គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចនឹងកាន់កាប់អាសនៈចំនួន១២០ នៅក្នុងចំណោមអាសនៈសភាទាំង១២៥ បន្ទាប់ពីលទ្ធផលបោះឆ្នោតកាលពីខែកក្កដាត្រូវបានប្រកាស ចំណែកអាសនៈនៅសល់នឹងបានទៅលើគណបក្សហ៊្វុនស៊ិនប៉ិច។ ប្រវត្តិរូបសង្ខេបខាងក្រោមនេះមានរួមបញ្ចូលទាំងតំណាងរាស្ត្រជើងចាស់និងតំណាងរាស្ត្រទើបឈរឈ្មោះថ្មីៗ ដែលពួកគាត់ភាគច្រើនគឺជាសាច់ញាតិរបស់អ្នកនយោបាយបច្ចុប្បន្ន។ អាយុរបស់ពួកគាត់ត្រូវបានគណនារហូតមកដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ មាតិកានេះនឹងបន្តធ្វើបច្ចុប្បន្នភាពលើប្រវត្តិរូបសង្ខេបរបស់តំណាងរាស្ត្រមួយចំនួនទៀត។
ខេត្តបន្ទាយមានជ័យ
១. លោក កែ គឹមយ៉ាន (CPP)
លោក កែ គឹមយ៉ាន អាយុ ៦៨ឆ្នាំ ជាតំណាងរាស្ត្រខេត្តបន្ទាយមានជ័យ។ លោកធ្លាប់ជាអតីតអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ប៉ុន្តែត្រូវបានដកចេញពីតំណែងនៅឆ្នាំ២០០៩ ទាក់ទងនឹងបញ្ហាដីធ្លីនិងការមិនយកចិត្តទុកដាក់នឹងភារកិច្ច។ តែយ៉ាងណា លោកក៏ត្រូវបានតែងតាំងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
២. លោក គោស៊ុំ សារឿត (CPP)
លោក គោស៊ុំ សារឿត អាយុ ៦៧ឆ្នាំ ជាតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យនិងជាសមាជិកគណ:កម្មការទី៧ នៃរដ្ឋសភា។ លោកក៏ធ្លាប់ធ្វើជាអភិបាលខេត្តបន្ទាយមានជ័យ និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ផងដែរ។
៣. លោក អ៊ី ឡុង (CPP)
លោក អ៊ី ឡុង អាយុ ៦៩ឆ្នាំ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ក្នុងអាណត្តិទី៦ ហើយបានកាន់តំណែងជាអភិបាលរងខេត្តបន្ទាយមានជ័យផងដែរ។
៤. លោកស្រី នួម សុភ័ណ (CPP)
លោកស្រី នួម សុភ័ណ អាយុ៦៨ឆ្នាំជាសមាជិករដ្ឋ សភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ។ លោកស្រីក៏ធ្លាប់ជាតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយ មានជ័យ អាណត្តិទី៥ និងអាណត្តិទី៦ផងដែរ។
៥. លោក សេរី កុសល (CPP)
លោក សេរី កុសល អាយុ ៦៩ឆ្នាំ ជាតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ។ លោកធ្លាប់ធ្វើជាអនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា និងជាអនុប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។ ក្នុងពេលបំពេញការងារក្នុងមុខតំណែងដោះស្រាយវិវាទដីធ្លី លោកត្រូវបានចោទប្រកាន់តាមរយៈការបង្ហោះលើហ្វេសប៊ុកក្នុងឆ្នាំ២០១៧ ពីបទរំលោភយកដីនៅខេត្តឧត្តរមានជ័យ។ ទោះជាយ៉ាងណា លោកចាប់ផ្តើមសំណុំរឿងបរិហារកេរ្តិ៍លើអ្នកចោទប្រកាន់ ខណៈចៅក្រមសម្រេចឱ្យ លោក សេរី កុសល ឈ្នះក្ដី។ យោងតាមអត្ថបទមួយឆ្នាំ២០១៩ របស់កាសែតកោះសន្តិភាព បានឱ្យដឹងថា លោក សេរី កុសល បានប្រើកាំភ្លើង AK-47 និងបានគំរាមសម្លាប់ប្រជាពលរដ្ឋខេត្តបាត់ដំបងចំនួន៤នាក់ ដែលគាត់ចោទប្រកាន់ពីបទកាប់ឈើខុសច្បាប់។
៦. លោក ខេង ស៊ុម (CPP)
លោក ខេង ស៊ុម អាយុ ៦៩ឆ្នាំ ជាប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ។ លោកធ្លាប់ធ្វើជាស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាស្នងការរងខេត្តសៀមរាប។
ខេត្តបាត់ដំបង
១. លោក ស ខេង (CPP)
លោក ស ខេង អាយុ ៧២ឆ្នាំ ជាឧបនាយករដ្ឋមន្ត្រីម្នាក់ក្នុងចំណោម១០នាក់ផ្សេងទៀត និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងអាណត្តិទី៦។ លោកក៏ជាអនុប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ។
២. លោក ងិន ឃន (CPP)
លោក ងិន ឃន អាយុ៧២ឆ្នាំអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបងក្នុងអាណត្តិទី៦និងជាសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិងសវនកម្មនៃរដ្ឋសភា។
៣. លោក ឡោក ហួរ CPP
លោក ឡោក ហួរ អាយុ ៦០ឆ្នាំ តំណាងរាស្ត្រមណ្ឌលបាត់ដំបង និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។ លោកក៏ត្រូវបានស្គាល់ថាជាឧកញ៉ា និងជាឧត្តមសេនីយផ្កាយ៣ ដែលបានទន្ទ្រានយកដីប្រជាពលរដ្ឋនៅខេត្តកណ្តាលរាប់ពាន់ហិកតា រហូតដល់ឆ្នាំ២០១៧ ទើបត្រូវបានបញ្ជាឱ្យប្រគល់ដីជូនពលរដ្ឋវិញ និងបាត់បង់តំណែងចេញពីក្រសួងមហាផ្ទៃ។ ជាក់ស្តែង លោក ឡោក ហួរ ត្រូវបានជាប់ក្នុងបញ្ជីខ្មៅរបស់ក្រសួងរៀបចំដែនដី ទាក់ទងនឹងការទន្ទ្រានយកដីក្នុងករណីខាងលើ ប៉ុន្តែក្រោយមកលោកត្រូវបានរដ្ឋាភិបាលផ្តល់ដីបឹងជើងឯកជាង១២ ហិកតាក្នុងឆ្នាំ២០២២។ ក្នុងឆ្នាំ២០១២ លោក ឡោក ហួរ បានរួចផុតពីការប៉ុនប៉ងធ្វើឃាត ដោយអង្គរក្សរបស់លោកបានហក់មករងគ្រាប់កាំភ្លើងជំនួស។
៤. លោក អង្គ វង្ស វឌ្ឍានា (CPP)
លោក អង្គ វង្សវឌ្ឍានា អាយុ៧៤ឆ្នាំជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
៥. លោក ឈាង វុន (CPP)
លោក ឈាង វុន អាយុ ៧២ឆ្នាំ ជាតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា។ លោកធ្លាប់ធ្វើជាអ្នកនាំពាក្យរដ្ឋសភា នៅពេលដែលគណបក្សកាន់អំណាចធ្វើសេចក្ដីព្រាងច្បាប់អង្គការក្រៅរដ្ឋាភិបាលដ៏ចម្រូងចម្រាស។
៦. លោក កើត រិទ្ធ (CPP)
លោក កើត រិទ្ធ អាយុ ៤៤ឆ្នាំ បច្ចុប្បន្នកាន់តំណែងជា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ហើយបើយោងតាមវិទ្យុអាស៊ីសេរី រូបលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំវិសោធនកម្មរដ្ឋធម្មនុញ្ញថ្មីៗនេះ មុនការតែងតាំងជារដ្ឋមន្ត្រីឆ្នាំ២០២០។
៧. លោក សក់ សេដ្ឋា (CPP)
លោក សក់ សេដ្ឋា អាយុ៦៧ឆ្នាំ ជាលេខាធិការអចិន្ត្រៃយ៍នៅក្រសួងមហាផ្ទៃ។
៨. លោក ចាន់ សុផល (CPP)
លោក ចាន់ សុផល អាយុ ៦៥ឆ្នាំ ជាតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបងក្នុងអាណត្តិទី៦ និងជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា។ លោកធ្លាប់ជាអតីតអភិបាលខេត្តបាត់ដំបង។
ខេត្តកំពង់ចាម
១.លោក យឹម ឆៃលី (CPP)
លោក យឹម ឆៃលី អាយុ៧៣ឆ្នាំ ជាឧបនាយករដ្ឋ មន្រ្តីនៅក្នុងនីតិកាលទី៦ និងជាប្រធានក្រុមប្រឹក្សា អភិវឌ្ឍន៍ វិស័យកសិកម្មនិងជនបទហើយលោកក៏ ជាសមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្ស ប្រជាជនកម្ពុជាផងដែរ។ លោកមានទំនាក់ទំនងជាមួយអ្នកនយោបាយកំ ពូលដូចជាលោក ហ៊ុន សែន និង លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី តាមរយៈចំណងអាពាហ៍ពិពាហ៍កូនៗរបស់លោក។
២. លោក ខៀវ កាញារីទ្ធ (CPP)
.
លោក ខៀវ កញ្ញារិទ្ធ អាយុ៧១ឆ្នាំ គឺជារដ្ឋមន្រ្តីក្រសួងព័ត៌មាននៅនីតិកាលទី៦។
៣. លោក ប៉ាន សូរស័ក្តិ (CPP)
លោក ប៉ាន សួរស័ក្តិ អាយុ៦៧ឆ្នាំ ធ្លាប់កាន់មុខតំ ណែងជារដ្ឋមន្រ្តីក្រសួងពាណិជ្ចកម្មនីតិកាលទី៦។ យោងតាមការសែតកម្ពុជាថ្មី លោកបានចំណាយពេលជាង ១៨ឆ្នាំ ក្នុងវិស័យឯកជន ជាពិសេសជា មួយក្រុមហ៊ុន Unocal Corporation ជាក្រុមហ៊ុនរុករកប្រេងនិងឧស្ម័នដែលមានមូលដ្ឋាននៅអាមេរិក។
៤. លោក វេង សាខុន (CPP)
លោក វេង សាខុនអាយុ៦២ឆ្នាំ ជាអតីតរដ្ឋមន្រ្តីក្រសួងកសិកម្ម។
៥. លោក ហង់ជួន ណារ៉ុន (CPP)
លោក ហង់ជួន ណារ៉ុន អាយុ៦១ឆ្នាំជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា ក្នុងនីតិកាលទី៦ ។
៦. លោក លូ គីមឈុន (CPP)
លោក លូ គឹមឈន់ អាយុ៦៧ឆ្នាំ ជាប្រតិភូរដ្ឋាភិបាលកម្ពុជា និងជានាយកប្រតិបត្តិនៃកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ។ លោកក៏ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងបម្រើការនៅក្នុងក្រុមប្រឺក្សាភិបាលវិស្វករកម្ពុជា។
៧. លោក លន់ លឹមថៃ (CPP)
លោក លន់ លឹមថៃអាយុ៦៥ឆ្នាំធ្លាប់ជា តំណាង រាស្រ្តសម្រាប់មណ្ឌលខេត្តកំពង់ចាមកាលពីនីតិកាលទី៦ និងជាលេខានៃគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ។ លោកក៏ជាអតីតអភិបាលខេត្តកំពង់ចាមផង។
៨. លោក ងួន សុជាតិ (CPP)
លោក ងួន សុជាតិ អាយុ៥១ឆ្នាំជាតំណាងរាស្រ្ត សម្រាប់មណ្ឌលខេត្តកំពង់ចាមនៅនីតិកាលទី៦ និង ជាសមាជិកគណៈកម្មការកិច្ចការបទេស សហប្រតិ បត្តិការអន្តរជាតិ ឃោនាការនិងព័ត៌មាននៃរដ្ឋសភា ។ លោកជាអតីតអភិបាលរងខេត្តកំពង់ចាម។ លោកគឺជាកូនប្រុសរបស់ លោក ងួន ញិល ដែលជា អតីតអនុប្រធានទី១ នៃរដ្ឋសភានិងជាសមា ជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលទទួល មរណៈភាពនៅឆ្នាំ២០២១។
៩. លោក ម៉ា ឈឿន (CPP)
លោក ម៉ា ឈឿន អាយុ៦៩ឆ្នាំ ជាតំណាងរាស្រ្ត សម្រាប់មណ្ឌលខេត្តកំពង់ចាមនៅនីតិកាលទី៦ និង ជាសមាជិកក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាប្រចាំខេត្តកំពង់ចាម។ លោក ម៉ា ឈឿន គឺឧត្តមសេនីយ៍ចូលនិវត្តន៍ម្នាក់និងជាអតីតប្រធានបណ្ឌិត្យសភានគរបាល កម្ពុជា។
១០. លោក ញឿន រ៉ាដែន (Funcinpec)
លោក ញឿន រ៉ាដែន អាយុ៣៧ឆ្នាំ គឺជាអ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច។ លោក រ៉ាដែន និងមេដឹក នាំគណបក្សហ៊្វុនស៊ិនប៉ិចផ្សេងទៀតបានទទួលការបណ្តុះបណ្តាលពីគណបក្សកុម្មុយនីស្តចិនស្តីពីការកសាងគោលនយោបាយនិងកសាងគណបក្សកាលពីឆ្នាំមុន។
ខេត្តកំពង់ឆ្នាំង
១. លោក គង់ សំអុល (CPP)
លោក គង់ សំអុល អាយុ៨៦ឆ្នាំ ជាឧបនាយកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង នៅក្នុងអាណាត្តិទី៦ និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តកំពង់ឆ្នាំង។ ថ្មីៗនេះ លោក ហ៊ុន សែន បានស្នើរឲ្យលោក គង់ សំអុល ផ្អាកធ្វើដំណើរតាមហែរហមលោកតទៅទៀតដោយសាតែបារម្ភពីបញ្ហាសុខភាពរបស់លោក។
២. លោក អ៊ុក រ៉ាប៊ុន (CPP)
លោក អ៊ុក រ៉ាប៊ុន អាយុ៧២ឆ្នាំ គឺជារដ្ឋមន្រ្តីក្រសួង អភិវឌ្ឍន៍ជនបទនៅនីតិកាលទី៦ និងជាប្រធានក្រុមការងារជំនួយប្រចាំខេត្តកំពង់ឆ្នាំង។ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលដែលគាំទ្រដោយប្រទេសវៀតណាមក្នុងឆ្នាំ១៩៨១ លោក អ៊ុក រ៉ាប៊ុន ត្រូវបានតែងតាំងជាប្រធានអគ្គនាយកដ្ឋានផែនការនៃក្រសួងផែនការ បន្ទាប់មក បានក្លាយជាអនុរដ្ឋមន្រ្តីក្រសួងផែនការក្នុងឆ្នាំ១៩៨៦ និងជាអនុរដ្ឋមន្រ្តីក្រសួង ពាណិជ្ចកម្មក្នុងឆ្នាំ១៩៩០ ។ លោកបានក្លាយជាសមាជិកសភាសម្រាប់មណ្ឌលខេត្តកំពង់ឆ្នាំងក្នុងការបោះឆ្នោតលើកដំបូងកាលពីឆ្នាំ១៩៩៣ បន្ទាប់មក លោកក្លាយជារដ្ឋលេខាធិការនៅក្នុងក្រសួងហិរញ្ញវត្ថុ។
៣. លោកស្រី កែ ច័ន្ទមុនី (CPP)
លោកស្រី កែ ច័ន្ទមុនី អាយុ៦៤ឆ្នាំ ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំងនិងជាលេខាធិការគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ក្នុងនីតិកាលទី៦។
៤.លោក លី ណារុន (CPP)
លោក លី ណារុន អាយុ៦២ឆ្នាំ ជាសមាជិកសភាសម្រាប់មណ្ឌលខេត្តកំពង់ឆ្នាំងនៅក្នុងនីតិកាលទី៦ និងជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។ លោកត្រូវបានតែងតាំងជារដ្ឋលេខាធិការនៅក្រសួងអភិវឌ្ឍជនបទបានរយៈពេល៤ខែ មុនបោះឆ្នោត២០២៣នេះ និងជាសមាជិកនៃគណៈវិស្វករកម្ពុជាផងដែរ។
ខេត្តកំពង់ស្ពឺ
១. លោក ឆាយ ថន (CPP)
លោក ឆាយ ថន អាយុ៧៥ឆ្នាំ ជាទេសរដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងផែនការនៅនីតិកាលទី៦។ តួនាទីរបស់លោកដំបូងនៅក្នុងជួររដ្ឋាភិបាលគឺជាប្រធានពន្ធដារនៅក្នុងរដ្ឋាភិបាលដែលគាំទ្រដោយវៀតណាមឆ្នាំ១៩៨១ ហើយបន្ទាប់មកលោកបានក្លាយជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុក្នុងឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៩៣ ។ លោកចាប់ផ្តើមកាន់តំណែងជារដ្ឋមន្រ្តីក្រសួងផែនការតាំងពីឆ្នាំ១៩៩៨ មកម៉្លេះ។
២. លោក ហ៊ុន ម៉ានី (CPP)
លោក ហ៊ុន ម៉ានី អាយុ៤០ឆ្នាំ ជាកូនប្រុសពៅរបស់លោក ហ៊ុន សែន និងជាប្រធានសហភាពសហ ព័ន្ធយុវជនកម្ពុជា ជាស្ថាប័នដែលបានដាក់អ្នក សង្កេតការណ៍បោះឆ្នោតច្រើនជាងគេ ហើយក៏ជាស្ថាប័នដែលបានចូលរួមចំណែកកក្នុងបុព្វហេតុគាំទ្ររដ្ឋាភិបាលផ្សេងៗទៀត។ លោកក៏ជាសមាជិកសភាសម្រាប់មណ្ឌលខេត្តកំពង់ស្ពឺនៅក្នុង នីតិកាលទី៦ និងជាប្រធានគណៈកម្មការអប់រំ យុវជន កីឡា កិច្ចការសាសនា វប្បធម៌និងទេសចរណ៍នៃរដ្ឋសភាផងដែរ។ លោករៀបការជាមួយនឹងលោកស្រី យឹម ឆៃលីន ដែលជាកូនស្រីរបស់លោក យឹម ឆៃលី ដែលជាឧបនាយករដ្ឋមន្ត្រី និងជាបេក្ខភាពឈរឈ្មោះតំណាងរាស្ត្រនៅលេខរៀងកំពូលសម្រាប់មណ្ឌលខេត្តកំពង់ចាម។
៣. លោក សត្យា វុធ (CPP)
លោក សត្យា វុធ អាយុ៦៩ឆ្នាំជាសមាជិកសភាសម្រាប់មណ្ឌលខេត្តកំពង់ស្ពឺនិងជាសមាជិកគណៈ កម្មការមហាផ្ទៃ ការពារជាតិនិងមុខងារសាធារណៈ នៃរដ្ឋសភា។
៤. លោក សេង ញ៉ក់ (CPP)
លោក សេង ញ៉ក់ អាយុ៤៣ឆ្នាំ ជាឧកញ៉ានិងជាកូនប្រសាររបស់លោក លី យ៉ុងផាត់ ជាឧកញ៉ាល្បីឈ្មោះនិងជាសមាជិកព្រឹទ្ធសភា។ លោក សេង ញ៉ក់ គឺជាអគ្គនាយកនៅក្រុមហ៊ុនមួយចំនួនរបស់លោក លី យ៉ុងផាត់ រួមទាំងក្រុមហ៊ុនស្ករសភ្នំពេញ ដែលបានប្រើប្រាស់មូលនិធិអភិវឌ្ឍន៍អន្តរជាតិ ធ្វើការរឹបអូសនិងឈូសឆាយដីប្រជាពលរដ្ឋជាង១១០០ គ្រួសារដោយខុសច្បាប់។ លោក សេង ញ៉ក់ ក៏ជាអគ្គនាយកនៃក្រុមហ៊ុន The Premium land ផងដែរ ហើយភរិយារបស់ លោក គឺលោកស្រី លី អាផន ដែលទទួលបានដីច្រើនកន្លែងពីរដ្ឋាភិបាល។
៥. លោកស្រី ខេង សំវ៉ាដា (CPP)
លោកស្រី ខេង សំវ៉ាដា អាយុ៦៦ឆ្នាំ ជារដ្ឋលេខាធិការនៅក្រសួងកិច្ចការនារី និងជាភរិយារបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា។
៦. លោក សុខ ប៊ន (CPP)
លោក សុខ ប៊ន អាយុ៧១ឆ្នាំ ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ នៅនីតិកាលទី៦ និងជាសមាជិកគណៈកម្មការទី៧ នៃរដ្ឋសភា។
ខេត្តកំពង់ធំ
១. លោក ជា ចាន់តូ (CPP)
លោក ជា ចាន់តូ អាយុ៧១ឆ្នាំ គឺជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។ ក្រោមការដឹកនាំនៃរដ្ឋាភិបាលដែលគាំទ្រដោយវៀតណាម លោក ជា ចាន់តូ ដំបូងឡើយធ្វើជាអនុរដ្ឋមន្ត្រីក្រសួងផែនការ មុនពេលលោកក្លាយជារដ្ឋមន្ត្រីនៅឆ្នាំ១៩៨៩។ បន្ទាប់ពីការបោះឆ្នោតលើកដំបូងនៅក្នុងឆ្នាំ១៩៩៣ លោកនៅរក្សាតួនាទីជារដ្ឋមន្ត្រីក្រសួងផែនការដដែល ហើយក្រោយមក លោកបានក្លាយជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។ កូនស្រីរបស់លោក គឺលោកស្រី ជា សិរី បានស្នងតំណែងរបស់លោកនៅធនាគារកណ្តាលនាពេលថ្មីៗនេះ។
២. លោក ថោង ខុន (CPP)
លោក ថោង ខុន អាយុ៧១ឆ្នាំ គឺជារដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅក្នុងនីតិកាលទី៦ ហើយលោកក៏ជាប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយខេត្តកំពង់ធំផងដែរ។
៣. លោក សួស យ៉ារ៉ា (CPP)
លោក សួស យ៉ារ៉ា អាយុ៤៩ឆ្នាំ គឺជាតំណាងរាស្ត្រសម្រាប់មណ្ឌលខេត្តព្រះវិហារនៅក្នុងនីតិកាលទី៦ ហើយជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។ លោកក៏ជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាផងដែរ។
៤. លោក ឃឹង នុភាព (CPP)
លោក ឃឹង នុភាព អាយុ៤៤ឆ្នាំ គឺជាតំណាងរាស្ត្រសម្រាប់មណ្ឌលខេត្តកំពង់ធំនៅក្នុងនីតិកាលទី៦និងជាសមាជិកគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា។ លោក ឃឹង នុភាព ក៏ជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាផងដែរ ហើយក្រុមហ៊ុនរបស់លោកឈ្មោះ NOUPHEAP SOPHY INVESTMENT CO., Ltd មានជាប់ពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់នៅក្នុងខេត្តរតនគិរី។
៥. លោក នង វាសនា (CPP)
លោក នង វាសនា អាយុ៤១ឆ្នាំគឺជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំនៅនីតិកាលទី៦។ លោកមានទំនាក់ទំនងជាមួយក្រុមហ៊ុនចំនួន១០ ដែលភាគច្រើនជាក្រុមហ៊ុនដែលកាន់កាប់ដីសម្បទានសេដ្ឋកិច្ច រួមទាំងក្រុមហ៊ុនចម្ការកៅស៊ូ Sambath Platinum នៅក្នុងខេត្តកំពង់ធំ ដែលតាមចោទថា បានដាក់ពាក្យប្តឹងសកម្មជនដីធ្លីជនជាតិដើមភាគតិចកាលពីឆ្នាំ២០២២ ចំពេលមានការតវ៉ាជុំវិញការរានដីសហគមន៍។
៦. លោក នាង ចាន់ណាក់ (Funcinpec)
លោក នាង ចាន់ណាក់ អាយុ៣៩ឆ្នាំ បានក្លាយជាតំណាងរាស្ត្រសម្រាប់មណ្ឌលខេត្តកំពង់ធំនៅក្នុងឆ្នាំ២០១៧ បន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយ បន្ទាប់មកលោកបានបាត់បង់អាសនៈរបស់លោកនៅក្នុងការបោះឆ្នោតឆ្នាំ២០១៨។
— លោក យឹម លាត (CPP)
លោក យឹម លាត អាយុ៣៦ឆ្នាំធ្លាប់ជាតំណាងរាស្ត្រសម្រាប់មណ្ឌលខេត្តកំពង់ធំនិងធ្លាប់ជាសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិងសវនកម្មនៃរដ្ឋសភា។ លោកគឺជាកូនប្រុសរបស់លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រីនិងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។ លោក យឹម លាត ក៏ជាសមាជិកនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ លោក យឹម លាត គឺជាបេក្ខជនតំណាងរាស្ត្រលេខរៀងទី៤សម្រាប់មណ្ឌលខេត្តកំពង់ធំ ប៉ុន្តែត្រូវបានតែងតាំងជាអគ្គទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជាជំនួសវិញនិងត្រូវបានដកឈ្មោះចេញពីបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រវិញ។
ខេត្តកំពត
១. លោក ប៉ែន ស៊ីម៉ន (CPP)
លោក ប៉ែន ស៊ីម៉ន អាយុ៦៨ឆ្នាំ ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពតនៅនីតិកាលទី៦។ លោក ប៉ែន ស៊ីម៉ន គឺជាអតីតអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ហើយធ្លាប់រងការចោទប្រកាន់ពុករលួយនៅក្នុងនាយកដ្ឋានរបស់លោក។ អង្គការ Global Witness បានអះអាងថា ភរិយារបស់លោក ប៉ែន ស៊ីម៉ន ធ្វើជំនួញជាមួយក្រុមហ៊ុន Attwood Import Export ជាក្រុមហ៊ុនចែកចាយឈើប្រណិត។ លោក ស៊ីម៉ន មានគេហដ្ឋានដ៏ស្កឹមស្កៃមួយនៅខាងក្រោយអាគារព្រឹទ្ធសភាក្នុងទីក្រុងភ្នំពេញ ដែលតាមរាយការណ៍ថា គេហដ្ឋានដែលមានទំហំ ៦.៥០០ម៉ែត្រការ៉េនេះ មានតម្លៃ១៨លានដុល្លារកាលពីឆ្នាំ២០១៥។
២. លោកស្រី អ៊ុន សុគន្ធា (CPP)
លោកស្រី អ៊ុន សុគន្ធា អាយុ៦៨ឆ្នាំ គឺជាតំណាងរាស្ត្រមណ្ឌលខេត្តកំពត ហើយធ្លាប់ជាលេខាធិការគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា។ លោកស្រី គឺជាភរិយារបស់លោក ខូយ ឃុនហួរ អតីតអភិបាលខេត្តកំពត។
៣. លោក សោម ចិន (CPP)
លោក សោម ជិន អាយុ៧៤ឆ្នាំ គឺជាតំណាងរាស្ត្រមណ្ឌលខេត្តកំពតនីតិកាលទី៦។ លោកគឺជាឪពុករបស់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។ លោក សោម ជិន ក៏ជាប្រធានក្រុមសមាជិកសភាមិត្តភាពកម្ពុជាកូរ៉េខាងជើងផងដែរ។
៤. លោក នឹម ច័ន្ទតារា (CPP)
លោក នឹម ច័ន្ទតារា អាយុ៦៨ឆ្នាំ គឺជាតំណាងរាស្ត្រមណ្ឌលខេត្តកំពត ហើយជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មាននៃរដ្ឋសភា។ លោក នឹម ច័ន្ទតារា គឺជាស្វាមីរបស់លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីរបស់លោក ហ៊ុន សែន។ កន្លងមក លោក ច័ន្ទតារា ធ្លាប់បម្រើការងារជាឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសភូមា។ លោកគឺជានាយកក្រុមហ៊ុនចំនួនបួនរួមទាំងក្រុមហ៊ុន Billion Auto និងក្រុមហ៊ុនសន្តិសុខឯកជន Overseas Security Guardians Holdings ។
៥. លោកស្រី ចម និម្មល (CPP)
លោកស្រី ចម និម្មល អាយុ៤៣ឆ្នាំ គឺជារដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្មហើយក៏ជាសមាជិកនៃគណៈអចិន្ត្រៃយ៍គណៈកម្មការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។ លោកស្រី គឺជាកូនស្រីរបស់លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
៦. លោក ម៉ាត់ សេត (CPP)
លោក ម៉ាត់ សេត អាយុ៤២ឆ្នាំធ្លាប់ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពតនីតិកាលទី៦។ លោក ម៉ាត់ សេត ទំនងជាមានក្រុមហ៊ុនពីរដែលចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម។
ខេតកណ្តាល
១. លោក ហ៊ុន សែន (CPP)
លោក ហ៊ុន សែន អាយុ៧១ឆ្នាំ បច្ចុប្បន្នគឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានកាន់តំណែងកំពូលនេះអស់រយៈពេល៣៨ឆ្នាំមកហើយ។ លោក ហ៊ុន សែន បានចូលរួមក្នុងនយោបាយជាលើកដំបូងនៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលដែលគាំទ្រដោយវៀតណាមនៅទសវត្សរ៍ឆ្នាំ១៩៨០ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេស ហើយបន្ទាប់មកបានក្លាយជានាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៨៥។ លោកមិនបានឈ្នះការបោះឆ្នោតលើកដំបូងនៅឆ្នាំ១៩៩៣នោះទេ ប៉ុន្តែបានបង្ខំឲ្យមានការបែងចែកអំណាចជាមួយព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលឈ្នះការបោះឆ្នោតនៅពេលនោះ។ ក្រោយមកទៀត លោក ហ៊ុន សែន បានដណ្តើមយកតំណែងជានាយករដ្ឋមន្ត្រីទាំងស្រុងនៅក្នុងជម្លោះប្រដាប់អាវុធនៅឆ្នាំ១៩៩៧ ដែលអ្នកសង្កេតការណ៍អន្តរជាតិភាគច្រើនចាត់ទុកថា ជារដ្ឋប្រហារ។ គេរំពឹងថា លោកនឹងលាលែងពីតំណែងនាយករដ្ឋមន្ត្រីនិងផ្ទេរអំណាចទៅឲ្យកូនប្រុសរបស់លោកឈ្មោះ ហ៊ុន ម៉ាណែត ភ្លាមៗបន្ទាប់ពីការបោះឆ្នោត។ លោកក៏បានអះអាងផងដែរថា លោកនឹងក្លាយជាប្រធានព្រឹទ្ធសភា បន្ទាប់ពីការលាលែង ដូច្នេះលោកប្រហែលជាត្រូវចាកចេញពីអាសនៈតំណាងរាស្ត្រក្នុងរដ្ឋសភា។
២. លោកស្រី ឃួន សុដារី (CPP)
លោកស្រី ឃួន សុដារី អាយុ៧០ឆ្នាំ បច្ចុប្បន្នគឺជាអនុប្រធានទី២ រដ្ឋសភា នីតិកាលទី៦។
៣. លោក អូន ព័ន្ធមុនីរ័ត្ន (CPP)
លោក អូន ព័ន្ធមុនីរ័ត្ន អាយុ៥៧ឆ្នាំគឺជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់នីតិកាលទី៦។ លោកគឺជាស្វាមីរបស់លោកស្រី អ៊ឹម ប៉ូលីកា ជាអ្នកជំនួញនិងជាកូនស្រីរបស់អតីតរដ្ឋមន្ត្រីក្រសួងអប់រំ អ៊ឹម សុធី។ លោក អូន ព័ន្ធមុនីរ័ត្ន ក៏ជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិនិងជាប្រធានធនាគារវិនយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។
៤. លោក ប្រាក់ សុខុន (CPP)
លោក ប្រាក់ សុខុន អាយុ៦៩ឆ្នាំ គឺជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសសម្រាប់នីតិកាលទី៦។ លោក គឺជាស្វាមីរបស់លោកស្រី ខេង សំវ៉ាដា ជារដ្ឋលេខាធិការនៅក្រសួងកិច្ចការនារី ដែលឥឡូវលោកស្រីគឺជាបេក្ខជនតំណាងរាស្ត្រផងដែរ។ កន្លងមក លោក ប្រាក់ សុខុន ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងជាទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ លោកបម្រើការងារក្នុងជួរកងទ័ពនិងធ្វើការងារនៅផ្នែកព័ត៌មានកងទ័ពផងដែរ។
៥. លោក ម៉ៅ ភិរុណ (CPP)
លោក ម៉ៅ ភិរុណ អាយុ៦៣ឆ្នាំ គឺជាអតីតអភិបាលខេត្តកណ្តាល ហើយក្រោយមកបានក្លាយជាប្រធានក្រុមប្រឹក្សាខេត្តនៅក្រោយឆ្នាំ២០២០។ មិនយូរប៉ុន្មានមុនពេលលោកត្រូវបានដកចេញពីតំណែងអភិបាលខេត្ត អង្គភាពប្រឆាំងអំពើពុករលួយបានបើកការស៊ើបអង្កេតលើករណីពុករលួយនៅខេត្តកណ្តាល។ លោកក៏ជាសមាជិកនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពផងដែរ ហើយបច្ចុប្បន្ន គឺជាសមាជិកនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។
៦. លោក ស៊ុន ចាន់ថុល (CPP)
លោក ស៊ុន ចាន់ថុល អាយុ៦៧ឆ្នាំ បច្ចុប្បន្នគឺជារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនសម្រាប់នីតិកាលទី៦ និងជាប្រធានសហព័ន្ធកីឡាហែលទឹកកម្ពុជា។ លោកធ្លាប់កាន់តួនាទីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងក្រសួងពាណិជ្ជកម្មហើយលោកក៏ធ្លាប់ធ្វើការងារឲ្យក្រុមហ៊ុន U.S. corporation General Electric ផងដែរ។
៧. លោក លឹម គានហោ (CPP)
លោក លឹម គានហោ អាយុ៧៣ឆ្នាំ គឺជារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមសម្រាប់នីតិកាលទី៦ និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
៨. លោក សុខ ចិន្តាសោភា (CPP)
លោក សុខ ចិន្តាសោភា អាយុ៦៧ឆ្នាំបានក្លាយជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាតាំងពីឆ្នាំ១៩៩៧ ហើយជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។ មុនពេលលោកកាន់តំណែងនេះ លោកធ្លាប់ធ្វើការងារជាមួយក្រុមហ៊ុនឯកជននៅប្រទេសបារាំង ហើយរយៈពេលមួយឆ្នាំ បន្ទាប់ពីលោកត្រឡប់មកប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩២ លោកត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការនៅក្រសួងទេសចរណ៍។
៩. លោក វង្សី វិស្សុត (CPP)
លោក វង្សី វិស្សុត អាយុ៥៨ឆ្នាំ គឺជារដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។កន្លងមក លោកធ្លាប់ធ្វើការងារនៅក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាសមុនពេលលោកចូលរួមជាមួយក្រសួងសេដ្ឋកិច្ចនៅឆ្នាំ១៩៩៥ ហើយទទួលបានការកោតសរសើរចំពោះការដឹកនាំគោលនយោបាយសារពើពន្ធនិងការរៀបចំថវិកាសម្រាប់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។
១០. លោក ទី សុគន្ធ (CPP)
លោក ទី សុគន្ធ អាយុ៥៦ឆ្នាំ គឺជាតំណាងរាស្ត្រខេត្តកណ្តាលសម្រាប់នីតិកាលទី៦ ហើយធ្លាប់ជាលេខាធិការនៃគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មាននៃរដ្ឋសភា។ កន្លងមក លោក ទី សុគន្ធ ធ្លាប់ជាប្រធានរដ្ឋបាលព្រៃឈើ ប៉ុន្តែលោក ហ៊ុន សែន បានដកលោកចេញពីតំណែង ដែលតាមចោទថា ដោយសារមិនបានចាត់វិធានការណ៍ភ្លាមៗគ្រប់គ្រាប់ ដើម្បីទប់ស្កាត់ប្រតិបត្តិការកាប់ឈើខុសច្បាប់។ ក្រោយមក លោក ទី សុគន្ធ បានក្លាយជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។
១១. លោក គង់ បណ្តូល (Funcinpec)
លោក គង់ បណ្តូល អាយុ៤៧ឆ្នាំ គឺជាប្រធានក្រុមការងារបោះឆ្នោតរបស់គណបក្សហ៊្វុនស៊ិនប៉ិចនិងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្តាល។ លោកក៏ជាសមាជិកគណៈកម្មាធិការនាយកគណ បក្សហ៊្វុនស៊ិនប៉ិចផងដែរ។
ខេត្តកោះកុង
១. លោក ដុំ យុហៀន (CPP)
លោក ដុំ យុហៀន អាយុ៧០ឆ្នាំ គឺជាតំណាងរាស្ត្រខេត្តកោះកុងសម្រាប់នីតិកាលទី៦ ហើយលោកគឺជាអនុប្រធានក្រុមការងារចុះជួយខេត្តកោះកុង។ លោកគឺជាអតីតអភិបាលរងខេត្តកោះកុង។
ខេត្តក្រចេះ
១. លោក ព្រុំ សុខា (CPP)
លោក ព្រុំ សុខា អាយុ៦៨ឆ្នាំ គឺជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈសម្រាប់នីតិ កាលទី៦។ លោកធ្លាប់ជារដ្ឋលេខាធិកាក្រសួងមហាផ្ទៃ។ យោងតាមសេចក្តីរាយការណ៍របស់កាសែតកម្ពុជាថ្មីបានឲ្យដឹងថា លោក ព្រុំ សុខា គឺជាប្រធានក្រុមចរចារបស់គណបក្សប្រជាជនកម្ពុជានៅគ្រប់វិបត្តិពាក់ព័ន្ធនឹងការបោះឆ្នោតរវាងឆ្នាំ១៩៩៨ដល់ឆ្នាំ២០១៣។
២. លោក ពេជ្រ ប៊ុនធិន (CPP)
លោក ពេជ្រ ប៊ុនធិន អាយុ៧៨ឆ្នាំ គឺជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសសម្រាប់នីតិកាលទី៦ ហើយក៏ជាអតីតរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈផងដែរ។
៣. លោក សរ ចំរុង (CPP)
លោក សរ ចំរុង អាយុ៦៥ឆ្នាំគឺជាអតីតអភិបាលខេត្តក្រចេះ ហើយធ្លាប់ជាលេខាធិការនៃគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេតនិងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា សម្រាប់នីតិកាលទី៦។ លោក សរ ចំរុង បានក្លាយជាអភិបាលខេត្តក្រចេះកាលពីឆ្នាំ២០១២ ដោយចូលជំនួសចៅហ្វាយខេត្តចាស់ដែលបានទទួលមរណភាពនៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ហើយលោក ចំរុង ក៏ត្រូវបានដកចេញកាលពីឆ្នាំ២០១៨ ភ្លាមៗ បន្ទាប់ពីមានអ្នកភូមិប្រមាណជា៨នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចជាមួយនគរបាល។ លោក សរ ចំរុង កន្លងមកធ្វើជាអភិបាលរងខេត្តបន្ទាយមានជ័យ ទីដែលលោករងការចោទប្រកាន់ថា បានរំលោភយកដីប្រជាពលរដ្ឋ៣០នាក់នៅឃុំអូរបីជាន់ មុនពេលលោកត្រូវបានផ្ទេរមកកាន់ខេត្តក្រចេះ។
ខេត្តមណ្ឌលគិរី
១. លោក ចាន់ យឿន (CPP)
លោក ចាន់ យឿន អាយុ៧២ឆ្នាំ គឺជាសមាជិកសភាមកពីមណ្ឌលខេត្តមណ្ឌលគិរីសម្រាប់នីតិកាលទី៦ និងជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិនិងមុខងារសាធារណៈនៃរដ្ឋសភា។ លោកក៏ជាអតីតអភិបាលខេត្តមណ្ឌលគិរីផងដែរ។ ខណៈពេលលោកនៅជាអភិបាលរងខេត្តមណ្ឌលគិរីក្នុងឆ្នាំ២០០៨ លោក ចាន់ យឿន ដែលក៏ជាជនជាតិដើមភាគតិចពូនង តាមព័ត៌មានថា បានបណ្តេញក្រុមគ្រួសារជនជាតិដើមភាគតិចពូនងចេញពីដីរបស់ពួកគាត់។លោកធ្លាប់បានការពារកូនប្រសាររបស់លោកដែលរងការចោទប្រកាន់កាប់ឈើខុសច្បាប់ ខណៈពេលធ្វើជាជំនួយការរបស់លោកផ្ទាល់។ លោក ចាន់ យឿន គឺជាប្រធានក្រុមប្រឹក្សាបដិវត្តន៍ប្រជាជនកម្ពុជាប្រចាំខេត្តនេះពីឆ្នាំ១៩៨៣ដល់ឆ្នាំ១៩៩១។
រាជធានីភ្នំពេញ
១. លោក ហ៊ុន ម៉ាណែត (CPP)
លោក ហ៊ុន ម៉ាណែត គឺជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រី។ លោកគឺជាមេបញ្ជាការកងទ័ពជើងគោកហើយ កាលពីខែមេសាកន្លងទៅ រូបលោកត្រូវបានដំឡើងឋានន្តរស័ក្តិមួយកម្រិតទៀតទៅនាយឧត្តមសេនីយ៍ (ផ្កាយ៤) នៅក្នុងអាយុ៤៥ឆ្នាំផងដែរ ដែលជាកម្រិតឋានន្តរស័ក្តិយោធាខ្ពស់បំផុតរបស់ប្រទេស។ លោក ហ៊ុន ម៉ាណែត បានឆ្លងកាត់ការសិក្សានៅសាលាល្បីៗមួយចំនួននៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ រូបលោកកាលពីពេលកន្លងទៅ ក៏ធ្លាប់ទទួលបានការកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចការដោះស្រាយការចរចាក្នុងជម្លោះព្រំដែនជាមួយប្រទេសថៃក្នុងខេត្តព្រះវិហារក្នុងចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ ស្របពេលដែលរូបលោកក៏មានតួនាទីជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្មផងដែរ។
២. លោក ប៉ា សុជាតិវង្ស (CPP)
លោក ប៉ា សុជាតិវង្ស អាយុ៦៦ឆ្នាំធ្លាប់កាន់តំណែងជាអភិបាលរាជធានីភ្នំពេញ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ ២០១៧ មុនពេលជាប់ឆ្នោតជាសមាជិករដ្ឋសភា។ ទោះយ៉ាងណា លោកបានចាកចេញពីតំណែងក្នុងរដ្ឋសភានៅឆ្នាំ២០១៩ មកធ្វើជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។ លោកត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់របស់លោក ហ៊ុន សែន ហើយនៅឆ្នាំ២០២១ ក៏ត្រូវបានតែងតាំងជាសមាជិកថ្មីរបស់រាជរដ្ឋាភិបាល ឋានៈជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។
៣. លោក អ៉ិត សំហេង (CPP)
លោក អ៉ិត សំហេង អាយុ៦៨ឆ្នាំ បច្ចុប្បន្នជារដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធ្លាប់ជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
៤. លោក ម៉ម ប៊ុនហេង (CPP)
លោក ម៉ម ប៊ុនហេង អាយុ ៧៤ឆ្នាំ បច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ លោកក៏ធ្លាប់ធ្វើជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ផងដែរ។ ទោះយ៉ាងណា លោកត្រូវបានទទួលការរិះគន់ពីសំណាក់លោក ហ៊ុន សែន ជុំវិញការដោះស្រាយជំងឺរាតត្បាតមួយនេះ។ លោក ម៉ម ប៊ុនហេង គឺជាបេក្ខភាពដែលមានវ័យចំណាស់ជាងគេក្នុងបញ្ជីបេក្ខជនគណបក្សប្រជាជនកម្ពុជានៅរាជធានីភ្នំពេញ។
៥. លោកស្រី អុឹង កន្ថាផាវី (CPP)
លោកស្រី អ៊ឹង កន្ថាផាវី អាយុ ៦៣ឆ្នាំ បច្ចុប្បន្ន កាន់តំណែងជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី។
៦. លោក កែប ជុតិមា (CPP)
លោក កែប ជុតិមា អាយុ ៧២ឆ្នាំ ជាអ្នកតំ ណាងរាស្រ្តមណ្ឌលភ្នំពេញ និងជាអតីតអភិបាលរាជធានីភ្នំពេញអំឡុងឆ្នាំ២០០៣ ដល់ឆ្នាំ២០១៣។ នៅឆ្នាំ ២០២២ លោកត្រូវបានសម័យប្រជុំពេញអង្គរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានគណៈកម្មការទី៤ គឺគណៈកម្មការមហាផ្ទៃ ការពារជាតិនិងមុខងារសាធារណៈ។ ក្នុងអំឡុងពេលកាន់តំណែងជាអភិបាលរាជធានីភ្នំពេញ លោកធ្លាប់បានដឹកនាំការបណ្តេញដ៏ឃោរឃៅជាច្រើនដែលក្នុងនោះមានការបណ្តេញពលរដ្ឋនៅតំបន់បឹងកក់ និងបុរីកីឡាផងដែរ។
៧. លោកស្រី ឡោក ខេង (CPP)
លោកស្រី ឡោក ខេង អាយុ ៦៨ឆ្នាំ តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ។ លោកស្រីត្រូវបានស្គាល់ថា មានជាប់ពាក់ព័ន្ធក្នុងជម្លោះដីធ្លីមួយកន្លែងលើផ្ទៃដីជាង ២ហិកតា ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលបណ្តាលឱ្យភាគីជម្លោះម្នាក់ទៀត គឺអនុរដ្ឋលេខាធិការក្រសួងការពារជាតិ លោក ស ថាវី ត្រូវបានចោទប្រកាន់ពីបទ “ផ្តើមគំនិតក្នុងអំពើលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន”។
៨. លោកស្រី គ្រួច សំអាន (CPP)
លោកស្រី គ្រួច សំអាន អាយុ ៧០ឆ្នាំ តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា។
៩. លោក អូស្មាន់ ហាសាន់ (CPP)
លោក អូស្មាន់ ហាសាន់ អាយុ ៦៩ឆ្នាំ ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។ លោកតែងតែដឹកនាំបេសកកម្មនៅក្រៅប្រទេស និងទំនាក់ទំនងពាណិជ្ជកម្មជាពិសេសជាមួយប្រទេសភាគច្រើនដែលកាន់សាសនាអ៊ីស្លាម។ លោកក៏ជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ។ លោក អូស្មាន់ ហាសាន់ គឺជាឧកញ៉ាមួយរូប ដែលបានផ្ទេរភាគហ៊ុននៅក្នុងក្រុមហ៊ុនមុនរបស់គាត់ឈ្មោះ Hassan Import Export ទៅឱ្យកូនៗរបស់គាត់។
១០. លោក ឃុត ចាន់តារា (CPP)
លោក ឃុត ចាន់តារា អាយុ ៤២ឆ្នាំ ជាតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ។ លោកក៏ជាសមាជិកនៃគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា។ លោកជាអនុប្រធាន ស.ស.យ.ក រាជធានីភ្នំពេញ ជាស្ថាប័នមួយចូលរួមសង្កេតការណ៍បោះឆ្នោតច្រើនជាងគេ ក្នុងការបោះឆ្នោត៤លើកចុងក្រោយនេះ។ លោកជាបេក្ខជនក្មេងជាងគេក្នុងបញ្ជីបេក្ខជនគណបក្សប្រជាជនកម្ពុជានៅរាជធានីភ្នំពេញ។
១១. លោក លី ឆេង (CPP)
លោក លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប។
១២. ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ (Funcinpec)
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះជន្មា៥៣ព្រះវស្សា ជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាបុត្រាច្បងសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ដែលបានសោយទិវង្គត ក្នុងឆ្នាំ២០២១។
ខេត្តព្រះវិហារ
១. លោក មាស សុភា (CPP)
លោក មាស សុភា អាយុ៦៨ឆ្នាំ គឺជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសសម្រាប់នីតិកាលទី៦ ហើយជាប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាប្រចាំខេត្តព្រះវិហារផងដែរ។ លោក មាស សុភា គឺជាឧត្តមសេនីយ៍យោធាផ្កាយបួនហើយលោក ហ៊ុន ម៉ាណែត បានចូលកាន់តំណែងបន្តពីលោកជាអគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងទ័ពជើងគោក។
ខេត្តព្រះវិហារ
១. លោក ជាម យៀប (CPP)
លោក ជាម យៀប អាយុ៧៦ឆ្នាំ គឺជាអនុប្រធានទី១នៃរដ្ឋសភាសម្រាប់នីតិកាលទី៦ ហើយជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។ លោកធ្លាប់បម្រើការងារនៅរដ្ឋសភា អំឡុងរដ្ឋាភិបាលគាំទ្រដោយវៀតណាមពីឆ្នាំ១៩៨៣ដល់ឆ្នាំ១៩៩៣។ អង្គការសិទ្ធិមនុស្សបានសម្តែងការព្រួយបារម្ភថា លោក ជាម យៀប មិនដែលត្រូវបានផ្តន្ទាទោសទេ បន្ទាប់ពីរថយន្តរបស់លោកជាប់ពាក់ព័ន្ធនឹងករណីបុកហើយរត់ដែលបណ្តាលឲ្យមានមនុស្សស្លាប់។
២. លោក ស សុខា (CPP)
លោក ស សុខា អាយុ៤២ឆ្នាំគឺជារដ្ឋលេខាធិកានៅក្រសួងអប់រំ ជាប្រធានសហព័ន្ធកីឡាសិស្ស-និស្សិតកម្ពុជានិងជាកូនប្រុសរបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លោកក៏ជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។ លោក ស សុខា រៀបការជាមួយលោកស្រី កែ សួនសុភី ជាកូនស្រីរបស់លោក កែ គឹមយ៉ាន។ កាលពីឆ្នាំមុន មានពាក្យចរចាមអារ៉ាមថា លោកក៏ចាប់អារម្មណ៍នឹងតំណែងនាយករដ្ឋមន្ត្រីផងដែរ ប៉ុន្តែក្រោយមកលោកបានច្រានចោលការលើកឡើងបែបនេះ។ លោក ស សុខា គឺជាអតីតប្រធាន Grand Phnom Penh Golf និងក្រុមហ៊ុនឈ្មោះ Jinbei Investment។ ក្រុមហ៊ុននេះជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្សនិងការឆបោកតាមប្រព័ន្ធអ៊ីនធើណិត។
៣. លោក មុំម ស៊ីបុន (CPP)
លោក មុំម ស៊ីបុន អាយុ៧៨ឆ្នាំ គឺជាសមាជិកសភាសម្រាប់មណ្ឌលខេត្តព្រៃវែងនីតិកាលទី៦ ហើយជាអតីតរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន។
៤. លោក ឡុង ប៊ុន្នី (CPP)
លោក ឡុង ប៊ុន្នី អាយុ៥៣ឆ្នាំ គឺជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែងនិងក៏ធ្លាប់ជាអតីតតំណាងរាស្ត្រខេត្តព្រៃវែងមកពីគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំង។ លោក ប៊ុន្នី បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាកាលពីខែតុលា ឆ្នាំ២០១៧ ភ្លាមៗក្រោយពីការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ហើយលោករក្សាបានអាសនៈរបស់លោកជាតំណាងរាស្ត្រសម្រាប់គណបក្សកាន់អំណាចនៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨។
៥. លោក ជាម ប៉េអា (CPP)
លោក ជាម ប៉េអា អាយុ៤៧ឆ្នាំគឺជាតំណាងរាស្ត្រសម្រាប់មណ្ឌលខេត្តព្រៃវែងនិងជាអគ្គនាយករងនៅក្រសួងមហាផ្ទៃ។ កាលពីឆ្នាំ២០១២ លោកត្រូវបានចោទប្រកាន់និងពិន័យជាប្រាក់១.២៣០ដុល្លារ បន្ទាប់ពីលោកត្រូវបានរកឃើញថា ព្យាយាមផ្តល់សំណូកទៅឲ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់មកពីគណបក្សសម រង្ស៊ី នៅខេត្តបាត់ដំបង ដើម្បីបោះឆ្នោតឲ្យគណបក្សកាន់អំណាច។ លោកក៏ជាប្រធានក្រុមឃ្លាំមើលនិងវាយតម្លៃនៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលក្នុងនោះលោកចូលរួមនៅក្នុងការងារវិនិយោគអន្តរជាតិច្រើនរួមទាំងគម្រោងរ៉េដបូក និងគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន ២ (LASED II) ដែលមានបញ្ហារបស់ធនាគារពិភពលោក។
៦. លោក ញឹម វណ្ណដា (CPP)
លោក ញឹម វណ្ណដា អាយុ៧៥ឆ្នាំគឺជាអតីតអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដកលោកចេញពីតំណែងនៅឆ្នាំ២០១៩ ដោយលោកនាយករដ្ឋមន្ត្រីអះអាងថា លោក ញឹម វណ្ណដា ខ្វះការទទួលខុសត្រូវនិងភូតកុហក់ក្នុងការឆ្លើយតបទៅនឹងហេតុការណ៍បាក់រលំអាគារនៅក្រុងព្រះសីហនុ។ លោក ញឹម វណ្ណដា ត្រូវបានផ្តល់តួនាទីជាទីប្រឹក្សារដ្ឋាភិបាលដែលមានឋានៈស្មើនឹងទេសរដ្ឋមន្ត្រីជំនួសវិញ។ លោកធ្លាប់ត្រូវបានដំឡើងជាឧត្តមសេនីយ៍ផ្កាយបួនកាលពីឆ្នាំ២០០៧ បន្ទាប់ពីលោករកឃើញយន្តដែលបានធ្លាក់នៅខេត្តកំពតនៅដើមឆ្នាំដដែលនោះ ហើយមុនពេលនោះ លោកធ្លាប់មានតួនាទីនៅក្នុងជួររដ្ឋាភិបាលច្រើនរួមទាំងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាតំណាងពិសេសរបស់នាយករដ្ឋមន្ត្រីក្នុងទសវត្សរ៍ឆ្នាំ១៩៩០។ លោកជាម្ចាស់សួនសត្វមួយកន្លែងនៅខេត្តកំពត ដែលរងការរិះគន់ដោយសារការមើលថែសត្វមិនបានដិតដល់។
៧. លោក ស្បោង សារ៉ាត (CPP)
លោក ស្បោង សារ៉ាត អាយុ៧៦ឆ្នាំ ជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែងសម្រាប់នីតិកាលទី៦ និងជាប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង។ លោកគឺជាអតីតអភិបាលខេត្តព្រះសីហនុ ដែលបានលាលែងកាលពីឆ្នាំ២០១៤។
៨. លោក ហ៊ឺ ប៉ាវី (CPP)
លោក ហ៊ឺ ប៉ាវី អាយុ៦៧ឆ្នាំ គឺជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែងសម្រាប់នីតិកាលទី៦ និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកកំពង់ផែស្វយ័តភ្នំពេញ។ លោកក៏ជាឧកញ៉ានិងជាសមាជិកនៃសមាគមឧកញ៉ាកម្ពុជាដែលទើបត្រូវបានបង្កើតនាពេលថ្មីៗនេះផងដែរ។
៩. លោកស្រី គង់ សាឡន (CPP)
លោកស្រី គង់ សាឡន អាយុ៦៥ឆ្នាំ គឺជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែងនិងជាប្រធានមន្ទីរកិច្ចការនារីខេត្ត។
១០. លោក អ៊ុក សិទ្ធិជាតិ (CPP)
លោក អ៊ុក សិទ្ធិជាតិ អាយុ៥៤ឆ្នាំ គឺជាអគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជននិងកីឡាសម្រាប់នីតិកាលទី៦ និងជាអនុប្រធានសហព័ន្ធបាល់បោះកម្ពុជា។
១១. លោក ភឹម រ៉ុង (Funcinpec)
លោក ភឹម រ៉ុង អាយុ៥២ឆ្នាំ គឺជាប្រធានក្រុមការ ងារប្រចាំខេត្តព្រៃវែងមកពីគណបក្សហ៊្វុនស៊ិនប៉ិច ហើយក៏បានចូលរួមធ្វើយុទ្ធនាការឲ្យគណបក្សនេះ អំឡុងពេលបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ផងដែរ។
ខេត្តពោធិ៍សាត់
១. លោក ស៊ុយ សែម (CPP)
លោក ស៊ុយ សែម អាយុ៧៥ឆ្នាំគឺជារដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ដែលធ្លាប់ជាប់តំណាងរាស្ត្រលើកដំបូងកាលពីឆ្នាំ២០០៣។ លោក ស៊ុយ សែម គឺដើមឡើយជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែនិងថាមពលដែលក្រសួងនេះ លែងមានទៀតហើយ ប៉ុន្តែត្រូវបានផ្តល់តំណែងជារដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បន្ទាប់ពីក្រសួងឧស្សាហកម្មរ៉ែនិងថាមពលត្រូវបានបំបែកជាពីរ។ ភរិយារបស់លោកគឺលោកស្រី ជា ខេង ជាម្ចាស់ក្រុមហ៊ុនកសិឧស្សាហកម្ម KDC International ដែលជាប់ពាក់ព័ន្ធនឹងជម្លោះដីធ្លីដ៏អូសបន្លាយជាមួយនឹងពលរដ្ឋនៅសហគមន៍ឡពាងក្នុងខេត្តកំពង់ឆ្នាំង។ លោក ស៊ុយ សែម បានចោទប្រកាន់អង្គការសិទ្ធិមនុស្សអាដហុកថា បានជួយរៀបចំការតវ៉ាប្រឆាំងនឹងភរិយារបស់លោក។ លោក ស៊ុយ សែម បានតែងតាំងកូនប្រុសឈ្មោះ ស៊ុយ ឌីម៉ង់ ជាអ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងរបស់លោកផ្ទាល់។
២. លោក កែវ រតនៈ (CPP)
លោក កែវ រតនៈ អាយុ៤៩ឆ្នាំ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអគ្គនាយកអគ្គិសនីកម្ពុជា ដែលគ្រប់គ្រងដោយរដ្ឋ។ អតីតបុគ្គលិកម្នាក់របស់លោក កែវ រតនៈ ក៏ទំនងជាប្រធានក្រុមហ៊ុន Schneitec ជាក្រុមហ៊ុនថាមពលអគ្គិសនីដែលតែងតែទទួលបានកិច្ចសន្យាពីអគ្គិសនីកម្ពុជា រួមទាំងគម្រោងកសាងបណ្តាញអគ្គិសនីដ៏ចម្រូងចម្រាសកាត់តាមដែនជម្រកសត្វព្រៃនៅតំបន់ព្រៃឡង់។ ភរិយារបស់លោកគឺលោកស្រី ខេង ចាន់សុភ័ក្រ និងប្អូនស្រីរបស់លោកឈ្មោះ កែវ រតនី មានទំនាក់ទំនងផ្នែកអាជីវកម្មថាមពល។
៣. លោក ទី ថានី (CPP)
លោក ទី ថានី អាយុ៦៤ឆ្នាំ គឺជាតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់សម្រាប់នីតិកាលទី៦ ដែលទើបតែចូលសភានៅខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីជំនួសលោក ខូយ សុខា ដែលបានទទួលមរណភាព។ លោក ទី ថានី ជាអតីតនាយកប្រតិបត្តិអគ្គិសនីកម្ពុជានិងអនុប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា។
៤. លោក កែវ វីរៈ (CPP)
លោក កែវ វីរៈ អាយុ៥៩ឆ្នាំ គឺជាអគ្គនាយករងអគ្គិសនីកម្ពុជា ទីដែលលោកគឺជាផ្នែកមួយនៃមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទ។
ខេត្តរតនគិរី
១. លោក គិត ទ្រី (CPP)
លោក គិត ទ្រី អាយុ៥៤ឆ្នាំ គឺជាបេក្ខជនមួយរូបមកពីគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ សម្រាប់មណ្ឌលខេត្តរតនគិរី ដែលមានមួយអាសនៈ។ លោកត្រូវបានផ្ទេរពីអភិបាលរងខេត្តរតនគិរីទៅជាអភិបាលរងខេត្តស្ទឹងត្រែងតាមអនុក្រឹត្យចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។
ខេត្តសៀមរាប
១. លោក ទៀ បាញ់ (CPP)
លោក ទៀ បាញ់ អាយុ ៧៨ឆ្នាំ ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។ លោកធ្លាប់បានកាន់កាប់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិរយៈពេលជាង ៣៦ឆ្នាំមកហើយ ក្រោយចាកចេញពីក្រសួងគមនាគមន៍ដឹកជញ្ជូន និងប្រៃសណីយ៍ នៅឆ្នាំ១៩៨៧។ លោកបានទទួលតំណែងជាឧបនាយករដ្ឋមន្ត្រី ចាប់តាំងពីឆ្នាំ២០០៦ មកដល់បច្ចុប្បន្ន។ លោកបានជាប់ជាតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប ៧អាណត្តិមកហើយ រាប់ទាំងនីតិកាលទី៧នេះ។ លោកបានចាប់ផ្ដើមការងារនៅឆ្នាំ១៩៧៩ ជាប្រធានយោធាខេត្តកោះកុង។
២. លោក សៀង ណាំ (CPP)
លោក សៀង ណាំ អាយុ ៦៦ឆ្នាំ ជាសមាជិករដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប។ លោកមានកូន ៣នាក់ ក្នុងនោះកូនស្រីច្បង ឈ្មោះណាំ លីណែត បានរៀបការជាមួយលោក ទា កុសល ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ។ កូនទី២ ឈ្មោះណាំ លីណាល់ និងកូនស្រីពៅឈ្មោះណាំ លីណា រៀបការជាមួយកូនប្រុសលោកឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី។ លោកបានជាប់ជាតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប ៦អាណត្តិមកហើយ រាប់ទាំងនីតិកាលទី៧នេះ។ ក្រៅពីជាអ្នកតំណាងរាស្ដ្រ លោកក៏ទទួលបានងារ ជាបណ្ឌិត និងជាអ្នកឧកញ៉ាផងដែរ។ លោកក៏ជាពាណិជ្ជករដ៏មានឥទ្ធិពលម្នាក់ដែរនៅក្នុងប្រទេសកម្ពុជា ដោយលោកជាម្ចាស់សណ្ឋាគារស៊ីធីអង្គរដ៏ស្កឹមស្កៃនៅក្រុងសៀមរាប និងមានដីបុរីចំនួនពីរ គឺបុរីសៀងណាំ១ និងបុរីសៀងណាំ២។
៣. លោក ទៀ សីហា (CPP)
លោក ទៀ សីហា អាយុ ៤៣ឆ្នាំ ជាអភិបាលខេត្តសៀមរាប ចាប់តាំងពីឆ្នាំ២០១៧ និងជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា។ លោកជាកូនប្រុសទី២របស់លោក ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកពាណិជ្ជកម្ម ពីមហាវិទ្យាល័យ Passy Saint-Honore នៅក្រុងប៉ារីស ប្រទេសបារាំងនៅឆ្នាំ២០០១។ បន្ថែមពីលើនេះ លោកក៏បានចូលសិក្សាពេញមួយឆ្នាំនៅសាលាយោធា Ecole Speciale Militaire de Saint-Cyr នៃបណ្ឌិត្យសភាយោធាបារាំង ព្រម ទាំងបានបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងនៅរាជបណ្ឌិតសភារដ្ឋបាលជាន់ខ្ពស់នាឆ្នាំ២០០៧-២០០៨ផងដែរ។ មុនលោកក្លាយជាអភិបាលខេត្ត លោកក៏ជានាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ទទួលបានការដំឡើងឋានន្តរស័ក្ដិ ថ្នាក់ឧត្ដមសេនីយ៍ត្រី កាលពីឆ្នាំ២០១១ និងទទួលបានការដំឡើងឋានន្តរស័ក្ដិថ្នាក់ឧត្ដមសេនីយ៍ទោកាលពីឆ្នាំ២០១៤។
៤. លោកស្រី តឹករ៉េត កំរង (CPP)
លោកស្រី តឹករ៉េត កំរង អាយុ ៥១ឆ្នាំ ជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប។លោកស្រីទើបតែឈរឈ្មោះជាបេក្ខជនតំណាងសាស្រ្ដមណ្ឌលខេត្តសៀមរាបនៅនីតិកាលទី៧នេះ។
៥. លោក ឈឹម ម៉ា (CPP)
លោក ឈឹម ម៉ា អាយុ ៦៦ឆ្នាំ ជាសមាជិកគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ជាតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប ជាសមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប។ លោកបានជាប់ជាតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាបនេះ ៤អាណត្តិមកហើយ រាប់ទាំងអាណត្តិទី៧នេះ។
៦. លោក នូ ផល្លា (CPP)
លោក នូ ផល្លា អាយុ ៦៩ឆ្នាំ សមាជិកគណៈកម្មការមហាផ្ទៃការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប។ លោកបានជាប់ជាតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាបនេះ ២អាណត្តិមកហើយ រាប់ទាំងនីតិកាលទី៧នេះ។
ខេត្តព្រះសីហនុ
១. លោក សាយ សំអាល់ (CPP)
លោក សាយ សំអាល់ វ័យ ៤៣ឆ្នាំ ដែលជាកូនប្រុសពៅរបស់លោក សាយ ឈុំ (ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា) បានក្លាយជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាប់តាំងពីឆ្នាំ២០១៣ ដែលជារដ្ឋមន្ត្រីក្មេងជាងគេក្នុងអាណត្តិនៅពេលនោះ។ លោកជាបញ្ញវន្តមួយរូប ដែលទទួលបានការបណ្តុះបណ្តាលមកពីប្រទេសលោកខាងលិចផ្នែកជំនាញជីវសាស្ត្រ និងបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកជីវវិទ្យាវិទ្យាសាស្ត្រ (Biological Sciences) នៅមហាវិទ្យាល័យម៉ូណាស (Monash University) ប្រទេសអូស្ត្រាលី។ ក្រោយបញ្ចប់ការសិក្សា លោកបានវិលត្រឡប់មកកម្ពុជាវិញនៅឆ្នាំ២០០៨ និងបានចូលបម្រើការងារនៅទីស្ដីការគណៈរដ្ឋមន្ដ្រី មានឋានៈជាប្រធានអាជ្ញាធរបឹងទន្លេសាប។ ជាបន្ដបន្ទាប់ លោកបានកាន់តំណែងជាអគ្គលេខារង និងជាអគ្គលេខានៅទីស្ដីការគណៈរដ្ឋមន្ដ្រីក្នុងអាណត្តិទី៤ នៃរាជរដ្ឋាភិបាលកម្ពុជា។
២. លោក តឹករ៉េត សំរេច (CPP)
លោក តឹករ៉េត សំរេច វ័យ ៥៥ឆ្នាំ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។
៣. លោកសូ ខនឬទ្ធីគុណ (CPP)
លោក សូ ខនឬទ្ធីគុណ អាយុ ៥៤ឆ្នាំ ជារដ្ឋលេខាធិការក្រសួងបរិស្ថាន។
ខេត្តស្ទឹងត្រែង
១. លោក ឡូយ សុផាត (CPP)
លោក ឡូយ សុផាត អាយុ៧៤ឆ្នាំគឺជាតំណាងរាស្ត្រមណ្ឌលខេត្តស្ទឹងត្រែងសម្រាប់នីតិកាលទី៦ និងជាប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាននិងធនធានទឹកនៃរដ្ឋសភា។
ខេត្តស្វាយរៀង
១. លោកស្រី ម៉ែន សំអន (CPP)
លោកស្រី ម៉ែន សំអន អាយុ៦៩ឆ្នាំ ជាតំណាងរាស្ត្រលេខរៀងទី១ មកពីគណបក្សប្រជាជនកម្ពុជាសម្រាប់មណ្ឌលខេត្តស្វាយរៀង។ លោកស្រីជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាស្ត្រីតែម្នាក់គត់នៅក្នុងចំណោមឧបនាយករដ្ឋមន្ត្រីទាំង១០រូបនៅកម្ពុជា។ លោកស្រី គឺជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច។ លោកស្រី ម៉ែន សំអន មានកូនប្រុស ២នាក់ កំពុងកាន់តំណែងក្នុងជួររដ្ឋាភិបាល គឺលោក ប៉េង ពោធិ៍សា ជាអភិបាលរងខេត្តស្វាយរៀង និងលោក ប៉េង ពោធិ៍នា កំពុងកាន់តួនាទីជារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។ លោកស្រីចូលបម្រើកងទ័ពនៅឆ្នាំ១៩៧០ ហើយនៅឆ្នាំ១៩៩៨ លោកស្រីបានក្លាយជាសមាជិកគណៈកម្មការអចិន្ត្រៃយ៍ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការសុខភាពសាធារណៈ សង្គម និងកិច្ចការនារី។ លោកស្រីជាប់ជាតំណាងរាស្ត្រនៅក្នុងឆ្នាំ២០០៣ និងបានទទួលការតែងតាំងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចនៅឆ្នាំ២០០៤ ហើយកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ អង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតជ្រើសតាំងលោកស្រីជាអនុប្រធានគណបក្ស ដែលធ្វើឱ្យចំនួនអនុប្រធានគណបក្សឡើង ៤រូប។ ក្រៅពីតំណែងក្នុងជួររដ្ឋាភិបាលនិងក្នុងបក្ស លោកស្រី ម៉ែន សំអន ក៏ជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ផងដែរ។ ក្នុងវិស័យយោធា លោកស្រីក៏ជានាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ដោយមានឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ផ្កាយមាស៤។
២. លោកស្រី ដួង វណ្ណា (CPP)
លោកស្រី ដួង វណ្ណា អាយុ៧០ឆ្នាំ ជាតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ។ លោកស្រីធ្លាប់ជាប់ជាតំណាងរាស្ត្រខេត្តស្វាយរៀង ៥អាណត្តិកន្លងមកហើយ។ ក្រៅពីបំពេញតួនាទីជាតំណាងរាស្ត្រ លោកស្រីក៏មានតួនាទីជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាប្រចាំខេត្តស្វាយរៀងផងដែរ។
៣. លោក ជ័យ សុន (CPP)
លោក ជ័យ សុន អាយុ៦៩ឆ្នាំ ជាបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ។ នៅក្នុងនីតិកាលទី៦ លោកជាប់ជាតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង និងជាសមាជិកគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយនៃរដ្ឋសភា។
៤. លោក សម តារា (CPP)
លោក សម តារា អាយុ៥៩ឆ្នាំ គឺជាបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀងនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ សម្រាប់មណ្ឌលខេត្តស្វាយរៀង ហើយនេះគឺជាលើកទី១ ហើយដែលលោកឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រសម្រាប់មណ្ឌលខេត្តស្វាយរៀង។ លោក សម តារា ក៏ជាអតីតតារាសម្តែងក្នុងទសវត្សរ៍ឆ្នាំ៩០ បច្ចុប្បន្នមានឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ ក្របខណ្ឌមន្ត្រីនគរបាលជាតិនៃក្រសួងមហាផ្ទៃ។
៥. លោកស្រី ឯក សុវណ្ណភារៈ (CPP)
លោកស្រី ឯក សុវណ្ណភារៈ អាយុ៥៥ឆ្នាំ ជាតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ សម្រាប់មណ្ឌលខេត្តស្វាយរៀង។ នេះគឺជាលើកដំបូងហើយដែលលោកស្រីឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រសម្រាប់មណ្ឌលខេត្តស្វាយរៀង។ លោកស្រីធ្លាប់ជាអភិបាលរងនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងត្រូវបានផ្ទេរមកជាអភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង អំឡុងដើមឆ្នាំ២០១៨។
ខេត្តតាកែវ
១. លោក ប៊ិន ឈិន (CPP)
លោក ប៊ិន ឈិន អាយុ៧៣ឆ្នាំគឺជាឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍និងជារដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីសម្រាប់នីតិកាលទី៦។ លោកមានតួនាទីច្រើនក្នុងជួររដ្ឋាភិបាល ដែលភាគច្រើនបំផុតគឺការដឹកនាំបន្តពីលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ដែលបានទទួលមរណភាព។ តួនាទីទាំងនោះរួមមានជាប្រធានអាជ្ញាធរជាតិដោះស្រាវវិវាទដីធ្លី ប្រធានក្រុមការងារទ្រទ្រង់ដំណើរការសាលាក្តីខ្មែរក្រហម ប្រធានអាជ្ញាធរអប្សរានិងទីភ្នាក់ងារដែលគ្រប់គ្រងប្រាសាទនៅព្រះវិហារ។ លោកក៏ជាប្រធានគណៈកម្មការជាតិកម្ពុជាសម្រាប់អង្គការយូណេស្កូ ជាប្រធានក្រុមប្រឹក្សាសមាគមកាយរឹទ្ធិកម្ពុជានៅក្នុងចំណោមតួនាទីផ្សេងៗទៀត។
២. លោក ជា វ៉ាន់ដេត (CPP)
លោក ជា វ៉ាន់ដេត អាយុ៥១ឆ្នាំ គឺជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សម្រាប់នីតិកាលទី៦ ។ លោកនិងភរិយារបស់លោកឈ្មោះ សុខ លី ក៏ជាស្ថាបនិកនិងជានាយកសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញផងដែរ។
៣. លោកស្រី និន សាផុន (CPP)
លោកស្រី និន សាផុន អាយុ៧៥ឆ្នាំ គឺជាតំណាងរាស្ត្រមណ្ឌខេត្តតាកែវសម្រាប់នីតិកាលទី៦។ លោកស្រីធ្លាប់កាន់តំណែងជាប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្មនិងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ នៃរដ្ឋសភានិងជាប្រធានក្រុមសមាជិកសភាមិត្តភាពកម្ពុជាគុយបាផងដែរ។
៤. លោក ម៉ុក ម៉ារ៉េត (CPP)
លោក ម៉ុក ម៉ារ៉េត អាយុ៧៥ឆ្នាំ គឺជាអតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវសម្រាប់នីតិកាលទី៦។ ក្រោមរដ្ឋាភិបាលដែលគាំទ្រដោយវៀតណាម លោក ម៉ុក ម៉ារ៉េត ធ្លាប់ធ្វើជាអភិបាលរងរាជធានីភ្នំពេញ ហើយក្រោយមក បានក្លាយជាអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម។ បន្ទាប់មកទៀត លោកបានក្លាយជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាតំណែងដែលលោកបានកាន់រយៈពេលពីរទសវត្សរ៍។ លោកក៏ជាប្រធានអង្គការមួយដែលគ្រប់គ្រងដោយរដ្ឋឈ្មោះថា Save Nature Cambodia ផងដែរ។
៥. លោក ស៊ូ ភិរិន្ទ (CPP)
លោក ស៊ូ ភិរិន្ទ អាយុ៧០ឆ្នាំ គឺជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវសម្រាប់នីតិកាលទី៦ និងជាសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិងសវនកម្មនៃរដ្ឋសភា។ កន្លងមក លោកធ្លាប់ជារដ្ឋលេខាធិការនៅទីស្តីការគណៈរដ្ឋមន្ត្រី និងធ្លាប់ជាអភិបាលខេត្តតាកែវនិងខេត្តសៀមរាប។ លោក ឡាយ វណ្ណៈ ជាកូនប្រសាររបស់លោក ស៊ូ ភិរិន្ទ ក៏ធ្លាប់កាន់តំណែងជាអភិបាលខេត្តតាកែវផងដែរ ប៉ុន្តែក្រោយមក ត្រូវបានចោទប្រកាន់ពីបទឃាតកម្មលើបុគ្គលិករដ្ឋសភាម្នាក់ ដែលលោក វណ្ណៈ មានទំនាក់ទំនងស្នេហាជាមួយនោះ។ លោកត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១៣ឆ្នាំ ប៉ុន្តែទទួលបានការលើកលែងទោសតាមសំណើររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
៦. លោក ច័ន្ទ សារុណ (CPP)
លោក ច័ន្ទ សារុណ អាយុ៧៥ឆ្នាំ គឺជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវសម្រាប់នីតិកាលទី៦ ហើយលោកក៏ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសផងដែរ។ លោកគឺជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោនិងជាសមាជិកក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។ លោកទំនងជាមានទំនាក់ទំនងជាមួយក្រុមហ៊ុនចំនួនពីរដែលចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម។ លោកក៏ត្រូវបានគេភ្ជាប់ទៅនឹងក្រុមកាប់ឈើខុសច្បាប់ដែលដំណើរនៅក្នុងទសវត្សរ៍ឆ្នាំ២០០០ តាមរយៈក្រុមហ៊ុនមួយដែលក្រសួងរបស់លោកបានផ្តល់សិទ្ធិឲ្យដំណើរការចម្ការដំណាំកៅស៊ូនៅដែនជម្រកសត្វព្រៃនៅតំបន់ព្រៃឡង់។
៧. លោក អ៊ិត សុខ (CPP)
លោក អ៊ិត សុខ អាយុ៦៩ឆ្នាំគឺជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវសម្រាប់នីតិកាលទី៦។ លោកធ្លាប់ជាអភិបាលខេត្តតាកែវនិងជាទីប្រឹក្សារដ្ឋាភិបាល។
៨. លោកស្រី នូ សុវណ្ណនី (CPP)
លោកស្រី នូ សុវណ្ណនី អាយុ៦៦ឆ្នាំ គឺជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវសម្រាប់នីតិកាលទី៦។ លោកស្រី គឺជាអតីតអភិបាលរងខេត្តតាកែវ។
ខេត្តកែប
១. លោក ចម ប្រសិទ្ធ (CPP)
លោក ចម ប្រសិទ្ធ វ័យ ៧១ឆ្នាំ ជាទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ លោកបានចូលជាសមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា ចាប់តាំងពី១៩៨៧ រហូតមកដល់បច្ចុប្បន្ន។ លោកធ្លាប់ជាអ្នកបកប្រែនៅក្រសួងការបរទេស និងជាជំនួយការផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីអំឡុងឆ្នាំ១៩៨០។ លោកក៏ធ្លាប់ធ្វើការជាអនុរដ្ឋមន្ត្រីនៅខុទ្ទកាល័យក្រុមប្រឹក្សារដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងកម្ពុជាក្រោមការគ្រប់គ្រងរបស់អ៊ុនតាក់ ហើយក្រោយមកក៏ក្លាយជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីអាណត្តិទី១ និងបានក្លាយជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងអាណត្តិទី១ រហូតដល់អាណត្តិទី២។
នៅអាណត្តិទី៣ លោកត្រូវបានតែងតាំងឋានៈឡើងមួយកម្រិតទៀត គឺជា ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រហូតដល់អាណត្តិទី៤ ប៉ុន្តែនៅអាណត្តិទី៥ លោកត្រូវផ្លាស់ទៅកាន់ក្រសួងឧស្សហកម្ម ក្នុងតួនាទីជារដ្ឋមន្ត្រី។
ខេត្តប៉ៃលិន
១. លោក អុី ឈាន (CPP)
លោក អ៊ី ឈាន អាយុ៧១ឆ្នាំ ធ្លាប់ជាសមាជិកសភាមណ្ឌលខេត្តប៉ៃលិនសម្រាប់នីតិកាលទី៦ ។ លោក អ៊ី ឈាន គឺជាតតីតអង្គរក្សរបស់ ប៉ុល ពត ដែលពីមុនធ្លាប់កាន់តំណែងជាអភិបាលខេត្តប៉ៃលិន។ ក្រោយមកលោកបានក្លាយជាប្រធានក្រុមប្រឹក្សាខេត្តនិងជាប្រធានគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តប៉ៃលិន។ ក្រោយមក លោកត្រូវបានដកតំណែងទាំងនោះនៅឆ្នាំ២០១៤ ជុំវិញការចោទប្រកាន់ថា លោកបានកេងបន្លំយកប្រាក់៤០០.០០០ដុល្លារ។ ក្រោយមកលោកត្រូវបានផ្ទេរតួនាទីមកជានាយករងខុទ្ធកាល័យលោកនាយករដ្ឋមន្ត្រីនិងជារដ្ឋលេខាធិការក្រសួងការពារជាតិ។ លោកស្រី បាន ស្រីមុំ ជាភរិយារបស់លោកធ្លាប់ជាតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន ហើយឥឡូវគឺជាអភិបាលខេត្តប៉ៃលិន។
ខេត្តឧត្តរមានជ័យ
១. លោក គន់ គីម (CPP)
លោក គន់ គីម អាយុ ៦៩ឆ្នាំ ជាទេសរដ្ឋមន្រ្តីទទួលបន្ទុកការងារអតីតយុទ្ធជននិងជនពិការ ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ។ លោកបានចូលរួមជាមួយខ្មែរក្រហមតាំងតែពីមុនឆ្នាំ១៩៧៥ ដោយមានតួនាទីជាកងឈ្លប និងបន្ទាប់មកជាអង្គរក្សឱ្យលេខាបក្សស្រុកត្បូងឃ្មុំនៅភូមិភាគបូព៌ាតំបន់២១។ ក្នុងរបបខ្មែរក្រហម លោកមានតួនាទីជាប្រធានមន្ទីរសន្តិសុខស្រុកត្បូងឃ្មុំ។ លោកក៏បានចូលរួមក្នុងចលនាតស៊ូផ្ដួលរំលំរបបខ្មែរក្រហមផងដែរ នៅមុនឆ្នាំ១៩៧៩ ប៉ុន្តែលោកត្រូវគេប្តូរចេញពីស្រុកត្បូងឃ្មុំ ទៅធ្វើប្រធានមន្ទីរសន្តិសុខខេត្តកណ្ដាលវិញ។ ក្នុងឆ្នាំ១៩៩៥ លោកមានតួនាទីនៅក្នុងកងកម្លាំងកងពលង៧០ ហើយនៅក្នុងឆ្នាំ២០០៩ លោកបានក្លាយជាសមាជិកអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា និងត្រូវបានតែងតាំងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ។ លោកត្រូវបានដំឡើងឋានន្តរស័ក្ដិជានាយឧត្តមសេនីយ៍ផ្កាយ៤ កាលពីឆ្នាំ២០០៧ និងធ្លាប់ជាប្រធានគណៈកម្មការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើថែមទៀតផង។
ខេត្តត្បូងឃ្មុំ
១. លោក ហេង សំរិន (CPP)
លោក ហេង សំរិន អាយុ៨៩ឆ្នាំធ្លាប់កាន់តំណែងជាប្រធានរដ្ឋសភាសម្រាប់នីតិ កាលទី៦ ហើយលោក គឺជាឥស្សរជន ជាន់ខ្ពស់មួយរូបនៅក្នុងគណបក្សកាន់ អំណាច។ លោក ហេង សំរិន ដែលជាអតីតមេបញ្ជាការកងទ័ពខ្មែរក្រហមបានគេចខ្លួនទៅកាន់ប្រទេសវៀតណាមនិងបានជួយដល់ការលុកលុយចូលកម្ពុជានៅពេលនោះ ហើយក្រោយមកលោកបានក្លាយជាមេដឹកនាំស្របច្បាប់នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាដោយមានការគាំទ្រពីវៀតណាមចាប់ពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៨១។ លោក ហេង សំរិន បានចូលរួមក្នុងរដ្ឋសភានៅឆ្នាំ១៩៩៣។ លោកស្រី ហេង សំអាន ជាកូនស្រីរបស់លោកបានរៀបជាមួយលោក ប៉ែន កុសល ជាអភិបាលខេត្តឧត្តរមានជ័យ ដែលតាមសេចក្តីរាយការណ៍ថា ជាសាច់ញាតិរបស់លោក ប៉ែន ស៊ីម៉ន ជាតំណាងរាស្ត្រដែលឈរនៅលេខរៀងកំពូលសម្រាប់មណ្ឌលខេត្តកំពត។ លោក ហេង សំរិន គឺជាសមាជិករដ្ឋសភាដែលមានវ័យចំណាស់ជាងគេ។
២. លោក ជា សុផារ៉ា (CPP)
លោក ជា សុផារ៉ា អាយុ៧១ឆ្នាំ គឺជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់សម្រាប់នីតិកាលទី៦។ លោកធ្លាប់ធ្វើជាអភិបាលរាជធានីភ្នំពេញពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០០៣ ហើយតាមព័ត៌មានថា មានប្រជាប្រិយភាពចំពោះការពង្រឹងសន្តិសុខនៅក្នុងទីក្រុងភ្នំពេញ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដកលោកចេញពីតំណែង បន្ទាប់ពីមានការតវ៉ានិងដុតស្ថានទូតថៃនិងកន្លែងអាជីវកម្មរបស់ជនជាតិថៃមួយចំនួន ជុំវិញការអះអាងរបស់តារាស្រីថៃម្នាក់ដែលថា ប្រាសាទអង្គរវត្តគឺជារបស់ថៃ។ ក្រោយមកលោក ជា សុផារ៉ា បានបំពេញតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសភូមានិងបន្តកា្លយជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មុនពេលទទួលបានតួនាទីបច្ចុប្បន្នរបស់លោកនៅឆ្នាំ២០១៦។ លោក ជា សុផារ៉ា រងការរិះគន់ចំពោះអចលនទ្រព្យដ៏ធំល្វឹងល្វើយរបស់លោកនៅភាគខាងជើងរាជធានីភ្នំពេញ ដែលក្នុងនោះមានផ្ទះវីឡាចំនួន៦និងទីលានវាយកូនហ្គុលហ៍មួយនៅលើផ្ទៃដី១១ហិកតាដែលមានតម្លៃប្រមាណ៤៥លានដុល្លារនៅក្នុងឆ្នាំ២០១៥។ កូនស្រីរបស់លោកឈ្មោះ ជា សុផាម៉ាដែន ជាអ្នកជំនួញដែលរៀបការជាមួយកូនប្រុសរបស់លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី គឺឧត្តមសេនីយ៍ យឹម លាង។ លោកស្រី ជា សុផាម៉ាដែន គឺជាម្ចាស់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យនិងទទួលបានដីនៅតំបន់បឹងតាមោក។ កូនម្នាក់ទៀតរបស់លោកឈ្មោះ ជា សុផាភាសា បានរៀបការជាមួយកូនស្រីរបស់អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម តាវ សេងហួរ ចំណែកកូនម្នាក់ទៀតឈ្មោះ ជា សុផាកន្នី បានរៀបការជាមួយតំណាងរាស្ត្រ អ៊ាង សុផល្លែត។
៣. លោក វង សូត (CPP)
លោក វង សូត អាយុ៦៧ឆ្នាំ គឺជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ហើយលោកគឺជាកូនប្រសាររបស់លោក ហេង សំរិន។ លោក វង សូត ក៏ជាប្រធានក្រុមការងារដោះស្រាយបញ្ហាគ្មានផ្ទះសម្បែងផងដែរ ប៉ុន្តែក្រសួងរបស់លោករងការរិះគន់យូរហើយចំពោះការបង្កើតមណ្ឌលសង្គមកិច្ចមួយដែលដំណើរការដូចជាពន្ធនាគារ ដោយមានសេចក្តីរាយការណ៍អំពីករណីស្លាប់អ្នកជាប់ឃុំនៅក្នុងមណ្ឌលនាពេលថ្មីៗនេះផងដែរ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានអំពាវនាវឲ្យដកលោក វង សូត ចេញពីតំណែង បន្ទាប់ពីរដ្ឋមន្ត្រីរូបនេះកាលពីឆ្នាំ២០១៧ បានព្រមានថា នឹងវាយអ្នកដែលប្រឆាំងគណបក្សប្រជាជនកម្ពុជានឹងគល់ឫស្សី។
៤. លោក អ៊ាង សុផល្លែត (CPP)
លោក អ៊ាង សុផល្លែត អាយុ៥៣ឆ្នាំ គឺជារដ្ឋលេខាធិការក្រសួងបរិស្ថាន ហើយលោកក៏ជាអ្នកនាំពាក្យនិងជាជំនួយការផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អស់រយៈពេលយ៉ាងហោចណាស់ពីរទសវត្សរ៍មកហើយ។ កន្លងមក លោកធ្លាប់មានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងកសិកម្មមុនពេលចូលរួមជាមួយក្រសួងបរិស្ថាន។ លោកក៏ជាប្រធានសមាគមប្រទេសផលិតកៅស៊ូតាមបែបធម្មជាតិផងដែរ។ លោកជាសហស្ថាបនិកក្រុមហ៊ុន Paragon Corporation និងជាប្រធានកិត្តិយសសាលា Paragon International Schools។ លោក សុផល្លែត បានរៀបការជាមួយលោកស្រី ជា សុផាកន្នី ជាកូនស្រីរបស់លោក ជា សុផារ៉ា។
៥. លោក ចាយ បូរិន (CPP)
លោក ចាយ បូរិន អាយុ៥០ឆ្នាំ គឺជាតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំនិងជាលេខាធិការនៃគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិងសវនកម្មនៃរដ្ឋសភាសម្រាប់នីតិកាលទី៦។ លោកក៏ជាសមាជិកនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាផងដែរនិងជាតំណាងរបស់លោក ហ៊ុន ម៉ាណែត ដែលតែងតែចុះសួរសុខទុក្ខមនុស្សសំខាន់ៗជួសមុខឲ្យបេក្ខភាពជានាយករដ្ឋមន្ត្រីថ្មីរូបនេះ។ ឪពុករបស់លោក ចាយ បូរិន គឺលោកឧកញ៉ា ចាយ ស៊ាងអ៊ី ជាអ្នកផលិតស្រាថ្នាំបុរាណដ៏ល្បីល្បាញ។
៦. លោក ឌិត ទីណា (CPP)
លោក ឌិត ទីណា អាយុ៤៤ឆ្នាំ គឺជារដ្ឋមន្ត្រីក្រសួងកសិកម្ម ដោយចូលជំនួសលោក វេង សាខុន កាលពីឆ្នាំ២០២២។ លោក ឌិត ទីណា កន្លងមកគឺជាអនុរដ្ឋលេខាធិការនៅក្រសួងពាណិជ្ជកម្មនិងបន្តធ្វើជារដ្ឋលេខាធិការនៃក្រសួងរ៉ែនិងថាមពល។ លោក ទីណា គឺជាកូនប្រុសរបស់លោក ឌិត មុន្ទី ប្រធានតុលាការកំពូល ហើយលោកក៏ត្រូវជាបងថ្លៃរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានផងដែរ។
៧. លោក កែវ ពិសិដ្ឋ (CPP)
លោក កែវ ពិសិដ្ឋ អាយុ៥៤ឆ្នាំគឺជាតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ ហើយជាលេខាធិការគណៈកម្មការនីតិកម្មនិងយុត្តិធម៌នៃរដ្ឋសភា។ លោកក៏ជានាយកខុទ្ធកាល័យរបស់លោក ហេង សំរិន ប្រធានរដ្ឋសភា។
៨. លោក ឆាយ ឫទ្ធិសែន (CPP)
លោក ឆាយ ឫទ្ធិសែន អាយុ៥៣ឆ្នាំ គឺជាអគ្គនាយកនៅក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់សម្រាប់នីតិកាលទី៦ និងជាអនុប្រធាននៃក្រុមប្រឹក្សាភិបាលគណៈវិស្វករកម្ពុជា។ លោក ឫទ្ធិសែន ជាកូនប្រុសរបស់លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ហើយដំបូងឡើយលោកមានតួនាទីជាប្រធានមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ និងទទួលបានការកោតសរសើរចំពោះការអភិវឌ្ឍផែនការមេឆ្នាំ២០២០សម្រាប់រាជធានី។ លោកចូលជំនួសលោក ជា ស៊្រុន ជាអតីតប្រធានមន្ទីររៀបចំដែនដីរាជធានី ដែលត្រូវបានបណ្តេញចេញ បន្ទាប់ពីមានបញ្ហាជម្លោះដីធ្លីលេចធ្លោមួយចំនួន។