អ្នក​​ឧកញ៉ា​ ទ្រី​ ភាព​ ទទួល​បាន​​គោរម​​ងារ​​ជា​​ “លោកអ្នក​​ឧកញ៉ា​”​

ព្រះ​​ករុណា​​​ព្រះបាទ​​សម្តេច​​​ព្រះ​​បរមនាថ​​​ នរោត្តម​​ សីហ​​មុនី​​ បាន​​​​ត្រាស់​​​បង្គាប់​​​ផ្តល់​​​​​គោរមងារ​​ “លោកអ្នក​​​ឧកញ៉ា​​” ដែល​​ជា​​​គោរម​​​ងារ​​​ខ្ពស់​​បំផុត​​​នៅ​​កម្ពុជា​​ ជូន​​​ដល់​លោក​ ទ្រី​ ភាព​​ ​​​។​

​លោក​​ ទ្រី​​ ភាព​​​ ដែល​​​មាន​​​គោរម​​​ងារ​​​ជា​​​អ្នក​​​ឧកញ៉ា​​ និង​​​ជា​​​អ្នក​​​ជំនួញ​​​​​ដ៏​​ល្បីល្បាញ​​​នៅ​កម្ពុជា​​នោះ​​ ​ត្រូវ​​បាន​​ព្រះមហាក្សត្រ​​ត្រាស់​​បង្គាប់​​ផ្តល់​​គោរម​​ងា​​រ​​​​ជា​​​ “លោកអ្នក​​ឧកញ៉ា​” នេះ​បើ​​យោង​​តាម​​ព្រះ​​រាជក្រឹត្យ​​ចុះ​​ថ្ងៃទី​​១០​ ខែ​​ឧសភា​ ឆ្នាំ​​២០២៤​​។​​ កា​​រ​​ផ្តល់​​គោរម​​ងារ​​នេះ​​ ធ្វើ​​ឡើង​​​ យោង​​តាម​​សេចក្តី​ក្រាប​បង្គំ​​ទូល​​ថ្វាយ​​របស់​​លោក​​នាយក​​រដ្ឋ​​មន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​។​​

កាល​​ពី​​ថ្ងៃទី​​០៦​ ខែ​​មេសា​ ឆ្នាំ​​២០២៤​​ ​​លោក​ ទ្រី​ ភាព​ ទទួល​បាន​​ការ​​តែង​​តាំង​​ជា​​ទី​​ប្រឹក្សា​​របស់​​លោក​ ហ៊ុន​ សែន​ ប្រធាន​​ព្រឹទ្ធសភា​​ នីតិកាល​​ទី​​៥​​ មាន​​ឋានៈ​​ស្មើ​​ទេស​​រដ្ឋ​​មន្ត្រី​ ដោយ​​ពុំ​ទទួល​​បាន​​ប្រាក់​​បំណាច់​​មុខ​​ងារ​។​​

​​កាលបរិច្ឆេទ​​​ថ្ងៃទី​​​១២​​ ខែ​​​​មេសា​​ ឆ្នាំ​​​២០២៤​​​​ ព្រះមហាក្សត្រ​​បាន​​ចេញ​​ព្រះរាជ​ក្រឹត្យ​​​​​ដាច់​​ដោយ​​ឡែក​​ពីគ្នា​​ផ្តល់​គោរមងារ​ “លោក​​អ្នក​​​ឧកញ៉ា​” ​​ដល់​​អ្នក​​ឧកញ៉ា​ចំនួន​ ៦រូប​ រួម​​​មាន​​​ អ្នក​​​ឧកញ៉ា​​ លី​​ យ៉ុង​​ផាត់​​ ជា​​ប្រធាន​​​សមាគម​​​ឧកញ៉ា​​កម្ពុជា​​​ និង​​​ជា​​​អគ្គ​​​​នាយក​​​ក្រុមហ៊ុន​​ LYP Group, អ្នក​​​​ឧកញ៉ា​​ ពុង​​ ឃា​​វ​​សែ​​ ជា​​អគ្គនាយក​​​ក្រុមហ៊ុន​​ OCIC, អ្នក​​​ឧកញ៉ា​​ ភាព​​ ហៀក​​ ស្ថាបនិក​​​ក្រុមហ៊ុន​​ ជីប​​ ម៉ុង​​ គ្រុប​,​​ អ្នក​​​ឧកញ៉ា​​ លី​​ ហួរ​​ ប្រធាន​​​នាយក​​​ប្រតិបត្តិ​​​ក្រុមហ៊ុន​​ លី​​ ហួរ​​ គ្រុប​​​, អ្នក​​​ឧកញ៉ា​​ ភូ​​ ហុង​​ស៊ួន​​ ស៊ី​​គង់​​ទ្រី​​វ​​ អនុប្រធាន​​​សមាគម​​ឧកញ៉ា​​​កម្ពុជា​​ និង​​​អ្នក​​​ឧកញ៉ា​​ លាង​​ ឃុន​​ ជា​​​អនុប្រធាន​​​សមាគម​​​ឧកញ៉ា​​កម្ពុជា​​ និង​​​ជា​​​កូន​​​របស់​​​អ្នក​​​ឧកញ៉ា​​ ភាព​​ ហៀក​​ ដែល​​ជា​​​ស្ថាបនិក​​​ក្រុមហ៊ុន​​​ជីប​​ ម៉ុង​​ គ្រុប​​។​​​​

គួរ​​​រំលឹក​​​ផង​​​ដែរ​​​ថា​​​​ គោរមងារ​​​ជា​​​ឧកញ៉ា​​​នៅ​​​កម្ពុជា​​​ មាន៣ថ្នាក់​​​ គឺ​​​ឧកញ៉ា​​​ អ្នកឧកញ៉ា​​​ និង​​​លោកអ្នកឧកញ៉ា​​​។​​​ បច្ចុប្បន្ន​​​ ដើម្បី​​​ទទួល​​​បាន​​គោរម​​​ងារ​​​ជា​​​ឧកញ៉ា​​​ ដរាបណា​​​បុគ្គល​​​នោះ​​​ បាន​​​បរិច្ចាគ​​​ថវិកា​​​លើស​​​កម្ម​​​ភាព​​​មនុស្សធម៌​​​ជួយ​​​សង្គម​​​ចាប់ពី៥០ម៉ឺន​​​ដុល្លារ​​​ឡើង​​​ទៅ​​​ ខណៈ​​​​មុន​​​ថ្ងៃទី២០​​​ ខែមីនា​​​ ឆ្នាំ២០១៧​​​ ​គោរមងារ​​​ «​ឧកញ៉ា​​​​» តម្រូវ​​​​ត្រឹមតែ​​​​១០​​​​ម៉ឺន​​​​ដុល្លារ​​​​ប៉ុណ្ណោះ​​​ នេះ​​បើ​​​​យោង​​តាម​​​​អនុក្រឹត្យ​​​​​លេខ​​​ ៤៣​​​ អន​​​ក្រ​​​.បក​​​ ចុះ​​​ថ្ងៃទី២០​​​ ខែមីនា​​​ ឆ្នាំ២០១៧​​​៕​​​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​