មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រុំចំនួន ៣រូប ត្រូវបានដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិមកត្រឹមជានាយទាហាន ដោយសារទាមទារប្រាក់ជាថ្នូរនឹងការដោះលែងជនសង្ស័យប្រើប្រាស់គ្រឿងញៀន។
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពល ខេមរភូមិន្ទ ចេញសេចក្តីសម្រេចដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្វាយជ្រុំ ក្នុងខេត្តស្វាយរៀងចំនួន ៣រូប មកត្រឹមពលបាលឯក ដោយសារមន្ត្រីអាវុធហត្ថទាំង៣រូបនេះ បានទាមទារប្រាក់ ១១០០ដុល្លារ ជាថ្នូរនឹងការដោះលែងជនសង្ស័យប្រើប្រាស់គ្រឿងញៀន នេះបើយោងតាមសេចក្តីសម្រេចដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញព័ត៌មាន Fresh News កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។
យោងតាមសេចក្តីសម្រេចចុះកាលបរិច្ឆេទថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ និងមានចុះហត្ថលេខាដោយនាយឧត្តមសេនីយ៍ វង្ស ពិសេន ផងនោះ បានឱ្យដឹងថា មន្ត្រីកងរាជអាវុធហត្ថទាំង៣រូបនោះ រួមមាន អនុសេនីយ៍ឯកិ ប៊ី រីណា, អនុសេនីយ៍ឯក រិត សំអុន និងអនុសេនីយ៍ឯក ប៉ិក វណ្ណារឿត។ ទោះយ៉ាងណា សេចក្តីសម្រេចនេះមិនបានបញ្ជាក់ថា មានជនសង្ស័យប៉ុន្មាននាក់ពាក់ព័ន្ធនឹងការទាមទារប្រាក់១១០០ដុល្លារ ជាថ្នូរនឹងការដោះលែងនោះទេ។
សេចក្តីសម្រេចដដែលនេះ បញ្ជាក់ទៀតថា មន្ត្រីទាំង៣រូបនេះ មានមុខតំណែងជាមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ហើយបន្ទាប់ពីការដកហូតមុខតំណែង និងឋានន្តរសក្តិមកត្រឹមជានាយទាហាននៃកងរាជអាវុធហត្ថ មន្ត្រីទាំង៣រូបនេះ ត្រូវបានផ្ទេរទៅបំពេញការងារនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ខេត្តព្រះវិហារ និងខេត្តប៉ៃលិនរៀងៗខ្លួន។
កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានចេញប្រកាសលុបឈ្មោះមន្ត្រីយោធាចំនួន ២រូប គឺវរនាវីត្រី គ្រី ដារ៉ា មេបញ្ជាការរងកងកាំភ្លើងការពារអាកាសមូលដ្ឋានសមុទ្រ កងទ័ពជើងទឹក និងវរសេនីយ៍ត្រី រ៉េន ស៊ីណាត មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ដោយសារពាក់ព័ន្ធការប្រើប្រាស់់គ្រឿងញៀន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កន្លងមក បានព្រមានទៅលើកងកម្លាំងប្រ ដាប់អាវុធដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌ ភ្លាមៗ ហើយថា ការបោសសម្អាតគ្រឿងញៀននៅក្នុងជួរកងកម្លាំងប្រដាប់អាវុធ នឹងត្រូវអនុវត្តមុនគេ៕