៨០ភាគរយ​​នៃ​អ្នក​​សង្កេត​​ការណ៍​ បោះឆ្នោត​​មាន​​ទំនាក់ទំនង​ជាមួយ​​គណបក្ស​​កាន់អំណាច​

យោង​​តាម​​ការចុះបញ្ជី​​របស់​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បង្ហាញថា​ ភាគ​​ច្រើន​នៃ​អ្នកសង្កេតការណ៍​ជាតិ​សម្រាប់​ការបោះឆ្នោត​នៅ​ខែកក្កដា​​នេះ​ គឺ​​មក​​ពី​អង្គការ​​ ដែល​មាន​​ទំនាក់ទំនង​​ជាមួយ​គណបក្ស​កាន់អំណាច​។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នា​ពេល​​ថ្មី​ៗ​នេះ​​ ដែល​ចេញ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​​ចំការ​បោះឆ្នោត​ មាន​​អង្គការ​ជាង៦៥បាន​ចូល​​រួម​​ដាក់​​អ្នកសង្កេតការណ៍​ ដើម្បី​ឃ្លាំ​​មើល​​ការបោះឆ្នោត​ជាតិ​។​

ប៉ុន្តែ​អង្គ​ការ​ធំៗ​ចំនួន​បួន​ បាន​​ដាក់​​អ្នក​សង្កេត​​ការណ៍​​ច្រើនជាង​គេ​ដែល​​ក្នុង​​នោះ​​មាន​​សមាគម​​នារី​​កម្ពុជា​ ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​ សហព័ន្ធ​និស្សិត​បញ្ញវ័ន្ត​ប្រជាធិបតេយ្យ​កម្ពុជា​ សហភាព​សហព័ន្ធ​យុវជន​ និង​គណៈកម្មាធិការ​ ដើម្បី​ការបោះឆ្នោត​ដោយសេរី​ និង​យុត្តិធម៌​​​នៅ​​កម្ពុជា​ (ខុ​មហ្វ្រេល​)។​

អង្គការ​ទាំងបួន​នេះ​បា​​ន​​ដាក់​​អ្នក​​សង្កេតការណ៍​​សរុប​​ជាង៩០ភាគរយ​​នៅ​​ក្នុង​​ចំ​​ណោម​​ចំនួ​​ន​​អ្នក​​​សង្កេតការណ៍​ទាំង​​អស់​​ចាប់តាំងពី​ឆ្នាំ២០១៧​ ហើយ​អង្គការ​​បី​ក្នុង​​ចំណោម​អង្គការ​ទាំង​​នោះ​​មាន​ទំនាក់ទំនង​ជាមួយ​គណបក្ស​កាន់អំណាច​ ដែល​​មានន័យថា​ យ៉ាង​ហោច​​ណាស់៨០ភាគរយ​​នៃ​អ្នកសង្កេតការណ៍​សរុប​នៅក្នុង​ការបោះឆ្នោត​នា​ពេល​ខាងមុខនេះ​ ​មាន​ទំនាក់ទំនង​​ជាមួយ​រដ្ឋាភិបាល​។​

អង្គការ​​ធំ​​ៗ​ទាំង​​បួន​​

អ្នកសង្កេតការណ៍​ជាតិ​មាន​ភារកិច្ច​ចុះ​​សង្កេតការណ៍​​តាម​​ការិយាល័យ​​បោះឆ្នោត​នៅ​ថ្ងៃ​បោះឆ្នោត​ គឺ​នៅ​ថ្ងៃទី​​២៣​ ខែ​​កក្កដា​ ឆ្នាំនេះ​ ហើយ​ពិនិត្យមើល​ពី​​ភា​ពមិ​នប្រ​​ក្រ​​តី​ណា​​មួយ​ទាំង​នៅ​​ក្នុង​​ដំណើរការ​បោះឆ្នោត​ និង​ការ​​រាប់​សន្លឹកឆ្នោត​បន្ទាប់​​ពី​​បញ្ចប់​​ដំណើរ​​ការ​​បោះ​​ឆ្នោត​​។​

ចំនួន​អ្នកសង្កេតការណ៍​បាន​កើនឡើង​​ចាប់តាំងពី​ការបោះឆ្នោត​ឆ្នាំ២០១២​ និង​ឆ្នាំ​​​​២០១៣​​ ប៉ុន្តែ​ពួកគេ​ច្រើន​​មក​ពី​អង្គ​ការ​ធំៗ​ ខណៈ​​អង្គ​កា​រតូចៗ​បាន​ដាក់​​អ្នកសង្កេតការណ៍​តិចតួច​​ប៉ុណ្ណោះ​​។​

អំឡុង​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ២០១២​ និង​ការបោះឆ្នោត​ជាតិ​ឆ្នាំ២០១៣​     

គណៈកម្មាធិការ​ ដើម្បី​ការបោះឆ្នោត​ដោយសេរី​ និង​យុត្តិធម៌​ (ខុ​មហ្វ្រេល​) ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ គឺជា​អង្គការ​​ដែល​បាន​​​ដាក់​​អ្នក​​សង្កេត​​ការណ៍​​ច្រើន​​បំផុត​ក្នុង​ចំ​​ណោម​​អ្នកសង្កេតការណ៍​បោះឆ្នោត​ ដោយ​បាន​ចុះឈ្មោះ​អ្នក​​សង្កេត​​ការណ៍​​ចំនួន៥​.៧៦៣នាក់​ក្នុង​ឆ្នាំ២០១២​ និង៦​.៨៤២នាក់​ក្នុង​ឆ្នាំ២០១៣​។​

សហព័ន្ធ​និស្សិត​បញ្ញវ័ន្ត​ប្រជាធិបតេយ្យ​កម្ពុជា​ឈរ​នៅ​លេខរៀង​​បន្ទាប់​ ដោយ​បាន​​ដាក់​​អ្នកសង្កេតការណ៍​ចំនួន​ ៣​.១២៩នាក់​​ក្នុង​ឆ្នាំ២០១២និង៤​.៥០៨នាក់​​ក្នុង​ឆ្នាំ២០១៣​។​ អគ្គលេខាធិការ​នៃ​សហព័ន្ធ​និស្សិត​បញ្ញវ័ន្ត​ប្រជាធិបតេយ្យ​កម្ពុជា​ គឺ​លោក​ សាន​ វិសាល​ ដែល​ជារ​ដ្ឋ​លេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​។​

ទិដ្ឋភាព​នេះ​បាន​ផ្លាស់​ប្តូរ​នៅក្នុង​​ការបោះឆ្នោត​បន្ទាប់​ក្នុង​ឆ្នាំ២០១៧​​ ដែលគេ​​ឃើញ​​​មាន​វត្តមាន​​អ្នកសង្កេតការណ៍​មក​​ពី​សហភាព​សហព័ន្ធ​យុវជន​ និង​សមា​​គម​​​​​​​នារី​​​កម្ពុជា​ ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​ ជា​អង្គការ​ពីរ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​​ក្នុង​ឆ្នាំ១៩៧៨​ និង​មាន​​គោលដៅ​ចូល​​រួម​​កសាង​ប្រទេស​កម្ពុជា​ឡើងវិញ​​។​

អង្គការ​ទាំងពីរ​នេះ​ គឺជា​​អង្គការ​​ដែល​​បាន​​ដាក់​​អ្នក​​សង្កេតការណ៍​​ច្រើន​​បំផុត​ចាប់ពី​ឆ្នាំ២០១៧​​ និង​​នៅក្នុង​​​​ការបោះឆ្នោត​នា​ពេល​ខាងមុខ​ ហើយ​អង្គការ​ទាំងពីរ​នេះ​​មាន​ទំនាក់ទំនង​ជ្រាល​​ជ្រៅ​​ជាមួយ​រដ្ឋាភិបាល​។​

សហភាព​សហព័ន្ធ​យុវជន​ (UYFC) ដឹកនាំ​ដោយ​លោក​ ហ៊ុន​ ម៉ា​នី​ កូនប្រុស​របស់​​​​​លោក​​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ចំណែក​ប្រធាន​​សមាគម​​​នារី​​កម្ពុជា​ ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​ (CWPD) គឺ​ឧបនាយក​រដ្ឋមន្ត្រី​ ម៉ែ​ន​ សំ​អន​។​

សមាជិក​គណបក្ស​ភ្លើងទៀន​ជា​​បក្ស​​ប្រឆាំង​​ ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចូលរួម​ក្នុង​ការ​​បោះឆ្នោត​នា​ពេល​ខាងមុខ​ បាន​លើក​​ឡើង​​ថា​ អ្នកសង្កេតការណ៍​ឥឡូវនេះ​​គ្រាន់តែ​ជា​​ “ការ​​ប្រថាប់​​ត្រា​”​ ប៉ុណ្ណោះ​ ជា​ដំណើរការ​មួយ​ដែល​ថា​ ជ័យជម្នះ​របស់​គណបក្ស​កាន់​​អំណាច​ត្រូវ​បាន​ធានា​ស្ទើរតែ​ទាំងស្រុង​រួច​​ទៅ​ហើយ​​​។​

សហភាព​ សហព័ន្ធ​យុវជន​​កម្ពុជា​​

កំណត់សម្គាល់​​៖​ ទិន្នន័យ​ចុងក្រោយ​បង្អស់​ដែល​អាច​រកបាន​​របស់​គណៈកម្មាធិការ​​​ជាតិ​រៀបចំ​ការបោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ឆ្នាំ២០១៨​ គឺ​មាន​​ចាប់ពី​ខែឧសភា​ រយៈ​​ពេល​​ពីរ​ខែមុន​ការបោះឆ្នោត​នៅ​ឆ្នាំ​នោះ​​ ហើយ​ទំនងជា​មិនមែន​ជា​ចំនួន​​ចុងក្រោយ​​នោះ​ទេ​។​

អង្គ​កា​​រ​​ដែល​​ដាក់​​អ្នក​​សង្កេត​​ការណ៍​​​​ច្រើន​​ជាង​​គេ​​​​ចាប់​​តាំង​​ពី​​ឆ្នាំ​​២០១៧​ គឺ​​សហភាព​​សហព័ន្ធ​​យុវជន​​កម្ពុជា​។​

គោលដៅ​របស់​ UYFC គឺ​ដើម្បី​លើកកម្ពស់​ “ការ​ប្រមូល​ផ្តុំ​ ការអប់រំ​ និង​រៀន​​សូត្រ​ពីគ្នា​​ទៅវិញ​​ទៅមក​​​ក្នុងចំណោម​យុវជន​ ក្នុង​​ការ​​ចូលរួម​ការពារ​ និង​កសាង​ប្រទេស​​ឡើងវិញ​” ហើយ​ជាក់ស្តែង​​ អ្នក​ស្ម័គ្រចិត្ត​របស់​​ UYFC ត្រូវ​បាន​គេ​ប្រទះឃើញ​ជា​ញឹកញាប់​ធ្វើ​​ការងារ​​នៅ​​​ពេល​​មាន​​ព្រឹត្តិ​ការណ៍​ដូចជា​ អង្គរ​សង្រ្កាន្ត​ ស៊ី​ហ្គេម​ ដែល​រៀបចំ​នៅ​ភ្នំពេញ​ក៏ដូចជា​​ការចែក​​អំ​ណោយ​ផ្សេង​ៗ​ដល់​ក្រុម​​គ្រួសារ​ដែល​មាន​ប្រាក់​​ចំណូល​​ទាប​។​

ទោះបីជា​ UYFC បាន​អះអាង​ថា​ ខ្លួន​​គឺ​​ជា​អង្គការ​ឯករាជ្យ​ក៏ដោយ​ ក៏​មេដឹកនាំ​របស់​​អង្គការ​​​​នេះ​ គឺ​លោក​ ហ៊ុន​ ម៉ា​នី​ ជា​កូនប្រុស​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ហើយ​​បាន​និង​កំពុង​ធ្វើ​យុទ្ធនាការ​ឱ្យ​គណបក្ស​កាន់អំណាច​នៅ​​ក្នុង​​ការ​បោះ​​​ឆ្នោត​​ច្រើន​រដូវ​កាល​មក​​ហើយ​​។​

សមាគមនារី​កម្ពុជា​ ដើម្បី​សន្តិភាព​និង​អភិវឌ្ឍ​​ន៍​

អ្នក​​សង្កេតការណ៍​​ស្ត្រី​​ភាគច្រើន​​មាន​​ទំនាក់ទំនង​​ជាមួយ​​សមាគម​​នារី​​កម្ពុជា​​ដើម្បី​​សន្តិភាព​ និង​​អភិវឌ្ឍន៍​ (CWPD) ។​ CWPD គឺជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ផ្តល់​​សេវា​សុខភាព​និង​សង្គម​ ជា​អង្គការ​សប្បុរសធម៌​និង​ជា​​ក្រុម​​អ្នក​ស្ម័គ្រចិត្ត​សម្រាប់​ជួយ​​​ភរិយា​របស់​​អភិបាលខេត្ត​ ដែល​ពួកគេ​សុទ្ធតែ​ជាស​មា​ជិ​ក​បក្ស​កាន់អំណាច​។​ សមាគម​​នេះ​ ដឹកនាំ​ដោយ​ឧបនាយក​រដ្ឋមន្ត្រី​ ម៉ែ​ន​ សំ​អន​។​

លោកស្រី​ មាច​ សុធា​រី​ ជា​​នាយិកា​​អង្គការ​​នេះ​​​បម្រើ​​ការងារ​​នៅ​​ក្រសួង​​កិច្ចការ​​នារី​​យ៉ាង​​ហោច១៤ឆ្នាំ​​មក​​ហើយ​ នេះ​​បើ​​តាម​​ឯកសារ​​គម្រោង​​របស់​​ក្រសួង​។​

សហព័ន្ធ​ និស្សិត​ បញ្ញា​វ័ន្ត​​ ប្រជាធិបតេយ្យ​​កម្ពុជា​​

យោង​​តាម​ គ​.ជ​.ប​ បានឱ្យ​ដឹង​ថា​ សហព័ន្ធ​និស្សិត​បញ្ញវ័ន្ត​ប្រជាធិបតេយ្យ​កម្ពុជា​(CDSIF) ជាទូទៅ​ គឺជា​អង្គការ​​ដែល​​បាន​​ដាក់​​អ្នក​​សង្កេត​​ការណ៍​​ធំ​បំផុត​​ទីបី​ក្នុង​​រយៈពេល​បួន​​អាណត្តិ​ចុងក្រោយ​នេះ​ ហើយ​ឆ្នាំនេះ​បាន​​ដាក់​​អ្នកសង្កេតការណ៍​ចំនួន​ ២​.៣៦៤នាក់​​ឬ​ប្រហែល៣ភាគរយ​​ នៃ​ចំនួន​អ្នកសង្កេតការណ៍​សរុប​។​

នៅមុន​ការបោះឆ្នោត​នៅ​ឆ្នាំនេះ​ CDSIFបាន​ប្រកាស​ពី​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​សេចក្តី​ព្រាង​​វិសោធនកម្ម​ច្បាប់បោះឆ្នោត​ ដែល​ទើប​អនុ​ម័ត​ថ្មី​ៗ​ ដែល​ដាក់​ពិន័យ​ដល់​​ពលរដ្ឋ​ណា​​ដែល​​ជ្រើសរើស​មិនទៅ​បោះឆ្នោត​ និង​អ្នក​ដែល​​​ញុះញង់​ឱ្យ​អ្នកដទៃ​បំផ្លាញ​​​សន្លឹកឆ្នោត​។​

CDSIF ក៏​ទំនង​​ជា​សហការ​​ជា​​មួយ​ UYFC ដែល​​មាន​​សម្ព័ន្ធភាព​ជាមួយ​រដ្ឋាភិបាល​ ដោយ​ជា​​ញឹកញាប់​បន្ត​​​ចែករំលែក​សារ​​តាម​​ហ្វេ​សប៊ុ​ក​​ និង​ការ​​​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ផ្សេង​ៗ​។​

លោក​ សាន​ វិសាល​ ​អគ្គលេខាធិការ​សមាគម​នេះ​ គឺ​​ជារ​ដ្ឋ​លេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ហើយ​បាន​និង​កំពុង​ធ្វើ​យុទ្ធនាការ​យ៉ាងច្រើន​សម្រាប់​គណបក្សប្រជាជន​កម្ពុជា​ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេ​សប៊ុ​ក​របស់​លោក​។​

អង្គ​ការ​ខុម​​ហ្វ្​រេល​

គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយសេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ (ខុ​មហ្វ្រែល​​) ដាក់​​អ្នកសង្កេតការណ៍​បោះឆ្នោត​ និង​វាយតម្លៃ​ភាព​មិន​ប្រក្រតី​ និង​បញ្ហា​ក្នុងអំឡុងពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ និង​រដូវ​កាល​​បោះឆ្នោត​។​

គួរឲ្យ​កត់សម្គាល់​ អង្គការ​នេះ​​មិនបាន​ចូលរួម​ក្នុង​ការ​ឃ្លាំមើល​ការបោះឆ្នោត​ជាតិ​ឆ្នាំ២០១៨ទេ​​ បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​ជាគ​ណ​បក្ស​​​ប្រឆាំង​​ដ៏​ធំ​នៅ​​កម្ពុជា​ត្រូវ​​បាន​​តុលាកា​​រ​​រំលាយ​​​ ហើយ​ក្រោយមក​ អង្គការ​​នេះ​​បាន​ដាក់​​អ្នក​​សង្កេតការណ៍​ត្រឹមតែ២៦នាក់​ប៉ុណ្ណោះ​​នៅក្នុង​​ការបោះឆ្នោត​​ឃុំ​សង្កាត់​ឆ្នាំ២០២២​។​

អង្គការ​នេះ​​បន្ត​ដាក់​​អ្នកសង្កេតការណ៍​ឡើងវិញ​សម្រាប់​​ការ​​បោះឆ្នោត​​ឆ្នាំ២០២៣​ ប៉ុន្តែ​គណៈកម្មាធិការ​​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ចោទប្រកាន់​អង្គការ​​ខុ​មហ្វ្រែល​ថា​ មាន​​សមាន​​ចិត្ត​​ចំពោះ​​មេដឹកនាំ​គណបក្ស​ភ្លើងទៀន​។​

អង្គការ​​ផ្សេង​ៗ​ទៀត​​

ក្រៅពី​អង្គ​ការ​ធំៗ​ទាំងបួន​ ភាគច្រើន​នៃ​អង្គការ​​ដែល​បាន​ចុះបញ្ជី​​ដាក់​​អ្នកសង្កេតការណ៍​បោះឆ្នោត​ គឺជា​​អង្គការ​​តូច​​ៗ​ ដោយ​ដាក់​​អ្នក​ស្ម័គ្រចិត្ត​ពី​ពីរ​​ទៅ​​បី​​រយ​នាក់​ដើម្បី​សង្កេតមើល​សកម្មភាព​បោះឆ្នោត​។​

អង្គការ​ទាំងនេះ​គឺ​​ជា​ក្រុម​អង្គការ​​ដែល​​ផ្តោត​​លើ​​ការ​​ងារ​​ដាច់​ដោយ​​ឡែក​​​​ ដែល​មានឈ្មោះ​ដូចជា​ “អង្គការសុខភាព​ផ្លូវចិត្ត​បែប​បុរាណ​​និង​សម័យ​” និង​ “សមាគម​សហព័ន្ធ​​វិនិយោគិន​កម្ពុជា​​”។​ ក្រៅពី​អ្នកសង្កេតការណ៍​ជាតិ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​​​ក៏​ចុះបញ្ជី​​អ្នកសង្កេតការណ៍​អន្តរជាតិ​ផង​ដែរ​។​ រដ្ឋាភិបាល​បរទេស​រួមមាន​ សហរដ្ឋអាមេរិក​ ជប៉ុន​ និង​សហភាព​អឺរ៉ុប​ និង​ប្រទេស​​ជាស​មា​​ជិ​ក​ឈប់​​បញ្ជូន​អ្នកសង្កេតការណ៍​អន្តរជាតិ​បន្ទាប់ពី​ឆ្នាំ២០១៨​​ ហើយ​នៅ​ឆ្នាំនេះ​ រដ្ឋាភិបាល​កម្ពុជា​​ជា​​ជំនួស​មក​​វិញ​គ្រោង​​ស្វា​​គមន៍​​អ្នកសង្កេតការណ៍​ពី​អង្គការ​ពហុជាតិ​សាសន៍​​ដូចជា​បណ្តាញ​ជំនាញ​បោះឆ្នោត​និយាយ​ភាសា​បារាំង​ (the French Speaking Electoral Skills Network) និង​សហគមន៍​សេដ្ឋកិច្ច​នៃ​រដ្ឋ​អាហ្វ្រិក​ខាងលិច​ (Economic Community of West African States)។​

សហព័ន្ធ​រុស្ស៊ី​ក៏បាន​សន្យា​ថា​ នឹង​បញ្ជូន​អ្នកសង្កេតការណ៍​ផង​ដែរ​​ នេះ​បើ​យោង​តាម​បណ្តាញ​អាស៊ី​សម្រាប់​ការបោះឆ្នោត​ដោយសេរី​។​

គណបក្ស​​​នយោបាយ​​​​​ក៏​ផ្តល់​ភ្នាក់ងារ​អង្កេត​ការណ៍​ដែល​​ឃ្លាំ​​មើល​​​ និង​ចុះហត្ថលេខា​ទទួល​​ស្គាល់​​​លទ្ធផល​​​រាប់​សន្លឹកឆ្នោត​ ជា​​ផ្នែក​​មួយផ្សេងទៀត​ដែល​​នាំមុខ​​ដោយ​គណបក្ស​កាន់អំណាច​​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​