រដ្ឋាភិបាលធ្វើអនុប្បយោគដីសាធារណៈរបស់រដ្ឋទំហំ ៥៦៥ ហិកតា ៧៦អា ៧៩ សង់ទីអា ស្ថិតក្នុងភូមិសាស្រ្ត ស្រុកមេមត់ និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាដីឯកជនរបស់រដ្ឋ ផ្តល់ជូនក្រ សួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កងទ័ពជើងគោក និងគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ។
យោងតាមអនុក្រឹត្យលេខ ៨៥ អនក្រ.បក ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅក្នុងសៀវភៅរាជកិច្ច លេខ៤៤ ទំព័រ ៥៤៤៦ និងចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋាភិបាលបានបែងចែកដីសាធារណៈរបស់រដ្ឋទំហំជាង ៥០០ហិកតានេះ ជាបី ផ្នែក ក្នុងនោះ ផ្ទៃដីទំហំ ១០ហិកតា ៦២ សង់ទីអា ស្ថិតនៅច្រកទ្វារតំបន់ព្រំដែនចាន់មូល ក្នុងភូមិសាស្ត្រ ឃុំចាន់មូល ស្រុកមេមត់ ត្រូវបានផ្តល់ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់សាងសង់ប៉ុស្តិ៍ត្រួតពិនិត្យគយនិងរដ្ឋាករ, អគារបំពាក់ប្រព័ន្ធស្វ័យប្រវត្តិកម្មនិងទិន្នន័យគយ, អគាររដ្ឋបាល, អាគារស្នាក់នៅ, ទីលានផ្ទេរទំនិញ នៃការិយាល័យគយនិងរដ្ឋាករចាន់មូល។
រដ្ឋាភិបាលក៏បានផ្តល់ជូនការិយាល័យទី២(2B) កងទ័ពជើងគោកនូវផ្ទៃដី ៥ហិកតា ៦៥ អា ៤៣ សង់ទីអា ស្ថិតក្នុងភូមិសាស្រ្តឃុំត្រពាំងផ្លុង ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ ប៉ុន្តែមិនបានបញ្ជាក់ថា ដីនេះនឹងត្រូវប្រើប្រាស់សម្រាប់សាងសង់អ្វីនោះទេ។ ចំណែកផ្ទៃដីទំហំ ៥៥០ ហិកតា ១០អា ៧៤សង់ទីអា ដែលនៅសល់ពីការចាត់ចែងខាងលើ រដ្ឋាភិបាលប្រគល់ជូនគណៈកម្មាធិការសម្បទានដី សង្គមកិច្ចជាតិសម្រាប់អនុវត្តកម្មវិធីសម្បទាន ដីសង្គមកិច្ចជូនកងទ័ព និងនគរបាលជាតិឈរជើងតាមព្រំ ដែនកម្ពុជា-វៀតណាម, អតីតកងកម្លាំងប្រដាប់អាវុធនិងគ្រួសារ, ប្រជាពលរដ្ឋក្រីក្រស៊ីវិលទូទៅនិង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។
គួររំលឹកដែរថា ដីសាធារណៈរបស់រដ្ឋទំហំ ៩៥១.២១៣ហិកតា ត្រូវបានធ្វើអនុប្បយោគជាដីឯកជន របស់រដ្ឋ ដែលស្ថិតនៅទីតាំង៤៣កន្លែងក្នុងខេត្តចំនួន១៤ ក្នុងនោះការកាត់ឆ្វៀលដីភាគច្រើនត្រូវបានចាត់ ចូលក្នុង (តំបន់សហគមន៍) ដោយមិនមានការពន្យល់លម្អិត និងការបែងចែកទៅឱ្យម្ចាស់ អាជីវកម្ម និងបុគ្គលដែលមានទំនាក់ទំនងនយោបាយ ព្រមទាំងស្ថាប័នរដ្ឋផងដែរ នេះបើយោងតាមសៀវភៅ រាជកិច្ចពីលេខ៤៩ដល់លេខ៩៦ សម្រាប់ឆមាសទី២ នៃឆ្នាំ២០២២៕