ឧកញ៉ាម្នាក់ ដែលមានអាជីពជាមេធាវីផងនោះ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ បញ្ចប់គោរមងារជាឧកញ៉ា ក្រោយមានការចោទថា ពាក់ព័ន្ធនឹងករណីបាញ់បោះសេរីនៅក្នុងក្លឹបកំសាន្តមួយកន្លែង ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីចុងខែកក្កដា។
យោងតាមព្រះរាជក្រឹត្យ លេខនស/រកត/០៨២៤/៩៩២ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់គោរមងារ ឧកញ៉ា ពីឧកញ៉ា ខុន បញ្ចសិទ្ធិ ។
ការបញ្ចប់គោរមងារឧកញ៉ាពីលោក ខុន បញ្ចសិទ្ធិ ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
យោងតាមការចុះផ្សាយរបស់គេហទំព័រសារព័ត៌មាន Fresh News កាលពីថ្ងៃទី១០ ខែ សីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ឈ្មោះ ខុន បញ្ចសិទ្ធិ និងមិត្តភក្តិមួយក្រុមបាននាំគ្នា ចូលក្លឹបកំសាន្តមួយកន្លែងឈ្មោះ Central.X ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់មកក៏មានហេតុការណ៍ផ្ទុះអាវុធ ១ គ្រាប់ ដែលតាមការចោទថា បង្កឡើងដោយឈ្មោះ ខុន បញ្ចសិទ្ធិ ដែលធ្វើឱ្យភ្ញៀវផ្អើលរត់ចេញមកក្រៅ។
សារព័ត៌មានដដែលនេះ បានបញ្ជាក់ទៀតថា នៅក្នុងហេតុការណ៍នោះ កងរាជអាវុធហត្ថខណ្ឌចំការមន ដកហូតបានអាវុធខ្លីចំនួន ០២ដើម ម៉ាក GLOCK 19 និងម៉ាក EKOL VOLGA។
គួររំលឹកផងដែរថា លោក ខុន បញ្ចសិទ្ធិ ជាមេធាវី ដែលបានធ្វើសម្បថកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ និងជាអគ្គនាយកក្រុមហ៊ុន វ័ន រ៉ូយ៉ាល់ ស៊ីធី ដែលធ្វើអាជីវកម្មទិញ លក់ផ្នែកអចលនទ្រព្យ ទទួលបានគោរមងារជាឧកញ៉ាតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៦ ខែ មេសា ឆ្នាំ២០២២ ហើយបើគិតមកដល់ថ្ងៃព្រះមហាក្សត្រត្រាស់បង្គាប់បញ្ចប់គោរមងារ គឺបានរយៈពេល ២ឆ្នាំ ៣ខែ និង១៥ថ្ងៃ ប៉ុណ្ណោះ៕