រាជរដ្ឋាភិបាល​​​ជ្រើស​​រើស​​ពលទាហាន​​ថ្មី​​ជាង​ ​១ពាន់​​នាក់​ ដើម្បី​​​បំពេញ​​​ក្របខ័ណ្ឌ​កងឯកភាព​ចំនួន​​៤​​​

រាជរដ្ឋាភិបាល​ ​អនុញ្ញាត​ឱ្យ​​ក្រសួង​​ការ​​ពារ​​ជាតិ​​ ជ្រើស​​​រើស​​ពល​​ទាហាន​​ថ្មី​ចំនួន​ ​១​ ៧៤១​​នាក់​​ ដើម្បី​​បំពេញ​​ក្របខ័ណ្ឌ​​នៅ​​កង​​ឯកភាព​​ចំនួន​​៤​​។​

យោង​​តាម​​សេចក្តី​​សម្រេច​​ចុះ​ថ្ងៃទី​​៣០​​ ខែ​​មេសា​ ឆ្នាំ​​២០២៤​​ ដែល​​ត្រូវ​​បាន​ចុះ​​ហត្ថលេខា​​ដោយ​​លោកនាយក​​រដ្ឋ​​មន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ និង​​​​​ផ្សព្វផ្សាយ​​ជា​​ទូទៅ​​ដោយ​​បណ្តាញ​​ព័ត៌មាន​​ក្នុង​​ស្រុក​​មួយ​​ចំនួន​ កាល​​ពី​ថ្ងៃទី​​០១​ ខែឧសភា​ ឆ្នាំ​​២០២៤​ ​​​បាន​​​ឱ្យ​​​ដឹង​​ថា​ លោក​​នាយក​​រដ្ឋ​​មន្ត្រី​​ ហ៊ុន​ ម៉ា​ណែ​ត​​ បាន​​អនុញ្ញាត​ឱ្យ​​ក្រ​​សួង​​ការ​​ពារ​​ជាតិ​ ​ជ្រើស​​រើស​​ពលទាហាន​​ថ្មី​​ចំនួន​​ ១​ ៧៤១​​នាក់​​ ដើម្បី​​បំពេញ​​ក្របខ័ណ្ឌ​​ឱ្យ​​​កង​​ឯក​​ភាព​​ចំនួន​​៤​ ដែល​​ក្នុង​​នោះ​​ កងពល​ តូច​​លេខ​​៧០​​ កងទ័ព​​ជើង​​គោក​ ចំនួន​​២០០​​នាក់​ បញ្ជាការ​ដ្ឋាន​​កង​រាជ​អាវុធ​​ហត្ថ​ លើ​​ផ្ទៃ​​ប្រទេស​ ចំនួន​​ ១​ ០០០​​នាក់​​ បញ្ជាការ​ដ្ឋាន​​វិស្វកម្ម​​ អគ្គបញ្ជាការ​ដ្ឋាន​​ ចំនួ​​ន​ ​៣០០​​នាក់​​ និង​​បញ្ជាការ​ដ្ឋាន​​ការ​​ពារ​​អាកាស​​ អគ្គបញ្ជាការ​​ដ្ឋាន​​ ចំនួន​​២៤១​​នាក់​​។​

សេចក្តី​​សម្រេច​នេះ​ បញ្ជាក់​ទៀត​​ថា​  ការ​​ជ្រើសរើស​​ពលទាហាន​​ថ្មីនេះ​ ​ត្រូវ​​បាន​ ​ធ្វើ​​ឡើង​​ទៅតាម​​សំណើ​​របស់​​ក្រសួង​​ការ​​ពារ​​ជាតិ​​។​​

កាល​​ពី​​ដើម​​ឆ្នាំ​​២០២៤​ រាជរដ្ឋាភិបាល​ ​បាន​​ចេញ​សេចក្តី​​សម្រេច​​មួយ​​ ដោយ​ ​​អនុញ្ញាត​​ឱ្យ​​ក្រសួង​​ការ​​ពារ​​ជាតិ​ ​ជ្រើស​​រើស​​ពលទាហាន​​ថ្មី​​ ចំនួន​​១១១​​នាក់​ សម្រាប់​​បំពេញ​​ក្រប​​ខ័ណ្ឌ​​ឱ្យ​​បញ្ជា​​ការដ្ឋាន​​អង្គរក្ស​​ នេះ​​បើ​យោង​តាម​​ សេចក្តី​​សម្រេច​មួយ​របស់​​លោក​​នាយក​​រដ្ឋ​​មន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ ​ចុះ​​ថ្ងៃទី​​២៣​ ខែ​​មករា​ ឆ្នាំ​​២០​​២៤​​​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​