រដ្ឋាភិបាល​​ធ្វើ​​អនុបយោគ​ផ្ទៃដី​​ប្រមាណ​ ​៦០០​​ហិ​ក​តា​ ដើម្បី​​ជួល​​ឱ្យ​​គម្រោង​​អភិវឌ្ឍ​​ន៍​ និង​​ផ្តល់​ជា​​កម្មសិទ្ធិ​ឯកជន​​​

រដ្ឋាភិបាល​ចេញ​​អនុក្រឹត្យ​ធ្វើ​​អនុបយោគ​​ដី​សាធារណៈ​​របស់​​រដ្ឋ​​មក​​ជា​​ដី​​ឯក​​ជន​​របស់​​​រដ្ឋ​​លើ​​ផ្ទៃដី​​សរុប​​ប្រមាណ​ ​៦០០​​ហិ​ក​តា​​ ស្ថិតនៅ​​​ខេត្ត​កែប​ កំពត​ កោះ​​កុង​ កំពង់ស្ពឺ​​ និង​ រាជធានី​ភ្នំពេញ​​ សម្រាប់​​គម្រោង​​អភិវឌ្ឍន៍​ និង​​ផ្តល់​​កម្មសិទ្ធិ​​ជូន​​​បុគ្គល​ឯក​​ជន​ ​និង​​គ្រួសារ​​ពល​​រដ្ឋ​​​។​​

យោង​​តាម​​សៀវភៅ​រាជកិច្ច​លេខ៩៥​ ដែល​ចេញ​​ផ្សាយ​ដោយ​​ទី​ស្តី​ការ​​គណៈ​​រដ្ឋ​​ម​​ន្ត្រី​​​នៅ​ថ្ងៃទី២៦​ ខែធ្នូ​ ឆ្នាំ​​២០២៣​​នេះ​​ រដ្ឋាភិបាល​បាន​ចេញ​​អនុក្រឹត្យ​​ចំនួន​​៥​​ ដាច់​ដោយ​​ឡែក​​ពីគ្នា​ ​​និង​​កំណត់​យក​​ផ្ទៃ​​ដី​សរុប​​ប្រមាណ​ ៦១៣​​​ហិ​ក​តា​​ ដើម្បី​​ធ្វើ​​អនុបយោគ​ពី​​ដី​សាធារណៈ​​របស់​​រដ្ឋ​​មក​​ជា​​ដី​​ឯក​​ជន​​របស់​​រដ្ឋ​ ដែល​​ក្នុង​នោះ​ ផ្ទៃដី​​សរុប​​​ប្រមាណ​​ ១២០​​ហិ​ក​តា​​ គឺ​ស្ថិតនៅ​​​ឧទ្យានជាតិ​​កែប​ ត្រូវ​​បាន​​​ផ្តល់​​ឱ្យ​​​ក្រុមហ៊ុន​​ចំនួន​​០២​​ ដែល​​ក្នុង​​នោះ​ ​​ក្រុមហ៊ុន​ ផា​មឃីន​ ឌី​វេ​ឡុប​ម៉ិន​ ឯ​.ក​ (PUMPKIN DEVELOPMENT CO., LTD)​​​​ ទទួល​​បាន​​ផ្ទៃដី​​ទំហំ​​ ៥៩ហិ​ក​​តា​​ ៩៣អា​ និង​​៤៤​ សង់​ទី​អា​ និង​​ក្រុមហ៊ុន​ រ៉ូ​យ៉ា​ល់​ ដាយ​​នែ​មី​ក​ ឯ​.ក​ (ROYAL DYNAMIC CO., LTD) ទទួល​បាន​​ផ្ទៃដី​​ទំហំ​ ​៦០​​ហិ​ក​តា​ ១៧​​អា​ និង​​៤៨​​សង់​ទី​អា​​ សម្រាប់​​គ្រោង​​វិនិយោគ​​អភិវឌ្ឍន៍​ទេសចរណ៍​​ផ្សារភ្ជាប់​នឹង​ធម្មជាតិ​​​​។​​

ចំណែក​​ផ្ទៃដី​ ១៥ហិ​ក​តា​ និង​​៣៩​​អា​ ផ្សេងទៀត​ ​​ស្ថិតនៅ​​ដែន​​ជម្រក​​សត្វព្រៃ​​ពាម​​ក្រសោប​​ ភូមិសាស្ត្រ​ឃុំ​កោះកាពិ​ ស្រុក​កោះកុង​ ត្រូវ​​បាន​​ផ្តល់​ជូន​​​ក្រុមហ៊ុន​ កោះ​មូល​ អេកូ​ រី​សត​ ឯ​.ក​ (KOH MOUL ECO RESORT CO., LTD) សម្រាប់​​គម្រោង​​​វិនិយោគ​​អភិវឌ្ឍន៍​ទេស​​ចរណ៍​​​ផ្សារភ្ជាប់​​នឹង​ធម្មជាតិ​​ចំនួន​​០២​។​ គម្រោង​​អភិវឌ្ឍន៍​​ទេសចរណ៍​​ទាំង០៤​​នេះ​ គឺ​ស្ថិត​ក្រោ​​ម​​លក្ខខណ្ឌ​ជួល​អចិន្ត្រៃយ៍​​រយៈពេល​វែង​ ​​៥០​​ឆ្នាំ​​។​

ដោយ​​ឡែក​​ផ្ទៃដី​​ទំហំ​​ ២៩១​​ហិ​ក​តា​​ ស្ថិតនៅ​​​ឧទ្យាន​​ជាតិ​​ព្រះមុនីវង្ស​ “បូកគោ​” ភូមិសាស្ត្រ​សង្កាត់​​ព្រែកត្នោត​​ ក្រុង​បូកគោ​ ខេត្ត​​កំពត​ ត្រូវ​​បាន​​រដ្ឋាភិបាល​​សម្រេច​​​ផ្តល់​​​ឱ្យ​​ក្រុមហ៊ុន​ សុគន្ធ​ខេ​ភី​ គ្លូ​ប៊ល​ អ៊ិ​នវេ​សម៉ិ​ន​​ ខូ​​ អិល​​ធី​ឌី​ សម្រាប់​​វិនិយោគ​​ លើ​​គម្រោង​​បង្កើត​​តំបន់​​សេដ្ឋ​​កិច្ច​​ពិសេស​​ និង​​អភិវឌ្ឍន៍​​ទេសចរណ៍​ ក្រោម​​លក្ខខណ្ឌ​ជួ​​ល​​​ ប៉ុន្តែ​ អនុក្រឹត្យ​​នេះ​​មិន​​បាន​​បញ្ជាក់​​ថា​ ជួល​​ប៉ុន្មាន​​ឆ្នាំ​​នោះ​ទេ​។​​

ក្រៅ​​ពី​ការ​​ធ្វើ​​អនុបយោគ​​ផ្ទៃដី​ខាងលើ​​​​ រដ្ឋាភិបាល​​ក៏​​បាន​​ចេញ​​អនុក្រឹត្យ​​កាត់​​ឆ្វៀល​​​ផ្ទៃដី​ទំហំ​ ​១៨២​​​ហិ​ក​តា​ ១៤អា​ និង​​០៣​ សង់​ទី​អា​ ​ចេញពី​គម្រប​​ព្រៃឈើ​ឆ្នាំ​​២០០២​​​ នៅ​ ស្រុក​សំរោង​​ទង​ ​ខេត្ត​​កំពង់ស្ពឺ​ ដោយ​​ធ្វើ​​អនុបយោគ​ជា​ដី​​ឯក​​ជន​​របស់​រដ្ឋ​​នូវ​ផ្ទៃដី​​ទំហំ​ ១៧២ហិ​ក​តា​ ៥៧​​អា​ និង៥៩សង់​ទី​អា​ សម្រាប់​​ប្រទាន​​កម្ម​​ជា​​កម្មសិទ្ធិ​​ជូន​ប្រជា​​ពល​ រដ្ឋ​​ចំនួន​ ​៤០​​គ្រួសារ​ ដែល​​កាន់កាប់​ ប្រើប្រាស់​​និង​​អាស្រ័យផល​ និង​​រក្សា​​ទុក​​ផ្ទៃដី​​ទំហំ​​ ៩ហិ​ក​តា​ ៥៦អា​ និង​​៤៤​​សង់​ទី​អា​ ជា​​ហេដ្ឋារចនាសម្ព័ន្ធ​​សាធារណៈ​។​

ដោយឡែក​​នៅ​​រាជធានី​ភ្នំពេញ​​វិញ​​ រដ្ឋាភិបាល​​បាន​​សម្រេច​​កាត់​​ឆ្វៀល​​ផ្ទៃដី​​ទំហំ​​ ៥៨​ ១៦៧ម៉ែត្រការ៉េ​​ ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ​​ និង​សង្កាត់​ចាក់អង្រែក្រោម​​ ខណ្ឌ​មាន​ ជ័យ​​ និង​សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ ពី​ផ្ទៃ​បឹង​ជើងឯក​​ ដើម្បី​​ធ្វើ​​អនុបយោគ​​ជា​​ដី​ឯកជន​​របស់​រដ្ឋ​​ និង​​ផ្តល់​ជា​កម្មសិទ្ធិ​​ជូន​​ឈ្មោះ​ លាង​ ឃុន​ និង​​ឈ្មោះ​ ថៃ​ ជា​​ហួត​។​

សូម​បញ្ជាក់​ថា​ អនុក្រឹត្យ​ទាំង​​៥​​នេះ​ ដែល​​ចុះ​កាលបរិច្ឆេទ​រវាង​ថ្ងៃទី​​១៥​ និង​​១៦​ ខែសីហា​ ឆ្នាំ​​២០២៣​ ត្រូវ​​បាន​​ចេញ​និង​​ចុះ​​ហត្ថលេខា​​ដោយ​លោក​ ហ៊ុន​ សែន​ ដែល​​ពេល​ នោះ​ លោក​​គឺជា​​នាយក​​រដ្ឋ​​មន្ត្រី​​ និង​​​ធ្វើ​​ឡើង​​​រយៈ​​ពេល​​មួយ​សប្តាហ៍​​​ មុន​​រដ្ឋសភា​បោះឆ្នោត​​ផ្តល់​សេចក្តី​​ទុកចិត្ត​​លើ​​រដ្ឋាភិបាល​​ថ្មី​អាណត្តិ​ទី៧​ ដែល​​ដឹក​​នាំ​​ដោយ​​​លោក​ ហ៊ុន​​ ម៉ា​ណែ​ត​ កាលពី​ថ្ងៃទី​​២២​ ខែ​​សីហា​ ឆ្នាំ​​២០២៣​។​​

​តំបន់​ឧទ្យានជាតិ​មួយចំនួន​ ត្រូវ​បាន​រដ្ឋាភិបាល​កាត់​ឆ្វៀល​ទៅ​ឱ្យ​បុគ្គល​ឯកជន​​ និង​​​​​ក្រុម​ហ៊ុន​ធំៗ​មួយចំនួន​ជាបន្តបន្ទាប់​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​ភ្ជាប់នឹង​​ធម្មជាតិ​ ដោយ​កន្លងមក​ផ្ទៃដី​សរុប​ជិត​ ៣០០០​ ហិ​ក​តា​នៃ​ឧទ្យានជាតិ​ពីរ​កន្លែង​ ត្រូវ​បាន​ធ្វើ​​អនុបយោគ​​មក​ជា​ដី​ឯកជន​​របស់​​រដ្ឋ​​ សម្រាប់​​​គម្រោង​​អភិវឌ្ឍន៍​​របស់​​ក្រុមហ៊ុន​ឯកជន​​ចំនួន​​១៤​ ក្រោម​​កិច្ច​​សន្យា​​ជួល​​​រយៈពេល​វែង​​៥០​​ឆ្នាំ​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​