មេ​បញ្ជា​​ការ​​រង​​កងរាជអាវុធហត្ថ​​ស្រុក​ចំនួន៣​​​រូប​ ត្រូវ​​បាន​​ដកហូត​​មុខតំណែង​​និង​​​បន្ថយ​​ឋានន្តរស័ក្តិ​

មេ​បញ្ជា​​ការ​​រង​​មូលដ្ឋាន​​កង​រាជ​អាវុធ​​ហត្ថ​​ស្រុក​​ស្វាយ​​ជ្រុំ​​ចំនួន​ ​៣​​រូប​ ​ត្រូវ​​បាន​​ដក​​ហូត​​មុខ​​តំណែង​​ និង​​បន្ថយ​​ឋានន្តរស័ក្តិ​​មក​​ត្រឹម​​ជា​​នាយទាហាន​​​ ដោយសារ​​ទាម​​ទារ​​ប្រាក់​​ជា​​ថ្នូរ​​នឹង​​ការ​​ដោះ​​លែង​​ជនសង្ស័យ​ប្រើប្រាស់​​គ្រឿង​​ញៀន​​​។​

នាយ​​ឧត្តម​​សេនីយ៍​​ វង្ស​ ពិ​សេន​ អគ្គ​មេបញ្ជាការ​​ នៃ​កងយោធពល​​ ខេមរភូមិន្ទ​ ចេញ​​សេចក្តី​​សម្រេច​​ដក​​ហូត​​មុខ​​តំណែង​​ និង​​បន្ថយ​​ឋានន្តរស័ក្តិ​​មេបញ្ជាការ​​រង​​មូលដ្ឋាន​​កង​រាជ​អាវុធ​​ហត្ថ​​ ស្រុក​​ស្វាយ​​ជ្រុំ​ ក្នុង​ខេត្ត​​ស្វាយ​​រៀង​​​ចំនួន​ ​៣​​រូប​ មក​​ត្រឹម​​ពលបាលឯក​​ ដោយ​​សារ​​មន្ត្រី​អាវុធហត្ថ​​ទាំង​​៣រូប​នេះ​​ បាន​​ទាម​​ទារ​​ប្រាក់​ ១១០០​​ដុល្លារ​ ​​ជា​​ថ្នូ​​រ​​នឹង​​ការ​​ដោះ​​លែង​​ជនសង្ស័យ​ប្រើប្រាស់​​គ្រឿង​​ញៀន​​ នេះ​បើ​​យោង​តាម​​​សេចក្តី​​សម្រេច​​ដែល​​ត្រូវ​​បាន​​ផ្សព្វផ្សាយ​​នៅ​លើ​​​បណ្តាញ​​ព័ត៌មាន​​ Fresh News កាល​​ពី​​ថ្ងៃទី​​១៣​ ខែមីនា​ ឆ្នាំ​​២០២៤​​។​​

យោង​​តាម​​សេចក្តី​​សម្រេច​​ចុះ​កាលបរិច្ឆេទ​ថ្ងៃទី​​១​ ខែ​​មីនា​ ឆ្នាំ​​២០២៤​ និង​​មាន​​ចុះហត្ថលេខា​​ដោយ​​នាយ​ឧត្តម​​សេនីយ៍​​ វង្ស​ ពិ​សេន​​ ផង​នោះ​​ បាន​​ឱ្យ​​ដឹង​​ថា​ មន្ត្រី​​កង​រាជ​អា​​វុធ​​ហត្ថ​​ទាំង​​៣រូប​នោះ​​ រួមមាន​ អនុសេនីយ៍​ឯ​កិ​ ប៊ី​ រី​ណា​, អនុសេនីយ៍ឯក​ រិត​ សំ​អុន​ និង​​អនុសេនីយ៍ឯក​ ប៉ិក​ វណ្ណា​រឿ​ត​។​ ទោះ​យ៉ាង​​ណា​ សេចក្តី​សម្រេច​នេះ​មិនបាន​​បញ្ជាក់​ថា​ មាន​​ជនសង្ស័យ​ប៉ុន្មាន​នាក់​​ពាក់ព័ន្ធ​នឹង​​ការ​​ទាមទារ​​ប្រាក់​​១១០០​​ដុល្លារ​​ ជា​​ថ្នូរ​​នឹង​​ការ​​ដោះលែង​នោះ​ទេ​។​

សេចក្តី​​សម្រេច​​ដដែល​នេះ​ ​បញ្ជាក់​ទៀត​​ថា​ មន្ត្រី​​ទាំង៣រូប​​នេះ​ ​​មានមុខ​តំណែង​​ជា​​​មេបញ្ជាការ​​រង​មូលដ្ឋាន​​កងរាជអាវុធហត្ថ​​ស្រុក​​ស្វាយ​​ជ្រុំ​ បញ្ជាការ​​ដ្ឋាន​​កង​រាជ​អាវុធ​​ហត្ថ​​ខេត្ត​​ស្វាយ​​រៀង​ ហើយ​​បន្ទាប់ពី​​ការ​​ដក​​ហូត​​មុខ​​តំណែង​​ និង​​ឋានន្តរសក្តិ​​មក​​ត្រឹម​ជា​​នាយ​​ទាហាន​​នៃ​កង​រាជ​អាវុធ​​ហត្ថ​​ មន្ត្រី​ទាំង​​៣​​រូប​នេះ​ ​​ត្រូវ​​បាន​ផ្ទេរ​​​​ទៅ​បំពេញ​​ការងារ​នៅ​​បញ្ជាការ​​ដ្ឋាន​​កង​រាជ​អាវុធ​​ហត្ថ​​ខេត្ត​​រតនគិរី​ ខេត្ត​​ព្រះវិហារ​​ និង​​ខេត្ត​​ប៉ៃលិន​​រៀង​​ៗ​ខ្លួន​​។​

កាល​​ពី​ថ្ងៃទី​​០៩​ ខែមករា​ ឆ្នាំ​​២០២៤​ លោក​​ ទៀ​​ សីហា​​ ឧបនាយក​​រដ្ឋមន្ត្រី​​ និង​​​​ជា​​​រដ្ឋ​​មន្ត្រី​​ក្រសួងការពារជាតិ​​ ​បាន​​ចេញប្រកាស​​លុបឈ្មោះ​​​មន្ត្រី​​យោធា​ចំនួន​ ២រូប​​ ​គឺ​​វរនាវីត្រី​​ គ្រី​​ ដារ៉ា​​ មេបញ្ជាការ​​រង​​កង​​កាំភ្លើងការពារអាកាស​​មូលដ្ឋាន​​​សមុទ្រ​​ កងទ័ពជើងទឹក​​ និង​​​វរសេនីយ៍ត្រី​​ រ៉េ​​ន​​ ស៊ី​​ណាត​​ មេបញ្ជាការ​​រង​​​មូល​​​ដ្ឋាន​​​​កងរាជអាវុធហត្ថ​​ខណ្ឌ​​ជ្រោយ​​​​ចង្វា​​រ​​ បញ្ជាការ​​​ដ្ឋាន​​​កងរាជអាវុធហត្ថ​​រាជធានី​​ភ្នំពេញ​ ​ចេញ​​​ពី​​​ក្រប​​ខ័ណ្ឌ​​​ នៃ​​កងយោធពល​​ខេមរភូមិន្ទ​​ ដោយសារ​​ពាក់ព័ន្ធ​​ការ​​ប្រើ​​ប្រាស់់​​គ្រឿងញៀន​​​។​​​

លោកនាយក​​រដ្ឋមន្ត្រី​​ ហ៊ុន​​ ម៉ា​​ណែ​​ត​​ កន្លងមក​​ បាន​​ព្រមាន​​ទៅលើ​​កង​​កម្លាំង​​ប្រ​​ ដាប់​​អាវុធ​​ដែល​​ពាក់ព័ន្ធ​​នឹង​​គ្រឿងញៀន​​ នឹង​​​ត្រូវ​​បណ្តេញ​​ចេញពី​​ក្របខ័ណ្ឌ​​ ភ្លាម​​​ៗ​​ ហើយ​​ថា​​ ការ​​បោស​​​សម្អាត​​គ្រឿងញៀន​​នៅក្នុង​​ជួរ​​​កងកម្លាំង​​​ប្រដាប់​​អា​​វុធ​​ នឹង​​ត្រូវ​​អនុវត្ត​​មុនគេ​​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​