រាជរដ្ឋាភិបាលចេញសេចក្តីសម្រេចកំណត់ទីតាំងនៃតំបន់ហាមឃាត់ការបើកកាស៊ីណូក្នុងខេត្តចំនួន២ គឺខេត្តកែប និងខេត្តកំពត លើកលែងតំបន់ភ្នំបូកគោ និងតំបន់ច្រកព្រែកចាក ក្នុងគោលដៅលើកកម្ពស់ការវិនិយោគឱ្យកាន់តែសម្បូរបែប ក៏ដូចជាធានាបាននូវសន្តិសុខ និងសណ្ដាប់ធ្នាប់ល្អប្រសើរនៅក្នុងតំបន់គោលដៅទេសចរណ៍។
យោងតាមសេចក្តីសម្រេចចុះថ្ងៃ ទី១១ ខែមិថុនា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចហាមឃាត់ប្រតិបត្តិការកាស៊ីណូនៅក្នុងខេត្តកែប និងខេត្តកំពត ប៉ុន្តែលើកលែងតំបន់ភ្នំបូកគោ និងតំបន់ច្រកព្រែកចាក។
សេចក្តីសម្រេច ដែលមាននៅក្នុងសៀវភៅរាជកិច្ចលេខ៥៥ និងត្រូវបានចេញផ្សាយជាសាធារណៈដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែកក្កដា បានបញ្ជាក់ថា ការកំណត់ទីតាំងជាក់ស្តែងនៃតំបន់ហាមឃាត់សម្រាប់ប្រតិបត្តិការកាស៊ីណូនៅខេត្តកែបនិងកំពតនេះ គឺធ្វើឡើងក្នុងគោលដៅលើកម្ពស់ការវិនិយោគឱ្យកាន់តែសម្បូរបែបផ្សេងទៀតលើផ្នែកសណ្ឋាគារនិងបដិសណ្ឋារកិច្ចសម្រាប់ការបម្រើវិស័យទេសចរណ៍ វិស័យកម្មន្តសាល ឧស្សាហកម្ម កសិឧស្សាហកម្ម ពាណិជ្ជកម្ម និងធានាបានសន្តិសុខនិងសណ្តាប់ធ្នាប់ល្អប្រសើរ។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពតដែលមានតម្លៃ១៤០លានដុល្លារ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កាស៊ីណូមិនអនុញ្ញាតឱ្យបើកនៅក្នុងខេត្តកែបនិងខេត្តកំពតឡើយ លើកលែងនៅលើភ្នំបូកគោ និងតំបន់ព្រំដែន។
ភ្នំបូកគោមានកាស៊ីណូមួយកន្លែង ដែលមានឈ្មោះថា ឋានសួគ៌បូកគោ(Thansur Bokor) ដែលគ្រប់គ្រងដោយក្រុមហ៊ុន សុខាអូតែល របស់លោក សុខ គង់។
យោងតាមការចុះផ្សាយរបស់ខេមបូចា កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឲ្យដឹងថា អគារដែលមានទីតាំងនៅខាងក្រោយសណ្ឋាគារ ដែលគ្រប់គ្រងដោយក្រុមហ៊ុនសូគីម៉ិច Investment Group របស់លោក សុខ គង់ ត្រូវបានបណ្តាញក្រុមហ៊ុនឆបោកយាមកាមយ៉ាងតឹងរ៉ឹង និងប្រើប្រាស់ពាក់ ព័ន្ធនឹងការជួញដូរមនុស្ស។ទោះបីជាយ៉ាងណា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២ ០២៤ ក្រុមហ៊ុន Sokha Hotels & Resorts និង Sokimex Group បានផ្ញើលិខិតមកខេមបូចា ពោលគឺ រយៈពេលជាងមួយឆ្នាំ ក្រោយពីការចុះផ្សាយអត្ថបទ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយបដិសេធថា ក្រុមហ៊ុនពុំបានដឹង និងពុំដែលឮទាល់តែសោះថា មានការជួញដូរមនុស្សនៅលើ ភ្នំបូកគោដូចការចុះផ្សាយរបស់ខេមបូចានោះទេ៕