយក​​រដ្ឋ​​មន្ត្រី​ ​​និង​​​មើល​​​ឃើញ​​​​​គោល​​នយោបាយ​​ ផែនការ​យុទ្ធ​សា​​ស្រ្​ត​និង​​ភាព​​រីក​​ចម្រើន​លើ​គ្រប់​វិស័យ​​​របស់​​​រាជរដ្ឋាភិបាល​​ថ្មី​​ដែ​​ល​​ដឹកនាំ​​​ដោយ​​​​​លោក​​នា​​យក​​រដ្ឋ​​មន្ត្រី​​ ហ៊ុន​ ម៉ា​ណែ​ត​។​​

កន្លង​​មក​​ លោក​ សំ​ សុ​គង់​​ គឺជា​​មេធាវី​ដ៏​​សកម្ម​មួយ​​រូប​​ដែល​បាន​​​ចូល​​រួម​​ការពារ​​ក្តី​​ឱ្យ​​​អតីត​​មេដឹកនាំ​​ និង​​សកម្ម​​ជន​​គណបក្ស​​ប្រឆាំង​ ក្នុង​​សំណុំរឿង​​ជា​​ច្រើន​ ​រួម​​ទាំង​​​សំណុំរឿង​​ចោទប្រកាន់​​អតីត​​​មេដឹកនាំ​​ និង​​សកម្មជន​គណបក្ស​​សង្គ្រោះ​​ជាតិ​​ជាង​ ​១០០​​នាក់​ ​ពី​​បទ​​ “​ញុះញង់​​” និង​​ “រួម​​គំនិត​​ក្បត់​” ដែល​​ត្រូវ​​បាន​​លើក​​យក​​មក​​ជំនុំជម្រះ​​កាល​​ពី​​ចុងឆ្នាំ​​២០២០​​​​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​