ព្រះមហាក្សត្រ​​​ចេញ​​​ព្រះរាជ​​ក្រឹត្យ​​​ត្រាស់​​បង្គាប់​​​បញ្ចប់​​​គោរម​​​ងារ​​​ឧកញ៉ា​​ ៤រូប​

ព្រះករុណា​​ព្រះបាទ​​សម្តេច​​ព្រះ​​បរមនាថ​​ នរោត្តម​​ សីហ​​មុនី​​ ចេញ​​​ព្រះរាជ​​ក្រឹត្យ​​ ត្រាស់​​​បង្គាប់​​​បញ្ចប់​​​គោរម​​​ងារ​​​ឧកញ៉ា​​ ពី​​​ឧកញ៉ា​​​ ចំនួន​ ៤រូប​។​

យោង​​​តាម​​​ព្រះរាជ​​ក្រឹត្យ​​​ចុះ​​​ថ្ងៃទី​​​៣១​​​ ខែឧសភា​​ ឆ្នាំ​​​២០២៤​​ ​ឧកញ៉ា​ចំនួន​ ៤រូប​ ដែល​​​ត្រូវ​បាន​បញ្ចប់​​​គោរម​​​ងារ​ខាងលើ​រួមមាន​៖​​ ១​. ឧកញ៉ា​ ពូ​ សុធី​រៈ​ ២​. ឧកញ៉ា​ តាំង​ ងួន​សុង​ ៣​. ឧកញ៉ា​ សំ​ ប៊ន​ និង​ ៤​. ឧកញ៉ា​ ឌី​ បញ្ញា​។​

ការ​​​បញ្ចប់​​​គោរម​​​ងារ​​​នេះ​​​ ធ្វើ​​​ឡើង​​​តាម​​​សេចក្តី​​​ក្រាប​​​បង្គំ​​​ទូល​​​ថ្វាយ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​ ហ៊ុន​​ ម៉ា​​ណែ​​ត​​​។​​​​ ទោះបី​​ជា​យ៉ាងណា​ ព្រះរាជ​​ក្រឹត្យ​ មិនបាន​បញ្ជាក់​ពី​មូលហេតុ​ណាមួយ​នៃ​ការ​បញ្ចប់​គោរមងារ​ឧកញ៉ា​ពី​បុគ្គល​ទាំង​​ ៤​ រូប​នេះ​ឡើយ​។​

កាលពី​​​ថ្ងៃទី១៤​​ ខែ​​​មីនា​​ ឆ្នាំ​​​២០២៤​​ លោក​​ សាយ​​ ឈុំ​​ ដែល​​​កាលនោះ​​ជា​​​ប្រមុខ​​​រដ្ឋ​​​ស្តីទី​​​បាន​​​ចេញ​​​ព្រះរាជ​​ក្រឹត្យ​​​បញ្ចប់​​​គោរម​​​ងារ​​​ឧកញ៉ា​​ពី​​​ឧកញ៉ា​​​ ឡេង​​ ចាន់​​ណា​​ បន្ទាប់ពី​​​ឧកញ៉ា​​ ឡេង​​ ចាន់​​ណា​​ និង​​​បក្ខពួក​​រង​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​ប្រជា​​​ពលរដ្ឋ​​​ថា​​ បាន​​​ឆបោក​​​ប្រាក់​​​របស់​​​ពួកគាត់​​​រាប់​​លាន​​ដុល្លារ​​​​​។​ 

កាលពី​​​ថ្ងៃទី១១​​ ខែមេសា​​​ ឆ្នាំ​​​២០២៤​​​  ព្រះមហាក្សត្រ​​​បាន​​​ត្រាស់​​​បង្គាប់​​​បញ្ចប់​​គោរម​​​ងារ​​​ឧកញ៉ា​​​ពី​​​ឧកញ៉ា​​ ជា​​ សា​​រ៉ន​​ ជា​​​អគ្គនាយក​​​ក្រុម​​​​ហ៊ុន​​ ជា​​ សា​​រ៉ន​​ រៀល​​ធី​​ ឯ​​.ក​​ ដែល​​​​តាម​​​ចោទ​​​ថា​​ ជាប់​​​ពាក់ព័ន្ធ​​ នឹង​​​ករណី​​​ឆបោក​​​​ប្រជា​​​ពលរដ្ឋ​​​ជាង​​ ​២​​ ៤០​​​០​​​គ្រួសារ​​​​​។​​​ 

កាលពី​​​ថ្ងៃទី​​​២០​​​ ខែមិថុនា​​ ឆ្នាំ​​​២០២៤​​ ​ព្រះ​​មហា​​​ក្សត្រ​ក៏​​​បាន​​​ត្រាស់​​​បង្គាប់​​​បញ្ចប់​​​គោរម​​​ងារ​​​ឧកញ៉ា​​ ពី​​ឧកញ៉ា​​​ ស្រី​​ ស៊ី​​ណា​​ បន្ទា​​​ប់​​​ពី​​​មាន​​​ករណី​​​បាញ់​​​ប្រហារ​​​បណ្តាល​​​ឱ្យ​​​មនុស្ស​​​ពីរ​​​នាក់​​​ស្លាប់​​ ​និង​​ពីរ​​នាក់​​ផ្សេង​​​​ទៀត​​​រង​​របួស​​។​

គោរមងារ​​​​​ជា​​​​​ឧកញ៉ា​​​​​នៅ​​​​​កម្ពុជា​​​​​ មាន៣ថ្នាក់​​​​​ គឺ​​​​​ឧកញ៉ា​​​​​ អ្នកឧកញ៉ា​​​​​ និង​​​​​លោកអ្នកឧកញ៉ា​​​​​។​​​​​ បច្ចុប្បន្ន​​​​​ ដើម្បី​​​​​ទទួល​​​​​បាន​​​​គោរម​​​​​ងារ​​​​​ជា​​​​​ឧកញ៉ា​​​​​ ដរាបណា​​​​​បុគ្គល​​​​​នោះ​​​​​ បាន​​​​​បរិច្ចាគ​​​​​ថវិកា​​​​​លើស​​​​​កម្ម​​​​​ភាព​​​​​មនុស្សធម៌​​​​​ជួយ​​​​​សង្គម​​ ​​​ចាប់ពី៥០ម៉ឺន​​​​​ដុល្លារ​​​​​ឡើង​​​​​ទៅ​​​​​ ខណៈ​​​​​​មុន​​​​​ថ្ងៃទី២០​​​​​ ខែមីនា​​​​​ ឆ្នាំ២០១៧​​​​​ ​គោរមងារ​​​​​ «​ឧកញ៉ា​​​​​​» តម្រូវ​​​​​​ត្រឹមតែ​​​​​​ ១០​​​​​​ម៉ឺន​​​​​​ដុល្លារ​​​​​​ប៉ុណ្ណោះ​​​​​ នេះ​​​​បើ​​​​​​យោង​​​​តាម​​​​​​អនុក្រឹត្យ​​​​​​​លេខ​​​​​ ៤៣​​​​​ អន​​​​​ក្រ​​​​​.បក​​​​​ ចុះ​​​​​ថ្ងៃទី២០​​​​​ ខែមីនា​​​​​ ឆ្នាំ២០១៧​​​​​៕​​​​​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​