តុលាការខេត្ត​​កោះកុង​​ផ្តន្ទា​​ទោស​​សកម្មជន​ដីធ្លី​​១០នាក់​​ឲ្យ​​ជាប់ពន្ធ​នា​គារ​​រយៈ​​ពេល​​មួយ​​ឆ្នាំ​​

តុលាការខេត្ត​កោះកុង​បាន​កាត់ទោស​សកម្មជន​ដីធ្លី​ចំនួន១០នាក់​ឱ្យ​ជាប់ពន្ធ​នា​ គារ​រយៈពេល​មួយឆ្នាំ​ និង​បង្គាប់​ឱ្យ​ពួកគេ​សងជំងឺចិត្ត​ឧកញ៉ា​ ហេង​ ហ៊ុយ​ ចំនួន១០​.០០០ដុល្លារ​ ពី​បទ​បរិហារ​បង្កាច់​​កេរ្តិ៍​ និង​បទ​​ញុះញង់​ឲ្យ​​មាន​​ភាព​​វឹកវរ​ធ្ងន់ធ្ងរ​​ដល់​​​សន្តិ​​សុខ​​សង្គម​​។​

យោង​​តាម​​អង្គការ​​សិទ្ធិ​​មនុស្ស​​លី​កាដូ​បាន​​ឲ្យ​​ដឹង​​ថា​​ សកម្មជន​​ម្នាក់​​ក្នុង​​ចំណោម​​សកម្មជន​ទាំង​​នោះ​​ ​ទទួល​​បាន​​ការ​​ព្យួរ​​ទោស​ ខណៈ​​បី​​នាក់​​ទៀត​​កំពុង​​ជាប់​​ពន្ធ​នា​​គារ​​រួច​​ហើយ​។​អង្គការ​លី​កាដូ​បាន​ឲ្យ​​ដឹង​​ថា​ ការ​កាត់ទោស​កាល​​ពី​​រសៀល​ថ្ងៃអង្គារ​ (១៥​ សីហា​) ធ្វើ​​ឡើង​ចំ​ពេល​មាន​ដីកា​ចាប់ខ្លួន​និង​ផ្តន្ទា​​ទោស​ជាបន្តបន្ទាប់​របស់​តុលាការ​លើ​​សកម្ម​​ជន​ដីធ្លី​ខេត្តកោះកុង​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ​។​អង្គការ​​នេះ​​បាន​​ប្រាប់​​​ឈ្មោះ​​សកម្ម​​ជន​​​ទាំង​​១០​​នាក់​​ដែល​​ត្រូវ​​បាន​​ផ្តន្ទា​​ទោស​​កាល​​​​ពី​​ថ្ងៃ​​ព្រហស្បតិ៍​​ថា​ មាន​​ឈ្មោះ​លោក​ ឆាន់​ ឈឿន​ អ្នកស្រី​ ដេ​ត​ ហួរ​ អ្នកស្រី​ អើប​​ វី​ អ្នក​​ស្រី​ អឹប​​ តឹង​​ លោក​ ហេង​ ជៃ​​ អ្នក​​ស្រី​ អ៊ិ​ន​ ធូ​  អ្នក​​ស្រី​ កើត​​ នៅ​ លោក​ គង់​ ម៉ែ​ន​ លោក​ ពួ​ ហួន​ និង​លោក​ សុខ​ ជៃ​​។​អង្គការ​លី​កាដូ​ បាន​បន្ថែម​​ថា​ ពួកគាត់​​ត្រូវ​​បាន​​ផ្តន្ទា​​ទោស​​ឲ្យ​​ជាប់ពន្ធ​នា​គារ​រយៈ​​ពេល​​មួយឆ្នាំ​ក្នុង​​ម្នាក់​​ៗ​​ ហើយ​តុលាការ​​បាន​​បង្គាប់​ឱ្យ​ពួកគាត់​​រួម​​គ្នា​​សងជំងឺចិត្ត​ឧកញ៉ា​​ ហេង​ ហ៊ុយ​ ចំនួន៤០លាន​រៀល​ ពី​បទ​បរិហារ​បង្កាច់​​កេរ្តិ៍​ និង​ញុះញង់​ឱ្យ​មាន​​ភាព​​វឹកវរ​​ធ្ងន់​​ធ្ងរ​​ដល់​​សន្តិសុខ​សង្គម​។​អ្នកស្រី​ ដេ​ត​ ហួរ​ លោក​ ហេង​ ជៃ​​ និង​លោក​ សុខ​ ជៃ​​ ត្រូវ​​បាន​​ចាប់​​ខ្លួន​​កាល​​ពី​​ថ្ងៃ​​ទី​​២៩​ ខែ​​មិថុនា​ ពេល​​ធ្វើ​​ដំណើរ​​មក​​ភ្នំពេញ​ ​ដើម្បី​​ដាក់​​ញត្តិ​។​ អ្នក​​ស្រី​ អើប​​ វី​​ ទទួល​បាន​​ការ​​ព្យួរទោស​​ទាំងស្រុង​​។​ មិន​​មាន​​ដីកា​​ចាប់​​ខ្លួន​​សម្រាប់​​សកម្មជន​​​៦​​នាក់​​ផ្សេង​​ទៀត​ ​ដែល​​​គេ​​រំពឹង​​ថា​​ នឹង​​បន្ត​​នៅ​​ក្រៅ​​ពន្ធនាគារ​​ ខណៈ​​​​រង់ចាំ​​​ប្តឹង​​ឧទ្ធរណ៍​នឹង​​សេចក្តី​​សម្រេច​​នេះ​។​អង្គការ​លី​កាដូ​បាន​លើក​​ឡើង​​ថា​ សមាជិក​សហគមន៍​ប្រហែល៦០​​នាក់​បា​នប្រ​​មូល​​ផ្តុំគ្នា​នៅមុខ​​តុលាការ​ ដើម្បី​គាំទ្រ​សកម្មជន​ទាំង​​នោះ​​ អំឡុង​ពេល​តុលាការ​​កាត់ទោស​ពួកគាត់​​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​សំណុំរឿង​នេះ​ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​​ ហេង​ ហ៊ុយ​ ដែល​បាន​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​ជិត២០០គ្រួសារ​ តាំងពី​ឆ្នាំ២០០៧​ នៅ​ឃុំ​ជីខក្រោម​ និង​ឃុំ​ជីខលើ​ ក្នុង​​ស្រុកស្រែ​អំបិល​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​