យោងតាមការចុះបញ្ជីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបង្ហាញថា ភាគច្រើននៃអ្នកសង្កេតការណ៍ជាតិសម្រាប់ការបោះឆ្នោតនៅខែកក្កដានេះ គឺមកពីអង្គការ ដែលមានទំនាក់ទំនងជាមួយគណបក្សកាន់អំណាច។
យោងតាមសេចក្តីប្រកាសព័ត៌មាននាពេលថ្មីៗនេះ ដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានអង្គការជាង៦៥បានចូលរួមដាក់អ្នកសង្កេតការណ៍ ដើម្បីឃ្លាំមើលការបោះឆ្នោតជាតិ។
ប៉ុន្តែអង្គការធំៗចំនួនបួន បានដាក់អ្នកសង្កេតការណ៍ច្រើនជាងគេដែលក្នុងនោះមានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សហព័ន្ធនិស្សិតបញ្ញវ័ន្តប្រជាធិបតេយ្យកម្ពុជា សហភាពសហព័ន្ធយុវជន និងគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រេល)។
អង្គការទាំងបួននេះបានដាក់អ្នកសង្កេតការណ៍សរុបជាង៩០ភាគរយនៅក្នុងចំណោមចំនួនអ្នកសង្កេតការណ៍ទាំងអស់ចាប់តាំងពីឆ្នាំ២០១៧ ហើយអង្គការបីក្នុងចំណោមអង្គការទាំងនោះមានទំនាក់ទំនងជាមួយគណបក្សកាន់អំណាច ដែលមានន័យថា យ៉ាងហោចណាស់៨០ភាគរយនៃអ្នកសង្កេតការណ៍សរុបនៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះ មានទំនាក់ទំនងជាមួយរដ្ឋាភិបាល។
អង្គការធំៗទាំងបួន
អ្នកសង្កេតការណ៍ជាតិមានភារកិច្ចចុះសង្កេតការណ៍តាមការិយាល័យបោះឆ្នោតនៅថ្ងៃបោះឆ្នោត គឺនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំនេះ ហើយពិនិត្យមើលពីភាពមិនប្រក្រតីណាមួយទាំងនៅក្នុងដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតបន្ទាប់ពីបញ្ចប់ដំណើរការបោះឆ្នោត។
ចំនួនអ្នកសង្កេតការណ៍បានកើនឡើងចាប់តាំងពីការបោះឆ្នោតឆ្នាំ២០១២ និងឆ្នាំ២០១៣ ប៉ុន្តែពួកគេច្រើនមកពីអង្គការធំៗ ខណៈអង្គការតូចៗបានដាក់អ្នកសង្កេតការណ៍តិចតួចប៉ុណ្ណោះ។
អំឡុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២ និងការបោះឆ្នោតជាតិឆ្នាំ២០១៣
គណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ (ខុមហ្វ្រេល) ជាអង្គការក្រៅរដ្ឋាភិបាល គឺជាអង្គការដែលបានដាក់អ្នកសង្កេតការណ៍ច្រើនបំផុតក្នុងចំណោមអ្នកសង្កេតការណ៍បោះឆ្នោត ដោយបានចុះឈ្មោះអ្នកសង្កេតការណ៍ចំនួន៥.៧៦៣នាក់ក្នុងឆ្នាំ២០១២ និង៦.៨៤២នាក់ក្នុងឆ្នាំ២០១៣។
សហព័ន្ធនិស្សិតបញ្ញវ័ន្តប្រជាធិបតេយ្យកម្ពុជាឈរនៅលេខរៀងបន្ទាប់ ដោយបានដាក់អ្នកសង្កេតការណ៍ចំនួន ៣.១២៩នាក់ក្នុងឆ្នាំ២០១២និង៤.៥០៨នាក់ក្នុងឆ្នាំ២០១៣។ អគ្គលេខាធិការនៃសហព័ន្ធនិស្សិតបញ្ញវ័ន្តប្រជាធិបតេយ្យកម្ពុជា គឺលោក សាន វិសាល ដែលជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។
ទិដ្ឋភាពនេះបានផ្លាស់ប្តូរនៅក្នុងការបោះឆ្នោតបន្ទាប់ក្នុងឆ្នាំ២០១៧ ដែលគេឃើញមានវត្តមានអ្នកសង្កេតការណ៍មកពីសហភាពសហព័ន្ធយុវជន និងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជាអង្គការពីរដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៨ និងមានគោលដៅចូលរួមកសាងប្រទេសកម្ពុជាឡើងវិញ។
អង្គការទាំងពីរនេះ គឺជាអង្គការដែលបានដាក់អ្នកសង្កេតការណ៍ច្រើនបំផុតចាប់ពីឆ្នាំ២០១៧ និងនៅក្នុងការបោះឆ្នោតនាពេលខាងមុខ ហើយអង្គការទាំងពីរនេះមានទំនាក់ទំនងជ្រាលជ្រៅជាមួយរដ្ឋាភិបាល។
សហភាពសហព័ន្ធយុវជន (UYFC) ដឹកនាំដោយលោក ហ៊ុន ម៉ានី កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំណែកប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ (CWPD) គឺឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន។
សមាជិកគណបក្សភ្លើងទៀនជាបក្សប្រឆាំង ដែលត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងការបោះឆ្នោតនាពេលខាងមុខ បានលើកឡើងថា អ្នកសង្កេតការណ៍ឥឡូវនេះគ្រាន់តែជា “ការប្រថាប់ត្រា” ប៉ុណ្ណោះ ជាដំណើរការមួយដែលថា ជ័យជម្នះរបស់គណបក្សកាន់អំណាចត្រូវបានធានាស្ទើរតែទាំងស្រុងរួចទៅហើយ។
សហភាព សហព័ន្ធយុវជនកម្ពុជា
កំណត់សម្គាល់៖ ទិន្នន័យចុងក្រោយបង្អស់ដែលអាចរកបានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ គឺមានចាប់ពីខែឧសភា រយៈពេលពីរខែមុនការបោះឆ្នោតនៅឆ្នាំនោះ ហើយទំនងជាមិនមែនជាចំនួនចុងក្រោយនោះទេ។
អង្គការដែលដាក់អ្នកសង្កេតការណ៍ច្រើនជាងគេចាប់តាំងពីឆ្នាំ២០១៧ គឺសហភាពសហព័ន្ធយុវជនកម្ពុជា។
គោលដៅរបស់ UYFC គឺដើម្បីលើកកម្ពស់ “ការប្រមូលផ្តុំ ការអប់រំ និងរៀនសូត្រពីគ្នាទៅវិញទៅមកក្នុងចំណោមយុវជន ក្នុងការចូលរួមការពារ និងកសាងប្រទេសឡើងវិញ” ហើយជាក់ស្តែង អ្នកស្ម័គ្រចិត្តរបស់ UYFC ត្រូវបានគេប្រទះឃើញជាញឹកញាប់ធ្វើការងារនៅពេលមានព្រឹត្តិការណ៍ដូចជា អង្គរសង្រ្កាន្ត ស៊ីហ្គេម ដែលរៀបចំនៅភ្នំពេញក៏ដូចជាការចែកអំណោយផ្សេងៗដល់ក្រុមគ្រួសារដែលមានប្រាក់ចំណូលទាប។
ទោះបីជា UYFC បានអះអាងថា ខ្លួនគឺជាអង្គការឯករាជ្យក៏ដោយ ក៏មេដឹកនាំរបស់អង្គការនេះ គឺលោក ហ៊ុន ម៉ានី ជាកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយបាននិងកំពុងធ្វើយុទ្ធនាការឱ្យគណបក្សកាន់អំណាចនៅក្នុងការបោះឆ្នោតច្រើនរដូវកាលមកហើយ។
សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍
អ្នកសង្កេតការណ៍ស្ត្រីភាគច្រើនមានទំនាក់ទំនងជាមួយសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ (CWPD) ។ CWPD គឺជាអង្គការក្រៅរដ្ឋាភិបាលដែលផ្តល់សេវាសុខភាពនិងសង្គម ជាអង្គការសប្បុរសធម៌និងជាក្រុមអ្នកស្ម័គ្រចិត្តសម្រាប់ជួយភរិយារបស់អភិបាលខេត្ត ដែលពួកគេសុទ្ធតែជាសមាជិកបក្សកាន់អំណាច។ សមាគមនេះ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន។
លោកស្រី មាច សុធារី ជានាយិកាអង្គការនេះបម្រើការងារនៅក្រសួងកិច្ចការនារីយ៉ាងហោច១៤ឆ្នាំមកហើយ នេះបើតាមឯកសារគម្រោងរបស់ក្រសួង។
សហព័ន្ធ និស្សិត បញ្ញាវ័ន្ត ប្រជាធិបតេយ្យកម្ពុជា
យោងតាម គ.ជ.ប បានឱ្យដឹងថា សហព័ន្ធនិស្សិតបញ្ញវ័ន្តប្រជាធិបតេយ្យកម្ពុជា(CDSIF) ជាទូទៅ គឺជាអង្គការដែលបានដាក់អ្នកសង្កេតការណ៍ធំបំផុតទីបីក្នុងរយៈពេលបួនអាណត្តិចុងក្រោយនេះ ហើយឆ្នាំនេះបានដាក់អ្នកសង្កេតការណ៍ចំនួន ២.៣៦៤នាក់ឬប្រហែល៣ភាគរយ នៃចំនួនអ្នកសង្កេតការណ៍សរុប។
នៅមុនការបោះឆ្នោតនៅឆ្នាំនេះ CDSIFបានប្រកាសពីការគាំទ្ររបស់ខ្លួនចំពោះសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត ដែលទើបអនុម័តថ្មីៗ ដែលដាក់ពិន័យដល់ពលរដ្ឋណាដែលជ្រើសរើសមិនទៅបោះឆ្នោត និងអ្នកដែលញុះញង់ឱ្យអ្នកដទៃបំផ្លាញសន្លឹកឆ្នោត។
CDSIF ក៏ទំនងជាសហការជាមួយ UYFC ដែលមានសម្ព័ន្ធភាពជាមួយរដ្ឋាភិបាល ដោយជាញឹកញាប់បន្តចែករំលែកសារតាមហ្វេសប៊ុក និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្សេងៗ។
លោក សាន វិសាល អគ្គលេខាធិការសមាគមនេះ គឺជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ហើយបាននិងកំពុងធ្វើយុទ្ធនាការយ៉ាងច្រើនសម្រាប់គណបក្សប្រជាជនកម្ពុជា នេះបើយោងតាមទំព័រហ្វេសប៊ុករបស់លោក។
អង្គការខុមហ្វ្រេល
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) ដាក់អ្នកសង្កេតការណ៍បោះឆ្នោត និងវាយតម្លៃភាពមិនប្រក្រតី និងបញ្ហាក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត និងរដូវកាលបោះឆ្នោត។
គួរឲ្យកត់សម្គាល់ អង្គការនេះមិនបានចូលរួមក្នុងការឃ្លាំមើលការបោះឆ្នោតជាតិឆ្នាំ២០១៨ទេ បន្ទាប់ពីគណបក្សសង្គ្រោះជាតិជាគណបក្សប្រឆាំងដ៏ធំនៅកម្ពុជាត្រូវបានតុលាការរំលាយ ហើយក្រោយមក អង្គការនេះបានដាក់អ្នកសង្កេតការណ៍ត្រឹមតែ២៦នាក់ប៉ុណ្ណោះនៅក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២។
អង្គការនេះបន្តដាក់អ្នកសង្កេតការណ៍ឡើងវិញសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ ប៉ុន្តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចោទប្រកាន់អង្គការខុមហ្វ្រែលថា មានសមានចិត្តចំពោះមេដឹកនាំគណបក្សភ្លើងទៀន។
អង្គការផ្សេងៗទៀត
ក្រៅពីអង្គការធំៗទាំងបួន ភាគច្រើននៃអង្គការដែលបានចុះបញ្ជីដាក់អ្នកសង្កេតការណ៍បោះឆ្នោត គឺជាអង្គការតូចៗ ដោយដាក់អ្នកស្ម័គ្រចិត្តពីពីរទៅបីរយនាក់ដើម្បីសង្កេតមើលសកម្មភាពបោះឆ្នោត។
អង្គការទាំងនេះគឺជាក្រុមអង្គការដែលផ្តោតលើការងារដាច់ដោយឡែក ដែលមានឈ្មោះដូចជា “អង្គការសុខភាពផ្លូវចិត្តបែបបុរាណនិងសម័យ” និង “សមាគមសហព័ន្ធវិនិយោគិនកម្ពុជា”។ ក្រៅពីអ្នកសង្កេតការណ៍ជាតិ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក៏ចុះបញ្ជីអ្នកសង្កេតការណ៍អន្តរជាតិផងដែរ។ រដ្ឋាភិបាលបរទេសរួមមាន សហរដ្ឋអាមេរិក ជប៉ុន និងសហភាពអឺរ៉ុប និងប្រទេសជាសមាជិកឈប់បញ្ជូនអ្នកសង្កេតការណ៍អន្តរជាតិបន្ទាប់ពីឆ្នាំ២០១៨ ហើយនៅឆ្នាំនេះ រដ្ឋាភិបាលកម្ពុជាជាជំនួសមកវិញគ្រោងស្វាគមន៍អ្នកសង្កេតការណ៍ពីអង្គការពហុជាតិសាសន៍ដូចជាបណ្តាញជំនាញបោះឆ្នោតនិយាយភាសាបារាំង (the French Speaking Electoral Skills Network) និងសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច (Economic Community of West African States)។
សហព័ន្ធរុស្ស៊ីក៏បានសន្យាថា នឹងបញ្ជូនអ្នកសង្កេតការណ៍ផងដែរ នេះបើយោងតាមបណ្តាញអាស៊ីសម្រាប់ការបោះឆ្នោតដោយសេរី។
គណបក្សនយោបាយក៏ផ្តល់ភ្នាក់ងារអង្កេតការណ៍ដែលឃ្លាំមើល និងចុះហត្ថលេខាទទួលស្គាល់លទ្ធផលរាប់សន្លឹកឆ្នោត ជាផ្នែកមួយផ្សេងទៀតដែលនាំមុខដោយគណបក្សកាន់អំណាច៕