លោកនាយក​រដ្ឋ​​មន្ត្រី​សម្រេច​ដកហូត​​មុខ​​តំ​​ណែង​​​នាយ​​​នគរបាល​ថ្នាក់​ឧត្តមសេនីយ៍​​មួយ​រូប​ឱ្យ​​មក​ជា​​មន្ត្រី​​

លោកនាយក​​រដ្ឋ​​មន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ សម្រេច​​​ដកហូត​​មុ​ខ​តំ​​ណែង​​នាយ​​នគរបាល​​ថ្នាក់​​​ឧត្តម​​សេនីយ៍​​ត្រី​​មួយ​​រូប​​ ​ពី​​អគ្គនាយក​​រង​​ នៃ​អគ្គនាយក​ដ្ឋាន​​សវន​​កម្ម​ផ្ទៃក្នុង​​ ក្រប​​ខ័ណ្ឌ​​មន្ត្រី​នគរបាល​​ជាតិ​​ ឱ្យមក​ជា​​មន្ត្រី​​ បន្ទាប់ពី​​រង​​ការ​​ចោទ​​ប្រកាន់​ថា​ បាន​​​ទារប្រាក់​​មួយ​​លាន​​រៀល​​ពី​​ឃុំ​​ចំនួន​​១០​​នៅ​​ស្រុក​​សាមគ្គី​មុនី​​ជ័យ​​ នៃ​ខេត្ត​​កំពង់​​ស្ពឺ​​។​​

យោង​តាម​​អនុក្រឹត្យ​​ចុះ​ថ្ងៃទី​​៦​ ខែ​​មិថុនា​ ឆ្នាំ​​២០២៤​ បានឱ្យ​​​​ដឹង​​ថា​ លោក​​នាយក​រដ្ឋ​​​មន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ សម្រេច​​ដក​​ហូត​​មុខតំណែង​​លោក​ឧត្តម​​សេនីយ៍​​ត្រី​ កែវ​ សា​រ៉ា​វុធ​ ពីអ​គ្គ​នាយករង​ នៃ​អគ្គនាយក​​ដ្ឋាន​​សវនកម្ម​ផ្ទៃក្នុង​ ក្របខ័ណ្ឌ​​មន្ត្រី​​នគរ​​បាល​​​ជាតិ​​កម្ពុជា​​ នៃ​ក្រសួង​​មហាផ្ទៃ​​ឱ្យ​​មក​​ជា​​ម​​ន្ត្រី​​។​​

កាលពី​ថ្ងៃទី​​២១​​ ខែឧសភា​ ឆ្នាំ​​២០២៤​ ក្រសួង​​មហាផ្ទៃ​ ​បាន​​ចាត់​​ក្រុមការងារ​​ កោះ​អញ្ជើញ​​​លោក​ កែវ​ សា​រ៉ា​វុធ​ អគ្គនាយករង​ នៃ​អគ្គនាយក​ដ្ឋាន​​សវនកម្ម​ផ្ទៃក្នុង​​ក្រ​​សួង​​មហាផ្ទៃ​ ​មក​​បំភ្លឺ​​​ទាក់ទិន​នឹង​ការ​​ចោទប្រកាន់​នេះ​ នេះ​បើ​តាម​​សេចក្តី​​រាយ​ការ​​ណ៍​​​របស់​​សារព័ត៌មាន​​ភ្នំពេញ​​ ប៉ុស្តិ៍​។​​

ដោយ​​ឡែក​​កាលពី​ថ្ងៃទី​​១៦​ ខែមិថុនា​​ ឆ្នាំ​​២០២៤​ ​ស្នងការ​ដ្ឋាន​នគរបាល​​ខេត្ត​​សៀម​​​​​រាប​ ​​បាន​​ចេញ​​លិខិត​បង្គាប់​​ការ​​ផ្អាក​​ការងារ​​បណ្តោះ​​អាសន្ន​​លោក​អនុ​សេនី​​យ៍​​ទោ​ រឿន​ សា​រ៉ា​វុធ​ ឋានៈ​​នាយ​​រង​​ប៉ុស្តិ៍​នគរបាល​​រដ្ឋ​​បាល​​ខ្នារស​ណ្តាយ​ នៃ​អធិ​​ការ​​​ដ្ឋាន​​នគរបាល​​ស្រុក​​បន្ទាយ​​ស្រី​ ឱ្យ​​មក​​បង្ហាញ​​មុខ​​នៅ​ការិយាល័យ​​បុគ្គលិក​​​រៀង​​រាល់​​ម៉ោង​​ធ្វើការ​ ដោយសារ​​ល្មើស​​នឹង​​បទ​វិន័យ​នគរបាល​​ជាតិ​​កម្ពុជា​​។​​

​ចំណាត់​​ការ​​នេះ​ ធ្វើ​​ឡើង​​ បន្ទាប់​​ពី​មាន​​វីដេអូ​​ដែល​​គេ​បង្ហោះ​លើ​​បណ្តាញ​សង្គម​​នា​ពេល​ថ្មី​ៗ​នេះ​ ​ដែល​​តាម​​ចោទ​​បាន​បង្ហាញ​​ថា​ លោក​ រឿន​ សា​រ៉ា​វុធ​ បាន​​ប្រើ​អំពើ​​ហិង្សា​​លើ​​បុរស​​ម្នាក់​​​ ខណៈ​ពេល​​ចុះ​ល្បាត​​ពេល​​យប់​​ក្នុង​​មូលដ្ឋាន​ នេះ​បើ​​យោង​តាម​​សេចក្តី​​រាយការណ៍​​របស់​​សារព័ត៌មាន​​ CAMBODIA EXPRESS NEWS​ កាលពី​​ថ្ងៃទី​​១៦​ ខែ​​មិថុនា​ ឆ្នាំ​​២០២៤​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​