​មន្ត្រី​នគរបាល​​​៥០រូប​​ត្រូវ​​បាន​​ផ្ទេរ​​ចេញ​​ពី​អង្គភាព​​របស់​ខ្លួន​​​ បន្ទាប់​​ពី​​ផ្ទុះ​​​រឿង​​​​អា​​ស្រូវ​​​ទារប្រាក់​

ក្រសួងមហាផ្ទៃ​សម្រេច​​ផ្ទេរ​ភារកិច្ច​​មន្ត្រី​នគរបាល​ជាតិ៥០រូប​​ ចេញពី​​អង្គភាព​​របស់​​​ខ្លួន​​ បន្ទាប់ពី​​ផ្ទុះ​​រឿង​​អាស្រូវ​​​ទារ​​ប្រាក់​​១០ម៉ឺន​​ដុល្លារ​​ អំឡុង​​ពេល​​ចុះ​​ឆែក​​ឃ្លាំង​​ស្រា​​របស់​​​ក្រុមហ៊ុន​​ក្នុង​​ស្រុក​​មួយ​ នេះ​​បើ​​យោង​តាម​​សេចក្តី​​រាយការណ៍​​របស់​​​បណ្តាញ​​ព័ត៌មាន​ក្នុង​ស្រុក​ Fresh News ​កាល​​ពី​​ថ្ងៃ​​​ទី​​២៨​ ខែ​​ធ្នូ​ ឆ្នាំ​​២០២៣​​។​

​សេចក្តី​ប្រកាស​របស់​​ក្រសួងមហាផ្ទៃ​ចុះ​ ថ្ងៃទី២២​ ខែធ្នូ​ ឆ្នាំ២០២៣​​ ​និង​​ចុះ​ហត្ថ​លេ​​​ខា​​​ដោយ​លោក​ ស​ សុខា​ ​ឧបនាយក​រដ្ឋមន្ត្រី​និង​​ជា​​​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​​​ឲ្យ​​ដឹង​ថា​ មន្ត្រី​នគរបាល​​ជាតិ​​៥០រូប​ត្រូវ​​បាន​​ផ្ទេរ​​ចេញពី​​​លេខាធិការ​ដ្ឋាន​ នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​​ផលិតផល​ក្លែងក្លាយ​ទៅ​​កាន់​​បណ្តា​នាយកដ្ឋាន​​និង​អង្គភាព​​ចំនួន​​១០​​ ចំណុះ​ឲ្យ​​អគ្គស្នងការ​ដ្ឋាន​​នគរបាល​​ជាតិ​​វិញ​។​​

​សេចក្តី​​ប្រកាស​​របស់​​ក្រសួង​​បាន​​បញ្ជាក់​ថា​ មន្ត្រី​​ទាំង​​៥០រូប​​នោះ​​​ មាន​​​២០រូប​​ផ្ទេរ​​​ទៅ​​​កាន់​​នាយកដ្ឋាន​​នគរបាល​​បង្ការ​ ពន្លត់​អគ្គិភ័យ​ និង​​សង្គ្រោះ​ មាន​​៧រូប​​ផ្ទេរ​​ទៅ​​កាន់​​នាយកដ្ឋាន​​កិច្ច​​ការ​​ប៉ុស្តិ៍​​នគរបាល​​រដ្ឋ​​បាល​​ មាន​​៥រូប​ផ្ទេរ​ទៅ​​នាយកដ្ឋាន​​នគរបាល​​ការពារ​​បេតិកភណ្ឌ​​ មាន​​៤រូប​​​ផ្ទេរ​​ទៅ​​នាយកដ្ឋាន​​អង្គរក្ស​​ មាន​​៤​​រូប​​ផ្ទេរ​​ទៅ​​អង្គភាព​​អន្តរា​ គមន៍​​ មាន​​៤រូប​​ផ្ទេរ​​ទៅ​​អង្គភាព​​តម្រួត​បទបញ្ជា​ មាន​​៣រូប​​ផ្ទេរ​​ទៅ​​នាយកដ្ឋាន​​នគរបាល​​បច្ចេកទេស​​ និង​​វិទ្យាសាស្ត្រ​​។​ 

ក្រៅពី​នេះ​ មាន​​មន្ត្រី​​ ១រូប​​ផ្ទេរ​​ទៅ​​នាយកដ្ឋាន​​នគរបាល​​ការ​​ពារ​ព្រំដែន​​គោក​ មាន​​១រូប​​ផ្ទេរ​​ទៅ​​នាយកដ្ឋាន​ប្រឆាំង​​ការ​​ជួញដូរ​​មនុស្ស​​ និង​​ការពារ​​អនីតិជន​​ និង​​មាន​​១​​រូប​​ផ្ទេរ​​ទៅ​​នាយកដ្ឋាន​​សរុប​​ផែន​​ការ​​។​​ នៅ​​ក្នុង​​ចំណោម​​មន្ត្រី​​ដែល​​ត្រូវ​​ផ្ទេរ​ចេញ​​នេះ​​មាន​​ឋានន្តរស័ក្តិ​​ថ្នាក់​វរសេនីយ៍ត្រី​​១១​​រូប​ ថ្នាក់​វរសេនីយ៍ទោ៣រូប​ ថ្នាក់​​អនុសេនីយ៍ឯក២០រូប​ ថ្នាក់​​អនុសេនីយ៍ទោ​​៩រូប​ ថ្នាក់​អនុសេនីយ៍​ត្រី​​៤រូប​ ថ្នាក់​​ព្រិន្ទ​បាល​ឯក២រូប​ និង​​ថ្នាក់​​ពលបាលត្រី​​១រូប​​។​​

ដោយឡែក​រដ្ឋាភិបាល​​ក៏បាន​​ចេញ​អនុក្រឹត្យ​​​សម្រួល​​ភារកិច្ច​​និង​​តែងតាំង​​មុខ​​តំ​​ណែង​​លោក​ឧត្តមសេនីយ៍​​ឯក​ តាន់​ សុខវិជ្ជា​ ពី​​ប្រធាន​​លេខាធិការ​ដ្ឋាន​ នៃ​គ​ណៈ​កម្មា​ធិការ​ប្រ​ យុទ្ធ​ប្រឆាំង​​ផលិតផល​ក្លែងក្លាយ​ទៅជា​​ទីប្រឹក្សា​ក្រសួង​​មហាផ្ទៃ​​មាន​​ឋានៈ​ស្មើ​​ ប្រធាន​​នាយកដ្ឋាន​​ នេះ​បើ​​យើង​​តាម​​អនុក្រឹត្យ​​មួយ​ចុះ​កាលបរិច្ឆេទ​​កាល​​ពី​​ថ្ងៃទី​​២៦​ ខែធ្នូ​​ ឆ្នាំ​​២០២៣​ និង​​ចុះហត្ថលេខា​ដោយ​​លោកនាយក​រដ្ឋ​​ម​​ន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​។​ ​

ការផ្ទេរ​ចេញ​​នេះ​ កើត​​មាន​​បន្ទាប់ពី​លោក​ គឹម​ ជាតិ​ អនុរដ្ឋ​​លេខាធិការ​ ក្រសួង​​មហាផ្ទៃ​​ និង​​ជា​អនុប្រធាន​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​​ ត្រូវ​​បាន​​ព្រះមហាក្សត្រ​ទ្រង់​ចេញ​ព្រះរាជ​ក្រឹត្យ​​ត្រាស់​បង្គាប់​​បញ្ចប់​​មុ​ខ​តំ​​ណែង​​​​ពី​អនុរដ្ឋ​​លេខាធិការ​​ ក្រសួង​​មហាផ្ទៃ​​ ក្រោយ​​ពី​​រង​ការចោទប្រកាន់​ថា​ បាន​​ទាម​​​​ទារ​​​ប្រាក់​​ចំនួន​​​១០ម៉ឺន​ដុល្លារ​​ ជា​​ថ្នូរ​នឹង​ការ​បើក​​ឲ្យ​​ដំណើរ​​ការ​​អាជីវកម្ម​​​វិញ​ ក្រោយ​​ពី​​​ចុះ​ឆែកឆេរ​ឃ្លាំង​​ស្រា​​មួយ​​កន្លែង​​របស់​​ក្រុម​​ហ៊ុន​​ ឈីវ​ ទី​ម៉ិច​​ គ្រុប​​៕​​​​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​