រដ្ឋាភិបាលបានប្រគល់មេដាយកិត្តិយសចំនួន២៤.០៩៤គ្រឿងក្នុងរយៈពេលត្រឹមតែកន្លះឆ្នាំ ដែលមេដាយរាប់ពាន់គ្រឿងក្នុងចំណោមនោះត្រូវបានបំពាក់ជូន “សប្បុរជន” ដែលការបរិច្ចាគភាគច្រើនរបស់ពួកគេមិនត្រូវបានបង្ហាញឲ្យដឹងនោះទេ ប៉ុន្តែវាធ្វើឲ្យទំហំទឹកប្រាក់កើនដល់យ៉ាងហោចណាស់រាប់លានដុល្លារ។
រយៈប្រាំមួយខែនៃការចេញផ្សាយសៀវភៅរាជកិច្ច គឺចាប់ពីសៀវភៅលេខ៤៩ដល់សៀវភៅលេខ៩៦ក្នុងឆ្នាំ២០២២ មានឯកសារពាក់ព័ន្ធចំនួន៣០៦ច្បាប់ ដែលគិតចាប់ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំមុនរហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា។
ព្រះរាជក្រឹត្យ និងអនុក្រឹត្យទាំងនេះបានផ្តល់កិតិ្តយសជាផ្លូវការ អមដោយមេដាយជូនដល់មន្ត្រីរាជការ ព្រះសង្ឃ ជនបរទេសនិងបុគ្គលឯកជន។
សរុបជារួម ឯកសារចំនួន៣០៦ច្បាប់នេះបានបង្ហាញថា មានការបំពាក់មេដាយកិត្តិយសដល់ទៅ២៤.០៩៤ គ្រឿង។ ឯកសារទាំងនេះក៏បង្ហាញពីចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដែលត្រូវបានផ្តល់ជូនរវាងបុគ្គលឯកជន និងស្ថាប័នសាធារណៈជាអំណោយផងដែរ។
នេះគឺជាឧទាហរណ៍មួយនៃប្រព័ន្ធផ្តល់ “ការឧបត្ថម្ភ” ដ៏ពេញនិយមនៅប្រទេសកម្ពុជា ទីដែលគណបក្សកាន់អំណាចផ្តល់ត្រឡប់ទៅវិញដោយការគាំទ្រចំពោះអាជីវកម្មរបស់អ្នកបរិច្ចាគនិងនៅក្នុងចំណោមសមាជិករបស់ខ្លួន ដើម្បីប្រមូលការគាំទ្រ។
មន្ត្រីនគរបាលឈរនៅលើកំពូលតារាងនៃអ្នកទទួលបានគ្រឿងឥស្សរិយយសសម្រាប់រយៈពេលប្រាំមួយខែ ដោយទទួលបានមេដាយចំនួន៧.៩៣៩គ្រឿង។ ទាហាន និងមន្ត្រីរដ្ឋាភិបាលក៏មានភាពលេចធ្លោនៅក្នុងតារាងអ្នកទទួលបានមេដាយនេះផងដែរ។ ចំណែកឯ មេដាយចំនួន១៩.២១៨គ្រឿងត្រូវបានបំពាក់ជូនមន្ត្រីរាជការ អំឡុងរយៈពេលប្រាំមួយខែនៃការចេញផ្សាយសៀវភៅរាជកិច្ច។
មានការពន្យល់លម្អិតតិចតួចស្តីពីមេដាយកិត្តិយសទាំងនោះ ប៉ុន្តែនៅក្នុងចំណោមមេដាយដែលបានផ្តល់ជូនទាំងនោះរួមមានមេដាយ “សេនាជ័យសិទ្ធ” ឬអ្នកការពារឬកងកម្លាំងដ៏ជាញជ័យ សម្រាប់សកម្មភាពដ៏ក្លាហានក្នុងការការពារប្រទេស និងការបង្ក្រាបការបះបោរ និងមេដាយ “សហមេត្រី” ឬកិច្ចសហប្រតិបត្តិការរួមគ្នាសម្រាប់មន្ត្រីបរទេសជាមិត្ត។
សម្រាប់មេដាយដែលនៅសេសសល់ មួយផ្នែកធំបានប្រគល់ជូនបុគ្គលចំនួន២.៧៦៥នាក់ ដែលត្រូវបានបញ្ជាក់ថា ជាសប្បុរសជន។ គោលបំណង និងបរិមាណនៃទឹកប្រាក់បរិច្ចាគទាំងនេះភាគច្រើនមិនត្រូវបានបញ្ចេញឱ្យដឹងទេលើកលែងការធ្វើអំណោយសម្រាប់ការកសាងទីវត្តអារាម។
ដោយមានចំនួនត្រឹមតែជាងមួយភាគបីនៃអ្នកបរិច្ចាគសរុប ប៉ុន្តែការបរិច្ចាគសម្រាប់ការកសាងវត្តអារាមទាំងនេះ មានទំហំធំទឹកប្រាក់សរុប២៩លានដុល្លារដែលបានមកពីការបរិច្ចាគរបស់សប្បុរសជនចំនួន១.០៥៨រូប។ ភាគច្រើននៃម្ចាស់អំណោយទាំងនោះត្រូវបានគេចុះឈ្មោះថា ជាអ្នកចូលរួមកសាង ប៉ុន្តែគេមិនច្បាស់ថា ការបរិច្ចាគត្រូវបានធ្វើឡើងនៅពេលណានោះទេ។ ដោយបង្ហាញនៅលើឯកសារជាង៥២ អំណោយទាំងនោះជាមធ្យម គឺ២៨.០០០ដុល្លារក្នុងមួយនាក់។
ការលាតត្រដាងដ៏កម្រមួយទៀតនៃចំនួនទឹកប្រាក់ដែលបានបរិច្ចាគគឺបានមកពីការបរិច្ចាគរបស់សប្បុរសជន៩១រូបដល់ “ការអភិវឌ្ឍន៍ខេត្តព្រៃវែង” ដែលត្រូវបានផ្តល់មេដាយកិត្តិយសដោយអនុក្រឹត្យរបស់នាយករដ្ឋមន្ត្រីចំនួនបីដាច់ដោយឡែកពីគ្នាកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។
ឯកសារទីមួយបានបង្ហាញពីការបរិច្ចាគដែលទឹកប្រាក់ច្រើនពីសប្បុរសជន១១រូប ដែលមានទំហំទឹកប្រាក់ចន្លោះពី៣៣.០០០ដុល្លារដល់៨១.០៥១ដុល្លារក្នុងសប្បុរសជនម្នាក់ ដែលមានទឹកប្រាក់សរុបចំនួន៥២៤.៨៥០ដុល្លារ។ អនុក្រឹត្យទី២បង្ហាញពីការបរិច្ចាគដែលមានទឹកប្រាក់តិចជាងនេះ ពីសប្បុរសជន៣២រូប ជាមួយនឹងទឹកប្រាក់ចន្លោះពី៥.០០០ដុល្លារដល់១៣.០០០ដុល្លារ។
ឯកសារទី៣ មានរាយឈ្មោះសប្បុរសជន៤៨រូប ប៉ុន្តែមិនបង្ហាញចំនួនទឹកប្រាក់នោះទេ។ ទឹកប្រាក់សរុបគឺយ៉ាងហោចណាស់៧៦១.៩០០ដុល្លារ ដោយការបរិច្ចាគជាងពាក់កណ្តាលទៀតមិនត្រូវបានបង្ហាញទេ។
ទឹកប្រាក់ទាំងនេះទំនងគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ។ សម្រាប់រយៈពេលប្រាំមួយខែពេញនេះ មានម្ចាស់ជំនួយប្រហែល១.៧០០នាក់ផ្សេងទៀតដែលបានទទួលមេដាយ ប៉ុន្តែចំនួនទឹកប្រាក់នៃការបរិច្ចាគរបស់ពួកគេមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ។
ឈ្មោះបុគ្គលលេចធ្លោមួយចំនួនក៏ត្រូវបានបង្ហាញផងដែរ ដូចជាលោកស្រី ហ៊ុន គឹមឡេង បងប្អូនជីដូនមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងមនុស្សជាច្រើនទៀតត្រូវបានគេរាយនាមជា “ឯកឧត្តមឬលោកជំទាវ”។ គោលបំណងរបស់ពួកគេ គឺភាគច្រើនមិនត្រូវបានបញ្ជាក់ ឬក៏ស្ថិតក្រោមប្រភេទនៃ “ការអភិវឌ្ឍន៍”។
មួយផ្នែកទៀតគឺបានមកពីអ្នកដែលមានគោរមងារជាឧកញ៉ាចំនួន៤៨រូប ដែលត្រូវបានផ្តល់ជូន អំឡុងពេលប្រាំមួយខែ ដោយពួកគេម្នាក់ៗត្រូវធ្វើអំណោយជូនរដ្ឋជាថវិកា ឬសម្ភារៈដែលមានតម្លៃពី៥០ម៉ឺនដុល្លារឡើងទៅ ដើម្បីទទួលបានគោរមងារនេះ។
ទឹកប្រាក់នេះស្មើនឹងយ៉ាងហោចណាស់២៤លានដុល្លារដែលទទួលបានពីអ្នកមានគោរមងារជាឧកញ៉ា ដែលគោរមងារកិត្តិយសទាំងនេះ គឺសម្រាប់ពាណិជ្ជករលេចធ្លោប៉ុណ្ណោះ៕
សរុបមេដាយកិត្តិយសក្នុងសៀវភៅរាជកិច្ចពីលេខ៤៩ដល់៩៦ ឆ្នាំ២០២២
នគរបាល | ៧.៩៣៩ | |
មន្ត្រី | មន្ត្រីផ្នែកអប់រំ | ៣.៣១៣ |
មន្ត្រីរដ្ឋបាល | ៩៥៧ | |
ផ្សេងៗ | ៦៦១ | |
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ | ៤៦៣ | |
គ្រសួងវប្បធម៌និងវិចត្រសិល្បៈ | ៤៣៩ | |
ក្រសួងរៀបចំដែនដី | ៣៦១ | |
មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា | ១៧១ | |
ក្រសួងមហាផ្ទៃ | ១៧០ | |
ក្រសួងប្រៃសណីយ៍ | ១៤១ | |
ក្រសួងបរិស្ថាន | ១១៩ | |
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត | ៧៨ | |
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ | ២១ | |
ក្រសួងសុខាភិបាល | ២០ | |
រដ្ឋលេខាធិការដ្ឋានអាកសចរណ៍ស៊ីវល | ២ | |
ក្រសួងការពារជាតិ | ២ | |
ក្រសួងការបរទេស | ១ | |
៦.៩២១ | ||
ទាហាន | ៤.៣៥៨ | |
អ្នកបរិច្ចាគប្រាក់ (ទៅឲ្យ) | មិនបញ្ជាក់ | ១១៧០ |
វត្តអារាម | ១.០៥៨ | |
ការអភិវឌ្ឍ | ៤៩០ | |
កាកបាទក្រហមកម្ពុជា | ២០ | |
សាលារៀន | ១៤ | |
សុខាភិបាល | ៦ | |
យោធា | ៤ | |
សួន | ៣ | |
២.៧៦៥ | ||
បុគ្គលឯកជន | ភាគច្រើនមិនត្រូវបញ្ជាក់ពីអត្តសញ្ញាណរួមមានព្រះសង្ឃ ប្រជាជនកម្ពុជារសនៅបរទេស ជាដើម | ១.៨៧៩ |
ដៃគូផ្សេងៗ | មន្ត្រីបរទេស សាកលវិទ្យាល័យ អង្គការក្រៅរដ្ឋាភិបាលជាដើម | ២៣២ |
សរុប | ២៤.០៩៤ |