លោក​ គង់​ សភា​ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​​បាន​​ការ​​លើកលែងទោស​ពី​ព្រះ​​មហាក្សត្រ​​

អតីត​​តំណាង​​រាស្ត្រ​​គណបក្ស​​ប្រឆាំង​​មួយ​​រូប​​ទទួល​​បាន​​ការ​​លើក​​លែង​​ទោស​​ពី​​ព្រះ​​ម​​ហា​ក្យ​ត្រ​ ក្រោយ​​ពី​​សុំ​អភ័យទោស​​ពី​​រដ្ឋាភិបាល​​ ខណៈ​​មន្ត្រី​​ជាន់​​ខ្ពស់​​ម្នាក់​ ​ទៀត​ប្រកាស​​ផ្តាច់​​ខ្លួន​​ពី​​អតីត​​មេដឹកនាំ​​គណបក្ស​​ប្រឆាំង​​។​​​

ព្រះករុណា​​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ នរោត្តម​​ សីហ​មុនី​ បាន​​ត្រាស់​បង្គាប់​​លើក​​លែង​​ទោស​​លោក​ គង់​ សភា​​ ដែល​​ត្រូវ​​បាន​​តុលាការ​​សម្រេច​​ផ្តន្ទា​​ទោស​​ដាក់​​ពន្ធនាគារ​​កំណត់​​៨​​ឆ្នាំ​​ តាម​​អំណាច​​សាលក្រម​​ព្រហ្មទណ្ឌ​ ចុះ​ថ្ងៃទី​​១៤​ ខែមិថុនា​​ ឆ្នាំ​​២០២២​​ របស់​​សាលា​​ដំបូង​​រាជធានី​ភ្នំពេញ​​ នេះ​​បើ​​យោង​​តាម​​ព្រះរាជ​ក្រឹត្យ​​ចុះ​​ថ្ងៃទី​​​២៤​​ ខែ​​មេសា​ ឆ្នាំ​​២០២៤​​។​​

ការ​​លើ​​ក​​លែងទោស​​នេះ​ ធ្វើ​​ឡើង​​ក្រោយ​​ពី​​លោកនាយក​​រដ្ឋ​​មន្ត្រី​​ ហ៊ុន​​ ម៉ា​ណែ​ត​ បាន​ប្រកាស​​នៅ​​លើ​​ទំព័រ​​ហ្វេ​សប៊ុ​​ក​​របស់​​លោក​ថា​ លោក​​បាន​​ទទួល​​លិខិត​​សុំ​ការ​អភ័យ​​ទោស​​របស់​​លោក​ គង់​ សភា​ ហើយ​ថា​ នឹង​​ចាត់ចែង​​តាម​​នីតិវិធី​​ ដើម្បី​​ឲ្យ​​លោក​​​អាច​វិល​​ត្រឡប់​​មក​​កាន់​ប្រទេស​​កម្ពុជា​​វិញ​។​​

​តាម​​រយៈ​​លិខិត​​មួយ​ច្បាប់​​ធ្វើ​​នៅ​​ប្រទេស​​កាណាដា​ ​ចុះ​​ថ្ងៃទី​​០៩​ ខែកុម្ភៈ​ ឆ្នាំ​​២០​​២៤​​ លោក​ គង់​ សភា​ អតីត​​តំណាង​​រាស្ត្រ​​មណ្ឌល​​ស្វាយ​​រៀង​​មក​​ពី​​គណបក្ស​​សង្គ្រោះ​ជាតិ​​បាន​​សម្តែង​​ការ​​សោក​​ស្តាយ​​និង​​សុំ​ការ​​អភ័យ​​ទោស​​ពី​​រដ្ឋាភិបាល​​ ជាពិសេស​​ពី​​លោក​​នាយក​​រដ្ឋ​​មន្ត្រី​ ហ៊ុន​​ ម៉ា​ណែ​ត​ និង​​លោក​ ហ៊ុន​ សែន​​ ប្រធាន​​គណបក្ស​​ប្រជា​​ជន​​កម្ពុជា​​។​​

នៅក្នុង​​លិខិត​​ដដែល​​នេះ​ លោក​ គង់​ សភា​ បាន​​ស្នើ​​សុំ​​ឲ្យ​​លោកនាយក​​រដ្ឋ​​មន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​​ ជួយ​​អន្តរាគមន៍​​ ដើម្បី​ទទួល​បាន​​ការ​​លើក​​លែងទោស​​និង​​រួច​​ផុត​​ពី​​ទោសទណ្ឌ​និង​​ទម្លាក់​​ចោល​​បទ​​ចោទ​​ទាំង​​ឡាយ​​ដែល​​អាច​​មាន​​ចំពោះ​​រូប​​លោក​​ ដើម្បី​​អាច​​វិល​​ត្រឡប់​​មក​​ប្រទេស​កម្ពុជា​វិញ​​។​​​​

លោក​ គង់​ សភា​ ស្ថិត​ក្នុងចំណោម​​ថ្នាក់ដឹកនាំ​និង​​សកម្មជន​​៦០​​នាក់​​របស់​​គណបក្ស​​សង្គ្រោះ​​ជាតិ​​ដែល​​ត្រូវ​​បាន​​ផ្តន្ទា​ទោស​​ជាប់​​ពន្ធនាគារ​​កាលពី​ឆ្នាំ​​២០២២​ បន្ទាប់ពី​តុលាការ​​​រក​​ឃើញ​ពិរុទ្ធភាព​​ ដែល​​តាម​​ចោទ​​ពី​បទ​​រៀប​​ចំ​ផែន​​ការ​​​ ដើម្បី​​ផ្តួល​​​រំលំ​រដ្ឋា​ភិ​​បាល​។​ ​​លោក​​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​កម្ពុជា​កាលពី​ ឆ្នាំ២០១៧​ បន្ទាប់ពី​ការ​ចាប់ខ្លួន​លោក​ កឹម​ សុខា​ មេដឹកនាំ​គណបក្ស​ប្រឆាំង​ ដោយ​ចោទប្រកាន់​​ពី​បទ​គប់​​គិ​​ត​ជាមួយ​​បរទេស​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​។​

ស្រប​ពេល​ជាមួយ​​គ្នា​​នេះ​ដែរ​ លោក​ ហ៊ុន​ សែន​ ​ជា​​ប្រធាន​​ព្រឹទ្ធសភា​​បាន​​ប្រកា​ ស​​​​តាម​​ទំព័រ​​ហ្វេ​សប៊ុ​ក​​របស់​​លោក​កាល​​ពី​ថ្ងៃទី​​២៣​ ខែមេសា​ ឆ្នាំ​​២០២៤​​ ថា​ លោក​​​ទទួល​​យក​​ការ​​សុំ​​អភ័យ​​ទោស​​របស់​​លោក​ ជា​ ប៉ូច​ ដោយ​​សន្យា​ថា​​ នឹង​​​ឲ្យ​​មេធាវី​​របស់​​លោក​​ដក​​ពាក្យ​​បណ្តឹង​​ចេញពី​​តុលាការ​ ​ក្រោយ​​ពីអ​តី​ត​​តំណាង​​រាស្ត្រ​​​មណ្ឌល​​ព្រៃវែង​និង​កំពត​​រូប​​នេះ​ ​សរសេរ​លិខិត​សុំ​ការ​អភ័យ​​ទោស​​​​​។​

ក្នុង​​លិខិត​​​ពី​ប្រទេស​​អូស្ត្រាលី​ ​ចុះ​ថ្ងៃទី​​២៣​ ខែមេសា​ ឆ្នាំ​​២០២៤​​ លោក​ ជា​ ប៉ូច​ ​បាន​​សុំ​ការ​​អភ័យ​​ទោស​​ពី​​លោក​ ហ៊ុន​ សែន​ និង​​​​​ប្រកាស​​ផ្តាច់​ខ្លួន​​ពី​​លោក​​ សម​ រង្ស៊ី​ និង​​ឈប់​ធ្វើ​​សកម្មភាព​​នយោបាយ​​ជាមួយ​​ក្រុម​​អតីត​​គណបក្ស​​សង្គ្រោះ​ជាតិ​​ គណបក្ស​​ភ្លើង​​ទៀន​​​និង​​គណបក្ស​​ដែល​​មាន​​និន្នាការ​​ប្រឆាំង​​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​