កូន​​ប្រុស​របស់​​លោក​​ឧត្តម​​សេនីយ៍​ឯក​ រ័ត្ន​ ស៊្រាង​ ត្រូវ​​បាន​​តែងតាំង​ជា​​មេបញ្ជាការ​​កងរាជអាវុធហត្ថ​​ខេត្ត​​សៀម​​រាប​​

​លោក​វរសេនីយ៍​​ឯក​ សៀ​ ទីន​ ជា​​កូន​​ប្រុស​​របស់​​លោក​​ឧត្តម​​សេនីយ៍​ឯក​ រ័ត្ន​ ស៊្រាង​ ត្រូវ​​បាន​​តែងតាំង​ជា​​មេបញ្ជាការ​​​កងរាជអាវុធហត្ថ​​ខេត្ត​​សៀម​​រាប​ បន្ទាប់​​​ពី​​លោក​​ត្រូវ​​បាន​​តែងតាំង​​ជា​​មេបញ្ជាការ​​​រង​កងរាជអាវុធហត្ថ​រាជ​​ធានី​ភ្នំពេញ​បាន​​​រយៈពេល​​​២០​​ថ្ងៃ​​។​

លោក​ សៀ​ ទីន​ ដែល​​គេ​ស្គាល់​ថា​ ជា​​កូន​​ប្រុស​​របស់​​លោក​ឧត្តមសេនីយ៍ឯក​​ រ័ត្ន​​ ស៊្រាង​ មេបញ្ជាការ​​កងរាជអាវុធហត្ថ​​រាជធានី​ភ្នំពេញ​​ ត្រូវ​​បាន​​លោក​ ទៀ​ សីហា​ រដ្ឋ​​មន្ត្រី​​ក្រសួង​​ការ​​ពារ​ជាតិ​ ​តែង​​តាំង​​​ជា​​មេបញ្ជាការ​​រង​​កងរាជអាវុធហត្ថ​​រាជធានី​ភ្នំពេញ​​ កាល​​ពី​​ថ្ងៃទី​​០២​ ខែ​​ក​ក្ក​​ដា​ ឆ្នាំ​​២០២៤​​។​​

តែ​យ៉ាងណា​ យោង​តាម​​អនុក្រឹត្យ​​ចុះ​ថ្ងៃទី​​២២​ ខែ​​កក្កដា​ ឆ្នាំ​​២០២៤​​ រដ្ឋាភិបាល​ ដែល​ដឹកនាំ​ដោយ​​លោក​​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​​​​សម្រេច​​​តែង​​តាំង​​លោក​វរសេនីយ៍ឯក​​ សៀ​ ទីន​ ទៅ​​ជា​​មេបញ្ជាការ​នៃ​​បញ្ជាការ​​ដ្ឋាន​​កងរាជអាវុធហត្ថ​​ខេត្ត​​សៀម​​រាប​វិញ​​។​​ អនុក្រឹត្យ​​ដដែល​​ បាន​​​បញ្ជាក់​​ថា​ បទប្បញ្ញត្តិ​​ទាំង​​ឡាយ​​ណា​ ដែល​​​​ផ្ទុយ​​​នឹង​​​អនុក្រឹត្យ​​នេះ​ ត្រូវ​​ទុក​​ជា​​និរាករណ៍​​។​​

លោក​​វរសេនីយ៍ឯក​ សៀ​ ទីន​ បាន​​ចូល​​បម្រើ​​ការងារ​​នៅ​ក្របខ័ណ្ឌ​​កងរាជអាវុធហត្ថ​​តាំងពី​ឆ្នាំ​​២០០៨​ ហើយ​​លោក​​បាន​​បញ្ចប់​ការ​​សិក្សា​​នៅ​សាកល​វិទ្យាល័យ​​ការពារ​ជាតិ​នៅ​កម្ពុជា​​ សាលា​បណ្ឌិត​​សភា​យោធា​អូស្ត្រាលី​ វគ្គ​បញ្ជាការ​សេនាធិការ​ពី​ប្រទេស​​សិង្ហបុរី​ និង​​វគ្គ​បណ្តុះបណ្តាល​​ផ្សេង​ៗ​ទៀត​ពី​បរទេស​​ នេះ​បើ​តាម​​ការ​ផ្សព្វផ្សាយ​​ក្នុង​​​សារព័ត៌មាន​​កម្ពុជា​ថ្មី​៕​​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​