រដ្ឋាភិបាល​​កាត់​​ឆ្វៀល​ផ្ទៃ​​ដី​​​ជា​​ង​​ ៣​ ៤០០ហិ​ក​តា​ក្នុង​ខេត្ត​​បន្ទាយ​​មាន​​ជ័យ​​​ ដើម្បី​​ធ្វើ​​អនុប្បយោគ​​ជា​​ដី​ឯក​​ជន​​​​របស់​​រដ្ឋ​​

រដ្ឋាភិបាល​កាត់​ឆ្វៀល​ផ្ទៃដី​ជាង​ ​៣​ ៤០០​​ហិ​ក​តា​ ក្នុង​ស្រុក​​ចំនួន​​២​ ​នៅក្នុង​​ខេត្ត​​បន្ទាយ​​មាន​​ជ័យ​ ​ចេញ​​ពី​​តំបន់​​៣​ នៃ​តំបន់​​ទន្លេសាប​​ ដើម្បី​​ធ្វើ​​អនុប្បយោគ​​ជា​​ដី​​ឯកជន​​របស់​​រដ្ឋ​ ​និង​​ផ្តល់​​ជូន​​ប្រជា​​ពលរដ្ឋ​ជាង​ ​៨០០​​​គ្រួសារ​ សម្រាប់​​ប្រើ​​​ប្រាស់​​និង​​អាស្រ័យ​​ផល​​។​​​​

យោង​តាម​អនុក្រឹត្យ​​ លេខ​ ៥៧​ អន​ក្រ​.បក​  ចុះ​ថ្ងៃទី០៦​​ ខែមីនា​ ឆ្នាំ២០២៣​ ក្នុង​សៀវភៅ​រាជកិច្ច​លេខ២៦​ ទំព័រ​​៣២៣១​ និង​ចេញ​ផ្យា​យ​ដោយ​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី​នៅ​ថ្ងៃទី៤​ ខែកញ្ញា​​​ ឆ្នាំ២០២៣​​ ឱ្យ​​​ដឹង​​ថា​ ផ្ទៃដី​ទំហំ​​ ៣​ ៤៤១​​ហិ​ក​តា​​ ១០​​អា​​ ដែល​រួម​បញ្ជូល​ទាំង​ផ្ទៃដី​បម្រុងទុក​ចំនួន​ ១០​% និង​ផ្ទៃដី​សម្រាប់​គម្រោង​ហេ​ដ្ឋា​រច​​នា​ សម្ព័ន្ធ​ចំនួន​ ២០​%  ​ត្រូវ​​បាន​​កាត់​ឆ្វៀល​​ចេញពី​​តំបន់​​៣​​ នៃ​តំបន់​​ទន្លេសាប​ ក្នុង​​ខេត្ត​​បន្ទាយ​​មាន​​ជ័យ​។​  

យោង​តាម​អនុក្រឹត្យ​​​ដដែល​​បាន​​បង្ហាញ​​ថា​ ក្នុងចំណោម​​ផ្ទៃដី​​ដែល​​ត្រូវ​​កាត់​​ឆ្វៀល​​ជាង​ ​៣​ ៤៤១ហិ​ក​តា​​នេះ​ គឺ​ផ្ទៃដី​​ទំហំ​​១​ ១៥៥​ ហិ​ក​តា​​ និង៧០អា​ គឺ​​ស្ថិតនៅ​​ឃុំ​​សំបួរ​​ ស្រុក​​មង្គលបូរី​ ចំណែក​​ផ្ទៃដី​​ទំហំ​​ ២​ ២៨៥ហិ​ក​តា​ និង​​ ៤០​​អា​ ទៀត​ ​គឺ​ស្ថិតនៅ​​ឃុំ​ភ្នំលៀប​ និង​​ឃុំ​ប្រាសាទ​ ក្នុង​ស្រុក​ព្រះនេត្រ​ព្រះ​ ខេត្ត​បន្ទាយមានជ័យ​។​ ផ្ទៃដី​ទាំងនេះ​ នឹង​​ត្រូវ​​​ធ្វើ​​អនុប្បយោគ​​និង​​ផ្តល់​​ជូន​​ប្រជា​​ពលរដ្ឋ​ ​៨៣៧​​គ្រួសារ​ ដើម្បី​​ប្រើប្រាស់​និង​​អាស្រ័យ​​ផល​​​។​​

កាលពី​ថ្ងៃទី១១​ ខែមករា​ ឆ្នាំ​​២០២៣​ អតីត​​នាយក​​រដ្ឋ​​មន្ត្រី​ លោក​​ ហ៊ុន​ សែន​ បានសម្រេច​កាត់​ឆ្វៀល​ផ្ទៃដី​ទំហំ​ ៧៤១​ ហិ​ក​តា​ ១៧​ អា​ ស្ថិត​ក្នុង​ស្រុក​បរិបូណ៍​​ ខេត្ត​កំពង់ឆ្នាំង​ ចេញពី​តំបន់៣​ នៃ​តំបន់​ទន្លេសាប​ ក្នុង​នោះ​ រដ្ឋាភិបាល​បាន​បែងចែក​ផ្ទៃដី​ទំហំ​​ ៤៤៣ហិ​ក​តា​​ ជា​ភូមិ​រៀបរយ​សម្រាប់​ប្រជាពលរដ្ឋ​​ផ្លាស់​​ទីលំនៅ​ពីលើ​ទឹក​មក​ដី​ គោក​ និង​ផ្ទៃដី​ទំហំ​ ២២២ហិ​ក​តា​ សម្រាប់​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​ និង​​ ផ្ទៃដី​ទំហំ​ ៧៥ហិ​ក​តា​ ផ្តល់​ជូន​ក្រសួង​ កសិកម្ម​ រុក្ខាប្រមាញ់​ និង​ នេសាទ​៕​ 

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​