មន្រ្តីនគរបាលចំនួន៤រូប នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងនាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្ត្រ ត្រូវបានដកហូតមុខតំណែង ឱ្យមកជាមន្រ្តី ដោយសារតែល្មើសវិន័យនគរបាលជាតិកម្ពុជា។
យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះកាលបរិច្ឆេទថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ដែលត្រូវបានផ្សព្វផ្សាយដោយបណ្តាញព័ត៌មានក្នុងស្រុក ឱ្យដឹងថា ក្រសួងមហាផ្ទៃ បានសម្រេចអនុវត្តវិន័យចំពោះមន្រ្តីនគរបាលចំនួន ៤រូប តាមរូបភាពដកហូតមុខតំណែង ដោយមូលហេតុល្មើសវិន័យនគរបាលជាតិកម្ពុជា។
ប្រកាសដដែលបន្តថា មន្រ្តីនគរបាលចំនួន៤រូប ដែលត្រូវបានដកហូតមុខតំណែងឱ្យមកជាមន្ត្រីនេះ រួមមាន លោកឧត្តមសេនីយ៍ទោ សុខ សុមនោ, លោកឧត្តមសេនីយ៍ទោ ភូ សុផល, លោកឧត្តមសេនីយ៍ត្រី ឆយ គឹមឡេង ដែលអ្នកទាំង៣ មានតំណែងជា អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ខណៈមួយរូបទៀត គឺលោកវរសេនីយ៍ឯក អ៊ន លុច ជានាយរងការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។
កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរភារកិច្ចមន្ត្រីនគរបាលចំនួន ៥០រូប ចេញពីលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ទៅកាន់បណ្តានាយកដ្ឋាននិងអង្គភាពចំនួន១០ ចំណុះឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិវិញ បន្ទាប់ពីផ្ទុះរឿងអាស្រូវ ទារប្រាក់១០ម៉ឺនដុល្លារ អំឡុងពេលចុះឆែកឃ្លាំងស្រារបស់ក្រុមហ៊ុនក្នុងស្រុកមួយ៕