ក្រសួង​​មហាផ្ទៃ​សម្រេច​​បណ្តេញ​​មន្ត្រី​នគរបាល​​​ជិត​​៧០​​រូប​ ​ចេញ​​ពី​​ក្របខ័ណ្ឌ​​ដោយសារ​​ល្មើស​​វិន័យ​​កងកម្លាំង​នគរបាល​​ជាតិ​​​

ក្រសួង​​មហាផ្ទៃ​សម្រេច​​បណ្តេញ​​មន្ត្រី​នគរបាល​​ជិត​ ​​៧០​​​រូប​ ដែល​​មាន​​តួនាទី​ចាប់ពី​​មន្ត្រី​រហូត​​ដល់​​ស្នង​​ការ​រង​ខេត្ត​​​​​ មក​​ពីអ​គ្គ​​នាយកដ្ឋាន​​​ ​និង​​​​ស្នង​​ការ​​ដ្ឋាន​​នគរ​​បាល​​រាជធានី​ខេត្ត​​១៨​​ផ្សេងគ្នា​ ចេញ​​ពី​​ក្រប​​ខណ្ឌ​មន្ត្រី​នគរបាល​​ជាតិ​​ ដោយ​​សារ​​ល្មើស​​វិន័យ​​កង​​កម្លាំង​នគរបាល​​ជាតិ​​​។​

យោង​តាម​​ប្រកាស​​ចំនួន​​ ៣ដាច់​​ដោយ​​ឡែក​​​ពីគ្នា​​ និង​​មាន​​ចុះ​​កាល​​បរិច្ឆេទ​​ថ្ងៃទី​​០១​ ខែមីនា​​ ឆ្នាំ​​២០២៤​​ដូច​​គ្នា​ លោក​​ ស​ សុខា​ រដ្ឋ​​មន្ត្រី​​ក្រសួង​​មហាផ្ទៃ​ ​សម្រេច​ដក​​ហូត​​មុខ​​តំណែង​ ឋានន្តរស័ក្តិ​​ និង​​​​បណ្តេញ​​​ពី​​ក្រប​​ខណ្ឌ​​មន្ត្រី​​នគរបាល​​ជា​​តិ​នូវ​​មន្ត្រី​​​នគរបាល​​​សរុប​ ​៦៨​​រូប​ ដែល​ក្នុង​នោះ​ មាន​​៨​​រូប​​មក​​ពី​​អគ្គនាយក​​ដ្ឋាន​​​អន្តោប្រវេសន៍​​ ​និង​​ស្នង​​ការ​​នគរបាល​​រាជធានី​ខេត្ត​​ចំណុះ​​ឱ្យ​​​​អគ្គស្នងការ​​នគរបាល​​ជាតិ​សរុប​​៦០​​រូប​​​​​​។​​

ឯកសារ​ទាំង​​៣​ ​ដែល​​មាន​​លេខ​​៨៣៥ប្រក​ ៨៣៦ប្រក​និង​​៨៣៨ប្រក​​ ដែល​ត្រូវ​​បាន​​ចុះ​ហត្ថ​លេ​​ខា​​​​ដោយ​​លោក​ ស​ សុខា​ រដ្ឋ​​មន្ត្រី​​ក្រសួង​​មហាផ្ទៃ​ផង​នោះ​ ​បាន​​លើក​​ឡើង​​ថា​ ការ​​បណ្តេញ​​ចេញ​​​នេះ​ ​គឺ​ធ្វើ​​ឡើង​​ដោយ​​មូលហេតុ​​មន្ត្រី​ទាំងនោះ​​បាន​​ល្មើស​​វិន័យ​​របស់​​កង​​កម្លាំង​​នគរបាល​​ជាតិ​ ប៉ុន្តែ​​ឯក​​សារ​ទាំងនេះ​ មិនបាន​​បញ្ជាក់​​ពី​​សកម្ម​​ភាព​​ល្មើស​​របស់​​មន្ត្រី​​ទាំង​​​​នោះ​ទេ​។​​

យោង​តាម​​ប្រកាស​​លេខ​​៨៣៦ប្រក​ ចុះ​ថ្ងៃទី​​០១​ ខែ​​មីនា​ ឆ្នាំ​​២០២៤​​ បាន​​បញ្ជាក់​ថា​ មន្ត្រី​ទាំង​ ​៥៩​​រូប​ដែល​​ត្រូវ​​បាន​​បណ្តេញ​ចេញពី​ក្របខណ្ឌ​នោះ​​គឺ​​​ មក​ពី​​ស្នងការ​​នគរបាល​​ខេត្ត​​ចំនួន​​ ១៧ផ្សេងគ្នា​​​  ដែល​​ក្នុង​​ស្នង​​ការ​​ដ្ឋាន​​នគរបាល​​ខេត្ត​​ឧត្តរ​មាន​​ជ័យ​​ចំនួន​ ​៣នាក់​ ស្នង​​ការ​​ដ្ឋាន​​នគរបាល​​ខេត្ត​​ស្ទឹងត្រែង​​៣នាក់​​ ស្នងការ​ដ្ឋាន​នគរបាល​​​ខេត្ត​​រតនគិរី​​៦នាក់​ ស្នងការ​ដ្ឋាន​​នគរបាល​​​ខេត្ត​​កណ្តាល​​៤នាក់​ ស្នងការ​ដ្ឋាន​​នគរបាល​​​ខេត្ត​​ក្រចេះ៣នាក់​ ស្នងការ​ដ្ឋាន​​នគរបាល​​​ខេត្ត​​ព្រះវិហារ​​១នាក់​ ស្នងការ​ដ្ឋាន​​នគរបាល​​​ខេត្ត​​​បន្ទាយ​​មាន​​ជ័យ​​១នាក់​​ ស្នងការ​ដ្ឋាន​​នគរបាល​​​ខេត្ត​​ត្បូងឃ្មុំ​​១​​នាក់​​ ស្នងការ​ដ្ឋាន​​នគរបាល​​​ខេត្ត​​តាកែវ​​៤នាក់​​ ស្នងការ​​ដ្ឋាន​​នគរបាល​​ខេត្ត​​កំពង់ស្ពឺ​​៣នាក់​​ ស្នងការ​ដ្ឋាន​​នគរបាល​​​ខេត្ត​​បាត់ដំបង​​៦នាក់​ ស្នង​​ការដ្ឋាន​​នគរបាល​​​ខេត្ត​​កំពង់ធំ​​១​​នាក់​ ស្នង​​ការដ្ឋាន​​នគរបាល​​​ខេត្ត​​ពោធិ៍សាត់​​២​​នាក់​​ ស្នង​​ការដ្ឋាន​​នគរបាល​​​ខេត្ត​​កំពត​​២នាក់​ ស្នង​​ការដ្ឋាន​​នគរបាល​​​ខេត្ត​​សៀមរាប​​៥នាក់​​ ស្នងការ​ដ្ឋាន​​នគរបាល​​​ខេត្ត​​ព្រះសីហនុ​​១នាក់​​ និង​​ស្នង​​ការ​​ដ្ឋាន​​នគរបាល​​រាជធានី​ភ្នំពេញ​​១៣​​នាក់​​។​​

ឯកសារ​​ដដែល​​នេះ​ បញ្ជាក់​ថា​ មន្ត្រី​ទាំង​​នោះ​​មាន​​តួនាទី​​​ចាប់ពី​​មន្ត្រី​នគរបាល​​ស្រុក​​ក្រុង​​ មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ មន្ត្រី​​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​​ នាយ​​រង​ផ្នែក​ នាយ​ផ្នែក​នៃ​ការ​រិយា​ល័យ​អន្តោប្រវេសន៍​ នាយ​​រង​ប៉ុស្តិ៍​ នាយ​ប៉ុស្តិ៍​​ នាយរង​ការិយាល័យ​​រហូត​​ដល់​​អធិការ​​រង​ស្រុក​​និង​​​អធិការរង​ខណ្ឌ​​។​

ឯក​​សារ​​មួយ​​ទៀត​​លេខ​​៨៣៥ប្រក​​​ បាន​​បង្ហាញថា​ ​មាន​​មន្ត្រី​នគរបាល​​៨​​រូប​នៃ​អគ្គនាយក​​ដ្ឋាន​​អន្តោប្រវេសន៍​​​ ​ត្រូវ​​បាន​ដកហូត​​មុខ​​តំណែង​​និ​ ង​​​បណ្តេញ​ចេញពី​​ក្រប​​ខ័ណ្ឌ​​។​ មន្ត្រី​​ទាំង​​មន្ត្រី​រូប​នេះ​ មាន​​តួនាទី​​ចាប់ពី​​មន្ត្រី​ នាយរង​ផ្នែក​​ នាយ​ផ្នែក​រហូត​​ដល់​​នាយ​​រង​​ការិយាល័យ​។​​ ចំណែក​​ប្រកាស​​ទី​​៣លេខ​​៨៣៨ប្រក​​ ​បង្ហាញ​​ថា​ ក្រសួង​​មហាផ្ទៃ​​ សម្រេច​​ដក​​ហូត​​មុខ​​តំណែង​​និង​​បណ្តេញ​​លោក​ កែវ​ ភាគ​ ស្នង​​ការ​​រង​​ នៃ​ស្នងការ​​ដ្ឋាន​​នគរបាល​​ខេត្ត​​ស្វាយ​​រៀង​​ចេញពី​​ក្របខ័ណ្ឌ​នគរ​បា​​ល​​ជាតិ​​។​​

យោង​តាម​​សេចក្តី​រាយការណ៍​​របស់​​វិទ្យុ​អាស៊ី​សេរី​​ដែល​​ចុះផ្សាយ​​កាល​​ពី​ថ្ងៃទី​​០៩​ ខែ​​មីនា​ ឆ្នាំ​​២០២៤​ ដោយ​​​បាន​​ដក​​ស្រង់​សម្តី​​របស់​​លោក​ ទូច​​ សុ​ឃៈ​ អ្នក​​នាំពាក្យ​​ក្រសួង​​មហាផ្ទៃ​​ថា​ រយៈពេល​​៦​​ខែ​​នៃ​​អាណត្តិ​​ទី​​៧នេះ​ ក្រសួង​​មហាផ្ទៃ​បាន​​សម្រេច​​បណ្តេញ​​មន្ត្រី​នគរបាល​​១៦០​​នាក់​​ បន្ទាប់ពី​​រក​ឃើញ​​មន្ត្រី​ទាំង​​នោះ​ជាប់​ពាក់​​ព័ន្ធ​​នឹង​​ការ​​ប្រើ​​ប្រាស់​​គ្រឿង​​ញៀន​។​​

លោកនាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន​​​ ម៉ា​​​ណែ​​​ត​​​ ធ្លាប់​​​បាន​​​ព្រមាន​​​មន្ត្រី​​ និង​​​​កង​​​កម្លាំង​​​ប្រ​​​ដាប់​​​អាវុធ​​រូប​​ណា​​ ​ដែល​​​ពាក់ព័ន្ធ​​​នឹង​​​គ្រឿងញៀន​​​ នឹង​​​​​ត្រូវ​​​បណ្តេញ​​​ចេញពី​​​ក្របខ័ណ្ឌ​​​ភ្លាម​​​​ៗ​​​ ហើយ​​​ថា​​​ ការ​​​​បោស​​​​សម្អាត​​​គ្រឿងញៀន​​​នៅក្នុង​​​ជួរ​​​​កងកម្លាំង​​​​ប្រដាប់​​​អា​​​វុធ​​ ​នឹង​​​ត្រូវ​​​អនុវត្ត​​​មុនគេ​​​ យោងទៅតាម​​​ការ​​​ចុះផ្សាយ​​​របស់​​​ វិទ្យុ​​​​បារាំង​​​ RFI កាលពី​​​ខែ​​​ធ្នូ​​​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​