លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី បានតែងតាំងលោក ទ្រី ភាព ជាទីប្រឹក្សា និងមានឋានៈស្មើទេសរដ្ឋមន្ត្រី ត្រឹមរយៈពេល៣ថ្ងៃ បន្ទាប់ពីលោកឡើងកាន់តំណែងជាប្រធានព្រឹទ្ធសភា។
លោក ទ្រី ភាព ដែលមានគោរមងារជាអ្នកឧកញ៉ា និងមានការចោទថា លោកជាអ្នកជំនួញឈើដ៏ល្បីល្បាញនោះ ទទួលបានការតែងតាំងជាទីប្រឹក្សារបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ មានឋានៈស្មើទេសរដ្ឋមន្ត្រី នេះបើតាមព្រះរាជក្រឹត្យ នស/រកត/០៤២៤/៣៣០ ចុះថ្ងៃ ទី០៦ ខែមេសា ឆ្នាំ២០២៤ និងមានចុះហត្ថលេខាដោយលោក ហ៊ុន សែន ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី។
ឯកសារដដែល បញ្ជាក់ថា ជាមួយនឹងឋានៈជាទីប្រឹក្សារបស់លោក ហ៊ុន សែន នេះ លោក ទ្រី ភាព ពុំទទួលបានប្រាក់បំណាច់មុខងារនោះទេ។
លោក ទ្រី ភាព និងភរិយារបស់លោក គឺលោកស្រី គៀន ស្រីនាង ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជា អ្នកឧកញ៉ា កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១។ កន្លងមក លោក ទ្រី ភាព ក៏ធ្លាប់ជាទីប្រឹក្សារបស់អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ផងដែរ។
កាលពីខែធ្នូ ឆ្នាំ២០១៩ ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានសម្រេចដាក់ទណ្ឌកម្មលើលោក ទ្រី ភាព ដោយចោទប្រកាន់ថា បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងប្រព្រឹត្តអំពើពុករលួយ នេះបើតាមសេចក្តីរាយការណ៍របស់ VOA៕