បេក្ខជនចំនួន ១ ៦១៤នាក់ មកពីគណបក្សនយោបាយចំនួន១៨ នឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ដោយក្នុងនោះវិសមភាពយេនឌ័រ និងអតុល្យភាពនៃបេក្ខភាពជាស្ត្រី នៅតែបន្តកើតមានឡើង។ គណបក្សកាន់អំណាចមានបេក្ខភាពជាស្ត្រីតែ ១៦នាក់ប៉ុណ្ណោះ ក្នុងចំណោមបេក្ខភាពចំនួន ១២៥រូប ខណៈការបោះឆ្នោតនៅខេត្តកែប ឬខេត្តប៉ៃលិន មានអំណាចច្រើនជាងការបោះឆ្នោតនៅភ្នំពេញ ៣ដង។
បេក្ខជនវ័យចំណាស់
យោងតាមជំរឿនឆ្នាំ២០១៩ ក្នុងនោះគេសង្កេតឃើញថា ៨០% នៃប្រជាជនកម្ពុជាមានអាយុតិចជាង ៤៨ឆ្នាំ ខណៈ ៥៦% មានអាយុក្រោម ៣០ឆ្នាំ។ សម្រាប់គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច ហាក់មានសមាជិកដែលមានអាយុចាស់ជាងគេក្នុងចំណោមគណបក្សដែលត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែង ដោយបេក្ខជនភាគច្រើនមានអាយុ ៦៩ឆ្នាំ (១៤នាក់) និងជាមធ្យមមានអាយុលើសពី ៦៣ឆ្នាំ។
ប្រធានរដ្ឋសភា លោក ហេង សំរិន មានវ័យចំណាស់ជាងគេក្នុងគណបក្ស (៨៩ឆ្នាំ គិតត្រឹមថ្ងៃបោះឆ្នោត) និងបន្ទាប់មកគឺរដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង លោក គង់ សំអុល ដែលមានអាយុ ៨៦ឆ្នាំ នេះបើតាមបញ្ជីផ្លូវការដែលចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជាភាគច្រើនទៀត គឺស្ថិតនៅក្នុងវ័យ ៧០ឆ្នាំ ដែលក្នុងនោះរួមមាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានវ័យ ៧០ឆ្នាំ គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង មានអាយុ ៧២ឆ្នាំ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ មានវ័យ ៧៧ឆ្នាំ។
ក្រៅពីនោះ សមាជិកគណបក្សប្រជាជនកម្ពុជា ដែលអាចហៅបានថាជាជំនាន់ថ្មីក្នុងវ័យ ៤០ឆ្នាំនោះ រួមមានរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ (៤៣ឆ្នាំ) រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ (៤៤ឆ្នាំ) កូនប្រុសលោក ស ខេង លោក ស សុខា (៤២ឆ្នាំ) កូនប្រុសលោក ទៀ បាញ់ លោក ទៀ សីហា (៤២ឆ្នាំ) កូនប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត (៤៥ឆ្នាំ) ដែលរំពឹងថានឹងឡើងតំណែងជានាយករដ្ឋមន្ត្រី នាពេលអនាគត និងលោក ហ៊ុន ម៉ានី (៤០ឆ្នាំ) ដែលមានតំណែងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
រដ្ឋមន្ត្រី ២រូប រួមមាន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន មានអាយុ៥៧ឆ្នាំ និងរដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត មានអាយុ៥១ឆ្នាំ ខណៈបេក្ខជនក្មេងជាងគេរបស់គណបក្សប្រជាជនកម្ពុជា គឺតំណាងរាស្ត្រមណ្ឌលកំពង់ធំ លោក យឹម លាត អាយុ ៣៦ឆ្នាំ។
គណបក្សយុវជនកម្ពុជា អាចចាត់ទុកថាជាគណបក្សដែលមានបេក្ខជនក្មេងជាងគេដែលមានអាយុជាមធ្យម ៣៩ឆ្នាំ ខណៈមធ្យមភាគក្នុងចំណោមគណបក្សទាំងអស់មានអាយុ ៤៨ឆ្នាំ។
បេក្ខជនជាច្រើនរូបមកពីគណបក្សជនជាតិដើមប្រជាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សធម្មាធិបតេយ្យ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែរឈប់ក្រ និងគណបក្សស្ត្រីដើម្បីស្ត្រី មានអាយុ២៥ឆ្នាំ ដែលជាអាយុក្មេងជាងគេក្នុងចំណោមបេក្ខជន។ លោក ចាប ហាន (មានអាយុ ៩០ឆ្នាំ) មកពីគណបក្សសញ្ជាតិកម្ពុជា មានវ័យចំណាស់ជាងគេក្នុងចំណោមបេក្ខជនទាំងអស់។
Candidate Ages by Party
Candidate Ages by Province
វិសមភាពយេនឌ័រ
តំណាងជាស្ត្រីនៅក្នុងរដ្ឋសភា ហាក់កំពុងតែដើរថយក្រោយ។ គណបក្សប្រជាជនកម្ពុជា ដែលត្រូវបានរំពឹងថានឹងទទួលបានអាសនៈច្រើនបំផុតក្នុងខែកក្កដា ក្នុងអំឡុងពេលអវត្តមានគូប្រជែងចម្បងនោះ បានជ្រើសរើសបេក្ខភាពជាស្ត្រីតែ ១៦នាក់ប៉ុណ្ណោះក្នុងចំណោម ១២៥នាក់ ឬ ១៣% នៃចំនួនសរុប។
ចំនួននេះធ្លាក់ចុះពីសមាជិកសភាជាស្ត្រីនៃគណបក្សប្រជាជនកម្ពុជាចំនួន ២៦រូប។ បច្ចុប្បន្នតំណាងរាស្ត្រខេត្តក្រចេះ ២នាក់ ក្នុងចំណោម ៣នាក់ ជាស្ត្រី។ ទោះជាយ៉ាងណា គណបក្សប្រជាជនកម្ពុជា មិនបានដាក់បេក្ខជនទាំង ២នាក់នេះជាបេក្ខជននៅឆ្នាំ២០២៣នោះទេ ដោយជំនួសមកវិញនូវតំណាងខេត្តទាំងអស់ជាបុរស។
ជាមួយគ្នានេះ តំណាងរាស្រ្តជាស្ត្រីទាំងអស់មកពីខេត្តបាត់ដំបង កំពង់ចាម កំពង់ធំ និងពោធិ៍សាត់ ក៏អវត្តមានក្នុងបញ្ជីសម្រាប់អាណត្តិនេះផងដែរ។ រាជធានីភ្នំពេញ ក៏បានបាត់សមាជិកសភាជាស្ត្រីចំនួន ៣នាក់ ក្នុងចំណោមសមាជិកសភាចំនួន ៥នាក់ ក្នុងបញ្ជីបេក្ខជនចុងក្រោយរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។
នៅឆ្នាំ២០២០ រដ្ឋសភា បានចេញរបាយការណ៍មួយដោយកោតសរសើរ ចំពោះការកើនឡើងនៃចំនួនតំណាងរាស្រ្តជាស្ត្រីពី ៧នាក់ ក្នុងឆ្នាំ១៩៩៣ ដល់ ២៦នាក់ក្នុងឆ្នាំ២០១៨។ របាយការណ៍ដដែល បន្តថា យុទ្ធសាស្ត្ររបស់រដ្ឋាភិបាល បានផ្តល់អាទិភាពដល់ការលើកកម្ពស់ស្ត្រីក្នុងចំណោមអ្នកដឹកនាំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
របាយការណ៍បានលើកឡើងថា៖ «ការលើកកម្ពស់សមភាពយេនឌ័រក្នុងមុខតំណែងជាអ្នកដឹកនាំគឺជាកត្តាសំខាន់ក្នុងការដោះស្រាយវិសមភាព និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា»។
ក្នុងចំណោមគណបក្សផ្សេងទៀត គណបក្សហ៊្វុនស៊ិនប៉ិច មានស្ត្រីមិនដល់ ៦% នោះទេ ខណៈគណបក្សស្ត្រីដើម្បីស្ត្រី មាន ៧៨%។ សរុបមក បេក្ខជន ៣២% ជាស្ត្រី។
Women Candidates by Party
Women Candidates by Province
ការបោះឆ្នោតមិនស្មើភាពគ្នា
ការបែងចែកអាសនៈរដ្ឋសភារបស់កម្ពុជាមានការផ្លាស់ប្ដូរបន្តិចបន្តួចចាប់តាំងពីឆ្នាំ ១៩៩៣ មក។ ខេត្តកែប ឧត្តរមានជ័យ និងប៉ៃលិនត្រូវបានបន្ថែមមួយអាសនៈថ្មីរៀងៗខ្លួន ខណៈខេត្តព្រះសីហនុបានបន្ថែមពី ១ ទៅ ៣។ ខេត្តកំពង់ចាមត្រូវបានបែងចែងទៅកាន់ខេត្តត្បូងឃ្មុំ ខណៈខេត្តផ្សេងទៀតនៅរក្សាស្ថានភាពដដែល។
ទោះជាយ៉ាងណា នៅចន្លោះជំរឿនឆ្នាំ១៩៩៨ និងឆ្នាំ២០១៩ រាជធានីភ្នំពេញ មានប្រជាជនកើនឡើងជាងទ្វេដង (ពី ១លានទៅ ២,៣លាននាក់) ខណៈដែលខេត្តធំៗផ្សេងទៀត ដូចជា កំពង់ចាម កណ្តាល និងព្រៃវែង បានកើនឡើងត្រឹមតែ ៤% ទៅ ១២% ប៉ុណ្ណោះ។
ករណីនេះ មានន័យថា រាជធានីភ្នំពេញ មានអាសនៈក្នុងចំនួនប្រជាជនតិចជាងតំបន់ផ្សេងទៀតនៃប្រទេស។
នៅទូទាំងប្រទេស អាសនៈរដ្ឋសភា មានប្រហែលមួយក្នុងចំណោមប្រជាជន ១២៤ ០០០នាក់។ ករណីនេះធ្វើឱ្យអាសនៈទាំង១២ របស់រាជធានីភ្នំពេញ សមាមាត្រនឹងប្រជាជនត្រឹមតែ ១,៥លាននាក់ប៉ុណ្ណោះ ដូច្នេះហើយ ដើម្បីធ្វើឱ្យរាជធានីភ្នំពេញមានតំណាងពេញលេញ នោះគឺត្រូវការអាសនៈចំនួន១៨ ក្នុងសភា។
សម្រាប់សន្លឹកឆ្នោតនៅតាមបណ្តាខេត្តតូចៗមានចំនួនច្រើន ដែលក្នុងនោះរួមមាន ខេត្តកែប និងប៉ៃលិន ដែលមានអាសនៈនីមួយៗសម្រាប់ប្រជាជនរបស់ពួកគេចំនួន ៤២ ០០០នាក់ និង ៧៥ ០០០នាក់៕