អ្នក​​ឧក​ញ៉ា​ល្បី​ៗ​ចំនួន​ ​៦​​រូប​ ទទួល​បាន​​គោរម​​ងារ​​ជា​​ “លោក​​អ្នក​​ឧកញ៉ា​”​​

ព្រះករុណា​​ព្រះបាទ​សម្តេច​​ព្រះ​បរមនាថ​​ នរោត្តម​ សីហ​មុនី​ បាន​​​ត្រាស់​​បង្គាប់​​ផ្តល់​​​គោរមងារ​ “លោកអ្នក​​ឧកញ៉ា​” ដែល​ជា​​គោរម​​ងារ​​ខ្ពស់​បំផុត​​នៅ​កម្ពុជា​ ជូន​​ដល់​​អ្នក​​ឧកញ៉ា​ល្បីឈ្មោះ​​​ ៦​​រូប​​ នា​ពេល​ថ្មី​ៗ​នេះ​​​​។​

ការ​ផ្តល់​​គោរម​​ងារ​​ “លោកអ្នកឧកញ៉ា​​” នេះ​​ត្រូវ​​បាន​​ប្រកាស​​ អំឡុង​​​សន្និបាត​​ប្រចាំ​​ឆ្នាំ​​លើក​​ទី​​១​ របស់​​សមាគម​ឧកញ៉ា​​កម្ពុជា​ ដែល​ប្រារព្ធ​​ឡើង​​កាលពី​ថ្ងៃទី​​២៦​ ខែ​​មេសា​ ឆ្នាំ​​២០២៤​ ដោយមាន​​ការ​​ចូល​​រួម​​ពី​​​លោក​ ហ៊ុន​ សែន​ ក្នុង​​ឋានៈ​​ជា​​ប្រធាន​​កិត្តិយស​​សមាគម​​ឧកញ៉ា​​កម្ពុជា​​​។​

យោង​តាម​​ព្រះរាជ​ក្រឹត្យ​​ដាច់ដោយឡែក​​ពីគ្នា​​ និង​​មាន​​ចុះ​​កាលបរិច្ឆេទ​​ថ្ងៃទី​​១២​ ខែ​​​មេសា​ ឆ្នាំ​​២០២៤​​ ដូច​ៗ​​គ្នា​​ អ្នក​​ឧកញ៉ា​​ទាំង​​៦​​រូប​​ដែល​ទទួល​​​បាន​​គោរម​​ងារ​​ជា​​ “លោកអ្នក​​ឧកញ៉ា​” នោះ​រួម​​មាន​​ អ្នក​​ឧកញ៉ា​ លី​ យ៉ុង​ផាត់​ ជា​ប្រធាន​​សមាគម​​ឧកញ៉ា​កម្ពុជា​​ និង​​ជា​​អគ្គ​​​នាយក​​ក្រុមហ៊ុន​ LYP Group  អ្នក​​​ឧកញ៉ា​ ពុង​ ឃា​វ​សែ​ ជា​អគ្គនាយក​​ក្រុមហ៊ុន​ OCIC អ្នក​​ឧកញ៉ា​ ភាព​ ហៀក​ ស្ថាបនិក​​ក្រុមហ៊ុន​ ជីប​ ម៉ុង​ គ្រុប​​ អ្នក​​ឧកញ៉ា​ លី​ ហួរ​ ប្រធាន​​នាយក​​ប្រតិបត្តិ​​ក្រុមហ៊ុន​ លី​ ហួរ​ គ្រុប​​ អ្នក​​ឧកញ៉ា​ ភូ​ ហុង​ស៊ួន​ ស៊ី​គង់​ទ្រី​វ​ អនុប្រធាន​​សមាគម​ឧកញ៉ា​​កម្ពុជា​ និង​​អ្នក​​ឧកញ៉ា​ លាង​ ឃុន​ ជា​​អនុប្រធាន​​សមាគម​​ឧកញ៉ា​កម្ពុជា​ និង​​ជា​​កូន​​របស់​​អ្នក​​ឧកញ៉ា​ ភាព​ ហៀក​ ដែល​ជា​​ស្ថាបនិក​​ក្រុមហ៊ុន​​ជីប​ ម៉ុង​ គ្រុប​។​​​

បុគ្គល​​​ចំនួន​​​ ២៤២រូប​​​ ត្រូវ​​​បាន​​​ព្រះមហាក្សត្រ​​​ចេញ​​​ព្រះរាជ​​​ក្រឹត្យ​​​ផ្ដល់​​​គោរមងារ​​​ ជា​​ឧកញ៉ា​​​ និង​​​​អ្នកឧកញ៉ា​​​នៅក្នុង​​​ឆ្នាំ២០២៣​​​ នេះ​​​​យោង​​​​តាម​​​​សៀវភៅ​​​​រាជកិច្ច​​​​ចាប់ពី​​​​លេខ១​​​ ត្រីមាស​​​ទី​​​​១​​​ ឆ្នាំ​​​​២០២៣​​​​​ ដល់​​​​លេខ៩៦​​​​ នៃ​​​​​ត្រីមាស​​​​ទី​​​​៤​​​ ឆ្នាំ២០២៣​​​។​

គួរ​​រំលឹក​​ផង​​ដែរ​​ថា​​​ គោរមងារ​​ជា​​ឧកញ៉ា​​នៅ​​កម្ពុជា​​ មាន៣ថ្នាក់​​ គឺ​​ឧកញ៉ា​​ អ្នកឧកញ៉ា​​ និង​​លោកអ្នកឧកញ៉ា​​។​​ បច្ចុប្បន្ន​​ ដើម្បី​​ទទួល​​បាន​គោរម​​ងារ​​ជា​​ឧកញ៉ា​​ ដរាបណា​​បុគ្គល​​នោះ​​ បាន​​បរិច្ចាគ​​ថវិកា​​លើស​​កម្ម​​ភាព​​មនុស្សធម៌​​ជួយ​​សង្គម​​ចាប់ពី៥០ម៉ឺន​​ដុល្លារ​​ឡើង​​ទៅ​​ ខណៈ​​​មុន​​ថ្ងៃទី២០​​ ខែមីនា​​ ឆ្នាំ២០១៧​​ ​គោរមងារ​​ «​ឧកញ៉ា​​​» តម្រូវ​​​ត្រឹមតែ​​​១០​​​ម៉ឺន​​​ដុល្លារ​​​ប៉ុណ្ណោះ​​ នេះ​បើ​​​យោង​តាម​​​អនុក្រឹត្យ​​​​លេខ​​ ៤៣​​ អន​​ក្រ​​.បក​​ ចុះ​​ថ្ងៃទី២០​​ ខែមីនា​​ ឆ្នាំ២០១៧​​៕​​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​