ស្ត្រី​​​​​អ្នកជំនួញ​​ម្នាក់​ដែល​ជា​ភរិយា​មេបញ្ជាការ​រង​​កងពលតូច​លេខ៧០ទទួល​បាន​​គោរម​​ងារ​​ឧកញ៉ា​​

យោង​តាម​​សៀវភៅ​រាជកិច្ច​បាន​​ឲ្យ​​ដឹង​ថា​ លោកស្រី​ សាយ​ សោភា​ ជា​​ប្រធាន​​ក្រុមហ៊ុន​មួយ​​ ដែល​ធ្លាប់​​គ្រប់គ្រង​​ដោយ​​​ភរិយា​របស់​លោក​ ហ៊ុន​ ម៉ា​ណែ​ត​​​ ​ទទួល​បាន​គោរមងារ​ជា​ ឧកញ៉ា​។​​​ លោក​​ស្រី​ សាយ​ សោភា​​ គឺ​​​ជា​​អ្នក​​​​ទទួល​បាន​​​ដី​នៅ​បឹង​តា​មោក​ រាជធានី​ភ្នំពេញ​​ ​និង​​ត្រូវ​​ជា​ភរិយា​ឧត្តមសេនីយ៍​​ម្នាក់​​នៅ​​កងពល​​លេខ​តូច​​លេខ​​៧០​​។​ 

តាម​ឯកសារ​រាជកិច្ច​ ឡាយ​ព្រះ​ហស្ថ​​លេខា​​លេខា​ នៅ​ថ្ងៃ​​ទី៧​ ខែតុលា​ ឆ្នាំ​​២០២២និង​​ត្រូវ​​បាន​​ចេញ​ ផ្សាយ​​នៅ​ក្ន​ង​សៀវភៅ​រាជកិច្ច​លេខ៧៩​ នៅ​ខែឧសភា​​ ឆ្នាំ២០២៣បាន​​ឲ្យ​​ដឹង​ថា​ លោកស្រី​ សាយ​ សោ​​ភា​ ទទួល​​​បាន​គោរម​​ងារ​ជា​ឧកញ៉ា​ ជា​ងារ​​កិ​ត្តិ​យ​ផ្តល់​ជូន​​ដល់​​អ្នក​​ជំនួញ​​ ដែល​​បាន​បរិច្ចាគ​ថ​រិកា​ជូន​​រដ្ឋ​យ៉ាង​​តិច៥០​​ម៉ឺន​​ដុល្លារ​។​

ទំព័រ​​ហ្វេ​សប៊ុ​ក​​របស់​​លោកស្រី​ សាយ​ សោភា​ បាន​​ចែក​​រំលែក​​ព័ត៍​មា​​ន​អំពី​ការដែល​​លោក​​ស្រី​​ទទួល​បាន​​គោរម​​​ងារ​​ជា​​ឧកញ៉ា​ ក៏​ដូច​​ជា​​អំពី​​ការ​បរិច្ចាគ​​ទៅ​ឱ្យ​​​កាកបាទក្រហម​កម្ពុជា​ ដែល​គ្រប់គ្រង់​ដោយ​លោក​​ជំទាវ​ ប៊ុ​ន​ រ៉ា​នី​ ជា​​ភរិយា​​របស់​​លោកនាយក​រដ្ឋមន្ត្រី​​ ហ៊ុន​ សែន​​ ទំនាក់ទំនង​​របស់​​លោកស្រី​​​ជាមួយ​​​​សាលា​អន្តរ​ជា​តិ​វើល​ដ៏​កម្ពុជា​ និង​​មាន​​រូប​​ថត​​ជាមួយ​​លោក​​ ភឺន​ ផល្លា​ ដែល​ជា​ស្វាមី​​ និង​មនុស្ស​មួយចំនួន​​​ទៀត​។​​

ក្រសួង​ពាណិជ្ជកម្ម​បាន​​ចុះបញ្ជី​​លោកស្រី​ជា​​ប្រធាន​​ក្រុមហ៊ុន​ចំនួន​​៧​​ រួម​​ទាំង​ក្រុមហ៊ុន​ ភឺន​ ផល្លា​ គ្រុប​ ឌី​វេ​ឡុប​មេន​ ក្រុមហ៊ុន​ សាយ​ សោភា​ អេ​ឌ្យូ​ខេ​សិន​ និង​ក្រុមហ៊ុន​ អ៊ែ​ក​ធីវ​ ប្រ​ផឹ​ធី​។​​

តាម​​ព័ត៌មាន​​របស់ក្រ​សួង​ពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​ អ៊ែ​ក​ធីវ​ ពីមុន​ត្រូវ​បាន​ដឹកនាំ​ដោយ​លោកស្រី​ ពេជ​ ចន្ទ​មុ​ន្នី​​ ដែល​ជា​ភរិយា​របស់​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ កូនប្រុស​របស់​​លោក​​នាយក​រដ្ឋមន្ត្រី​។​

លោកស្រី​ សាយ​ សោភា​ បាន​ទទួល​ដី​យ៉ាង​ហោច​​ណាស់​​ចំនួន៤កន្លែង​ ដែល​ធ្លាប់​ជា​ដី​សាធារណៈ​របស់​រដ្ឋ​នៅ​​បឹង​តា​មោក​ ដែល​ជា​បឹង​​ធំជាង​គេ​នៅ​រាជធានី​ភ្នំពេញ​ ដែល​បច្ចុប្បន្ន​នេះ​ត្រូវ​​បាន​គេ​​ចាក់​ដី​​លុប​​សម្រាប់​ការ​អភិវឌ្ឍ​អចលនទ្រព្យ​​។​ ដី​ទាំងបួន​​កន្លែង​នេះ​​មាន​ទំហំ​​សរុប​​ប្រហែល​​១០០ហិ​ក​តា​ហើយ​​ត្រូវ​​បាន​ផ្ទេរ​មក​​លោកស្រី​​ដោយ​អនុក្រឹត្យ​​កាល​​ពី​​ឆ្នាំ​​២០២១​។​​

ស្វាមី​របស់​លោកស្រី​ គឺ​លោក​ ភឺន​ ផល្លា​ ដែល​​តាម​​ព័ត៌មាន​​ថា​ ជា​​មេបញ្ជាការ​រង​កងពលតូច​លេខ៧០​ ដែល​​ធ្លាប់​ជា​អង្គភាព​អង្គរក្ស​ផ្ទាល់​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ហើយ​​ធ្លាប់​​ត្រូវ​បាន​ចោទប្រកាន់​ថា​ ជា​​ប់​ពាក់ព័ន្ធ​ក្នុង​ការ​សម្លាប់​ដែល​​មាន​​លក្ខណៈ​នយោបាយ​។​

លោក​ ភឿន​ ផល្លា​ ដែល​​ក៏​ជា​ឧកញ៉ា​ផង​ដែរ​​ ធ្លា​​ប់​ប្រឈម​​មុខ​​នឹង​​ពាក្យ​បណ្តឹង​ជុំវិញ​​ជម្លោះដីធ្លី​​និង​ការ​ស៊ើប​​អង្កេត​ពី​យោធា​ ហើយ​​លោក​ក៏​ជា​អតីត​នាយក​ក្រុម​​ហ៊ុន​​ អ៊ែង​ធីវ​ ប្រ​ផឹ​ធី​ ផង​ដែរ​។​​

ក្រុមហ៊ុន​របស់​លោកស្រី​ សាយ​ សោភា​ ក៏​ពាក់ព័ន្ធ​នឹង​ការពង្រីក​ស្ទឹង​​ព្រែកត្នោត​ក្នុង​ខេត្តកណ្តាល​ ដែល​​ធ្វើ​​ឲ្យ​​ប្រជាពលរដ្ឋ​ជិត១០០គ្រួសារ​ ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​