ព្រះមហាក្សត្រ​​​​ត្រាស់​បង្គាប់​​​តែង​​តាំង​លោក​ គុយ​ សុផល​​ ជា​ឧបនាយក​​រដ្ឋ​​មន្ត្រី​​និង​​​​​ជា​​​រដ្ឋ​​​មន្ត្រី​ក្រសួង​​ព្រះ​​បរមរាជវាំង​​

ព្រះករុណា​​​ ព្រះបាទ​ សម្តេច​ព្រះ​បរម​​នាថ​ ​នរោត្តម​​ សីហ​មុនី​ ប្រោស​​ព្រះរាជទាន​​ផ្តល់​​​គោរម​​ងារ​និង​ត្រាស់​បង្គាប់​​តែង​​តាំង​​លោក​ គុយ​ សុផល​​ ជា​​ឧបនាយក​​រដ្ឋមន្ត្រី​និង​​ជា​​​រដ្ឋ​​ម​​ន្ត្រី​ក្រសួង​​ ព្រះ​បរម​​រាជ​​វាំង​​ជំនួស​​សម្តេច​​ចៅ​ហ្វា​​វាំង​ គង់​ សំ​អុល​​ ដែល​​​ទទួល​​មរណភាព​​។​​

យោង​តាម​​ព្រះរាជ​ក្រឹត្យ​​ពីរ​ដាច់​ដោយ​​ឡែក​​ពីរ​គ្នា​ និង​​ចុះ​​កាលបរិច្ឆេទ​​ថ្ងៃទី​​០២​ ខែ​​កញ្ញា​ ឆ្នាំ​​២០២៤​​ ដូចគ្នា​​ បាន​​ឲ្យ​​ដឹង​​ថា​ ព្រះមហាក្សត្រ​​បាន​​ផ្តល់​​គោរម​​ងារ​​លោក​​ គុយ​ សុផល​​ ដែល​​មាន​​គោរមងារ​ជា​​ឧកញ៉ា​​ មហាមន្ត្រី​នោះ​​ ជា​​សម្តេ​​ច​​ មហាមន្ត្រី​ គុយ​ សុផល​ និង​​ត្រាស់​​បង្គាប់​​តែង​​តាំង​​លោក​​ជា​​ឧបនាយក​រដ្ឋ​​មន្ត្រី​ និង​​ជា​​រដ្ឋ​​មន្ត្រី​​ក្រសួង​​ព្រះបរមរាជវាំង​​។​

​ស្រដៀងគ្នា​នេះ​ដែរ​ ព្រះមហាក្សត្រ​​ក៏បាន​​ចេញ​​ព្រះរាជ​ក្រឹត្យ​ពីរ​ផ្សេងទៀត​​ ​​ចុះ​​​ថ្ងៃទី​​០២​ ខែ​​កញ្ញា​​ ឆ្នាំ​​២០២៤​​ ដូចគ្នា​ ដោយ​​ផ្តល់​​គោរម​​ងារ​​លោកស្រី​ គង់​ បញ្ញា​ ជា​​កូន​​ស្រី​របស់​​សម្តេច​​ចៅ​ហ្វា​វាំង​​ គង់​ សំ​អុល​ ជា​​លោកអ្នក​​​ឧកញ៉ា​ មហា​ភក្តី​ គង់​ បញ្ញា​ និង​​ត្រាស់​បង្គាប់​​តែងតាំង​​មុខតំណែង​​លោកស្រី​​ជា​​​ទេស​រដ្ឋមន្ត្រី​ ទទួល​​បន្ទុក​​កិច្ច​​ការ​​ទូទៅ​ អម​​ក្រសួង​​ព្រះបរមរាជវាំង​​។​

ការ​​ផ្តល់​​គោរម​​ងារ​​និង​​តែងតាំង​​នេះ​ ធ្វើ​​ឡើង​តាម​​សេចក្តី​​ក្រាបបង្គំទូល​ថ្វាយ​​របស់​​អតីត​​នាយក​​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ជា​​ប្រធាន​ក្រុម​​​ឧត្តម​​ប្រឹក្សា​​ផ្ទាល់​​ព្រះមហាក្សត្រ​​និង​ត្រឹម​​តែ​​ប៉ុន្មាន​​ម៉ោង​​ប៉ុណ្ណោះ​ បន្ទាប់ពី​​ក្រ​​សួង​​ព្រះបរមរាជវាំង​​បាន​​ប្រកាស​ជូន​​ដំ​​ណឹង​កាល​​ពី​ព្រឹក​​ថ្ងៃ​ចន្ទ​ ទី០២​ ខែកញ្ញា​​ ឆ្នាំ​​២០២៤​​ ​អំពី​​មរណភាព​​របស់​​​សម្តេច​​ចៅ​ហ្វា​វាំង​ គង់​ សំ​អុល​ ដោយ​​ជរាពាធ​ ក្នុង​​​ជន្មាយុ​​៩៤​ ឆ្នាំ​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​