លោកវរសេនីយ៍ឯក សៀ ទីន ជាកូនប្រុសរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ត្រូវបានតែងតាំងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បន្ទាប់ពីលោកត្រូវបានតែងតាំងជាមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានរយៈពេល២០ថ្ងៃ។
លោក សៀ ទីន ដែលគេស្គាល់ថា ជាកូនប្រុសរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវបានលោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ តែងតាំងជាមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤។
តែយ៉ាងណា យោងតាមអនុក្រឹត្យចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋាភិបាល ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចតែងតាំងលោកវរសេនីយ៍ឯក សៀ ទីន ទៅជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាបវិញ។ អនុក្រឹត្យដដែល បានបញ្ជាក់ថា បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
លោកវរសេនីយ៍ឯក សៀ ទីន បានចូលបម្រើការងារនៅក្របខ័ណ្ឌកងរាជអាវុធហត្ថតាំងពីឆ្នាំ២០០៨ ហើយលោកបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យការពារជាតិនៅកម្ពុជា សាលាបណ្ឌិតសភាយោធាអូស្ត្រាលី វគ្គបញ្ជាការសេនាធិការពីប្រទេសសិង្ហបុរី និងវគ្គបណ្តុះបណ្តាលផ្សេងៗទៀតពីបរទេស នេះបើតាមការផ្សព្វផ្សាយក្នុងសារព័ត៌មានកម្ពុជាថ្មី៕