រដ្ឋាភិបាលបានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ឯក យ៉ាំ ស៊ីងម៉ៅ ពីប្រធាននាយដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំណុះក្រសួងមហាផ្ទៃ ក្រោយឡើងកាន់តំណែងមួយនេះបានរយៈពេលត្រឹមតែជាង១ខែ។
យោងតាមអនុក្រឹត្យចុះកាលបរិច្ឆេទថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ និងមានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈដោយបណ្តាញព័ត៌មានក្នុងស្រុក រដ្ឋាភិបាល បានសម្រេចបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ឯក យ៉ាំ ស៊ីងម៉ៅ ពីប្រធាននាយដ្ឋានកណ្ដាលនគរបាលយុត្តិធម៌។
អនុក្រឹត្យនេះ មិនបានបញ្ជាក់ពីមូលហេតុណាមួយនៃការបញ្ចប់មុខតំណែងរបស់លោក យ៉ាំ ស៊ីងម៉ៅ នោះទេ។ ទោះជាយ៉ាងណា ការបញ្ចប់មុខតំណែងនេះ ត្រូវបានសង្កេតឃើញថា បានធ្វើឡើងក្រោយលោក យ៉ាំ ស៊ីងម៉ៅ ឡើងកាន់តំណែងមួយនេះបានរយៈពេលត្រឹមតែជាង១ខែតែប៉ុណ្ណោះ។
យោងតាមអនុក្រឹត្យចុះកាលបរិច្ឆេទថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រីផងដែរនោះ លោក យ៉ាំ ស៊ីងម៉ៅ ត្រូវបានរដ្ឋាភិបាលប្រកាសតែងតាំងមុខតំណែងជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំណុះក្រសួងមហាផ្ទៃ៕