គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ត្រូវបានបង្កើតឡើងស្របពេលដែលអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ត្រូវបានរំសាយ ដោយព្រះរាជក្រឹត្យក្នុងថ្ងៃតែមួយ។
ក្នុងសៀវភៅរាជកិច្ចលេខ១៦ ត្រីមាសទី១ ឆ្នាំ២០២៤ ដែលចេញផ្សាយជាសាធារណៈដោយទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ទំព័រ២១៧៦ បានបង្ហាញថា ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឱ្យបង្កើតគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដែលសរសេរជាអក្សរកាត់ថា (គ.ក.ស.) ដើម្បីដឹកនាំ និងសម្របសម្រួលការងារកែទម្រង់រដ្ឋបាលសា ធារ ណៈរបស់រាជរដ្ឋាភិបាល ដែលមានសមាសភាពជាង៣០រូបដឹកនាំដោយរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈជាប្រធាន ។
យោងព្រះរាជក្រឹត្យ នស/រកត/១០២៣/ ២៣១២ ស្ដីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ត្រង់ជំពួកទី២ បានកំណត់អំពីភារកិច្ចរបស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.) ចំនួន ១៨ចំណុច ក្នុងនោះរួមមាន ដឹកនាំ គាំទ្រ និងសម្របសម្រួលការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈរៀបចំ និងអនុវត្តកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈផ្អែកលើគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាដើម…។
នៅថ្ងៃខែឆ្នាំដដែលនេះ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យមួយទៀតលេខ នស/រកត/១០២៣/២៣១៣ ត្រង់ទំព័រ២១៨៥ នៃសៀវភៅរាជកិច្ចដដែលនេះ ដោយត្រាស់បង្គាប់ឱ្យរំសាយអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ដែលត្រូវបានបង្កើត ឡើងដោយព្រះរាជក្រឹត្យ លេខ នស/រកត/០៤៩៦/២៥ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ១៩៩៦ និងដែលត្រូវបានកែសម្រួលដោយ ព្រះរាជក្រឹត្យលេខ នស/រកត/០៦០៥/២៧៥ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៥ ព្រមទាំងលេខាធិការដ្ឋាន អចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការ ព្រំដែនផងដែរ។
ជុំវិញរឿងនេះ រដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានអះអាងថា រដ្ឋាភិបាលរបស់លោកបានសម្រេចបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនជំនួសអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនវិញ ហើយថា ការសម្រេចនេះគឺធ្វើឡើងដោយ ឈរលើមនសិការនិងឆន្ទៈមោះមុតក្នុងការការពារអធិបតេយ្យនិងបូរណភាពទឹកដី និងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តផ្តល់តម្លៃកិច្ចការព្រំដែនជាកិច្ចការ ដ៏មានសារៈសំខាន់ជាអាយុជីវិតរបស់ជាតិ និងជាអាទិភាព ខ្ពស់បំផុតរបស់ខ្លួន នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង នីតិកាលទី៧ នៃរដ្ឋសភាដែលចុះផ្សាយដោយក្រសួងព័ត៌មាន កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣៕