មន្ត្រីនគរបាលថ្នាក់ឧត្ដមសេនីយ៍ផ្កាយ២មួយរូប ដែលតាមចោទថា ត្រូវបានឃាត់ខ្លួនពីបទឆបោកប្រាក់ ៥ម៉ឺនដុល្លារ ជុំវិញការរត់ការចូលក្របខណ្ឌនគរបាលជាតិនោះ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បន្ថយឋានន្តរស័ក្តិមកត្រឹមថ្នាក់ពលបាលត្រី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។
យោងតាមព្រះរាជក្រឹត្យ លេខនស/រកត/០៧២៤/៩២៣ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ទោ អេង សាវឿន អនុប្រធាននាយកដ្ឋានបង្ការនិងពន្លត់អគ្គីភ័យ ក្រសួងមហាផ្ទៃ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់បន្ថយឋានន្តរស័ក្តិពីឧត្តមសេនីយ៍ទោ ឱ្យមកនៅត្រឹមថ្នាក់ពលបាលត្រី។ ការបន្ថយឋានន្តរស័ក្តិនេះ ធ្វើឡើង បន្ទាប់ពីមានសេចក្តីក្រាបបង្គំទូលថ្វាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
នៅក្នុងព្រះរាជក្រឹត្យនេះ ពុំបានបញ្ជាក់ពីមូលហេតុនៃការបន្ថយឋានន្តរស័ក្តិនេះឡើយ ប៉ុន្ដែបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Cambodia Express News ដែលបានចុះផ្សាយកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីដើមឆ្នាំ២០២៤ កន្លងមកនេះ លោកឧត្ដមសេនីយ៍ទោ អេង សាវឿន អនុប្រធាននាយកដ្ឋានបង្ការនិងពន្លត់អគ្គីភ័យ ក្រសួងមហាផ្ទៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ពីបទ «ឆបោកប្រាក់ ៥ម៉ឺនដុល្លារ» ពាក់ព័ន្ធនឹងការរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ។
សារព័ត៌មានដដែលនេះ ក៏បានបញ្ជាក់ផងដែរថា ការឃាត់ខ្លួននេះ ធ្វើឡើងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ។
គួររំឭកផងដែរថា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចដកហូតមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ត្រីមួយរូប ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ឱ្យមកជាមន្ត្រី បន្ទាប់ពីរងការចោទប្រកាន់ថា បានទារប្រាក់មួយលានរៀល ពីឃុំចំនួន១០ នៅស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺផងដែរ៕