ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក ដាប់ប៊លយូ ភែទ្រីក ម៉ុហ្វី (W. Patrick Murphy) ដែលនឹងត្រូវបញ្ចប់អាណត្តិការងាររបស់លោក នាចុងខែឧសភានេះ ត្រូវបានព្រះមហាក្សត្រប្រោសប្រទានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេរី វឌ្ឍន៍។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងសៀវភៅរាជកិច្ចលេខ៤៥ និងត្រូវបានចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៦ ខែឧសភា បានឱ្យដឹងថា ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យប្រោសព្រះរាជទាន គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ចំពោះលោក ដាប់ប៊លយូ ភែទ្រីក ម៉ុហ្វី ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា។
មេដាយសហមេត្រី គឺសម្រាប់បំពាក់ជូនអង្គទូត ឬតំណាងប្រទេសជាមិត្ត ដែលបានបំពេញការងារ ដើម្បីជាប្រយោជន៍ដល់ចំណងមិត្តភាពប្រទេសទាំងពីរ។
ការបំពាក់គ្រឿងឥស្សរិយយសនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោកត្រូវបានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងជម្រាបលាលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នេះបើយោងតាមការចេញផ្សាយ ដោយទីស្តីការគណៈរដ្ឋមន្ត្រី។
នៅក្នុងជំនួបនេះ លោក W. Patrick Murphy ក៏បានលើកឡើង អំពីកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជា នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សុខាភិបាល វិស័យបោសសំអាតមីន និងវិស័យសំខាន់ៗ ផ្សេងទៀត ខណ:ដែលសហរដ្ឋអាមេរិកជាដៃគូផ្តល់ជំនួយដល់កម្ពុជាដ៏សំខាន់។
ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-សហរដ្ឋអាមេរិកក្នុងអាណត្តិការទូតរបស់ឯកអគ្គរដ្ឋទូតថ្មី៕