រដ្ឋាភិបាល​​អនុញ្ញាត​​ឱ្យ​​​បើក​​អាជីវកម្ម​ថ្មី​​ចំនួន២៨កន្លែង​

រដ្ឋាភិបាល​​​អនុញ្ញាត​ឱ្យ​បើ​​ក​​ដំណើរ​​ការ​​​អាជីវកម្ម​​ខ្នាត​​តូច​​និង​​ធំ​​ចំនួន​​២៨​​កន្លែង​ រួម​​មាន​​​​ស្ថានីយ​ប្រេងឥន្ធនៈ​ និង​​រោងចក្រ​ផលិត​សម្ភារៈ​អេ​ឡិច​ត្រូ​និច​ សម្ភារៈសំណង់​និង​​រោង​​ចក្រ​​ផ្សេងទៀត​​ នេះ​បើ​​យោង​ឯកសារ​​នៅក្នុង​​​សៀវភៅ​​រាជកិច្ច​​។​

យោង​តាម​ឯកសារ​​ចុះ​​​កាលបរិច្ឆេទ​​អំឡុង​​​ខែមិថុនា​ ឆ្នាំ​​២០២២​ ដល់​​ខែសីហា​ ឆ្នាំ​​២០២៣​​​ នៅ​​ក្នុង​​សៀវភៅ​រាជកិច្ច​ចាប់​​ពី​​លេខ១​ ដល់​លេខ២៤​ ក្នុង​​ត្រីមាស​ទី០១​ ឆ្នាំ២០២៤​ ដែល​ចេញផ្សាយ​ជា​សារ​ធា​រណៈ​ដោយ​ទីស្ដីការ​គណៈរដ្ឋមន្រ្តី​ពី​​ចន្លោះ​​​ថ្ងៃទី២៥​ ខែមករា​​ ឆ្នាំ​​២០២៤​​ដល់​​ថ្ងៃទី​​៥​ ខែមីនា​ ឆ្នាំ​​២០២៤​​​ បាន​បង្ហាញ​​ថា​ រាជរដ្ឋាភិបាល​ ក្រសួង​ឧស្សាហកម្ម​ វិទ្យា​សា​ស្រ្​ដ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ និង​ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ចេញប្រកាស​​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​អាជីវកម្ម​ថ្មី​ចំនួន២៨កន្លែង​ ក្នុង​នោះ​មាន​ ការអនុញ្ញាត​ដំណើរការ​​ស្ថានីយ​ប្រេង​ និង​​ឧស្ម័ន​ឥន្ធនៈ​ចំនួន១៥កន្លែង​​ (​ស្ថានីយ​​ប្រេងឥន្ធនៈ​ចំនួន១៣ស្ថានីយ​ ស្ថានី​​យ​​រួម​ប្រេង​និង​ឧស្ម័ន​​ឥន្ធនៈ​ចំនួន​​២ស្ថានីយ​)  ដែល​ម្ចាស់​ស្ថានីយ​ជា​ជនជាតិ​ខ្មែរ​ទាំងអស់​​។​ 

​ឯកសារ​​ដដែល​នេះ​​ក៏​​បាន​​បង្ហាញ​​ពី​​ការ​​ផ្តល់​​ការ​​អនុញ្ញាត​ឱ្យ​​បើក​​រោង​​ចក្រ​​ចំនួន១៣​​ផង​ដែរ​ ​​ដូច​​​ជា​​​រោងចក្រ​​ផលិត​​សម្ភារ​​អេឡិចត្រូនិក​ រោងចក្រ​​ផលិត​សម្ភារ​សម្រាប់​ក្មេង​លេង​គ្រប់​ប្រភេទ​ រោង​​ចក្រ​​ផលិត​ដែក​​ទីប​គ្រប់​ប្រភេទ​ និង​​សម្ភារ​សំណង់​ ផលិត​អំពូលភ្លើង​ រោងចក្រ​ផលិត​​កាបូប​​ រោងចក្រ​ផលិត​គ្រឿង​បន្សំ​ស្បែក​​ជើង​ រោងចក្រ​ផលិត​ និង​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា​ ​ រោងចក្រ​​ផលិត​បាវ​ និង​សម្ភារ​វេច​ខ្ចប់​ រោងចក្រ​ផលិត​ចំណីសត្វ​ និង​កែច្នៃ​ស្បែក​សត្វ​។​ ក្នុងចំណោម​រោងចក្រ​ទាំង​​១៣នេះ​​ មាន​ម្ចាស់​រោងចក្រ​ជា​ជនជាតិ​ចិន​ចំនួន​ ៩នាក់​ ចិន​(តៃវ៉ាន់​) ២នាក់​ និង​ជនជាតិ​ខ្មែរ​ម្នាក់​។​ 

គួរ​កត់សម្គាល់​ដែរ​ថា​ រោងចក្រ​ទាំង១៣នោះ​ដែល​អ្នក​វិនិយោគ​បង្កើត​​ឡើង​​នោះ​​ មាន​ទីតាំង​ស្ថិតនៅ​ខេត្ត​ចំនួន៥​ រួម​​មាន​ ខេត្ត​កំពង់ស្ពឺ​ចំនួន៥​ ស្វាយរៀង៣​ ​ព្រះសីហនុ២​ កណ្តាល២​ និង​ខេត្តតាកែវ១​។​

អំឡុង​​សន្និបាត​ប្រចាំ​របស់​ខ្លួន​​កាល​​ពី​ថ្ងៃទី​​២០​ ខែកុម្ភៈ​ ឆ្នាំ​​២០២៤​​ ក្រសួង​​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ បាន​​បង្ហាញ​សមិទ្ធផល​ការងារ​ ឆ្នាំ២០២៣​ ដែល​​ក្នុង​​នោះ​​ មាន​​រោងចក្រ​ធុន​ធ្ងន់​បង្កើត​ថ្មី​​ចំនួន២៤១​ និង​បិទទ្វារ​ចំនួន៩៨​ ពោល​គឺ​​កើន​ ចំនួន១៤៣​ រោងចក្រ​ (៧​,២១​%) ធៀប​នឹង​ឆ្នាំ២០២២​ ដែល​ធ្វើ​ឱ្យ​ចំនួន​រោងចក្រ​ធុន​ធ្ងន់​ដែល​ កំពុង​​ដំណើរ​​ការ​​ទូទាំង​ប្រទេស​មាន​ចំនួន​ ២​.១២៥​ រោងចក្រ​ និង​ផ្តល់​ការងារ​ចំនួន​ ១​.០៤០​.៣៣៣​ កន្លែង​។​ ដោយ​​ឡែក​​ទុន​​វិនិយោគ​​សរុប​​ក្នុង​​ឆ្នាំ​​២០២៣​ មាន​​ចំនួន​​១៨​,៥៦​​ពាន់​លាន​​ដុល្លារ​​អាមេរិក​ កើនឡើង​ ​១១​,២៤ភាគរយ​ធៀប​​នឹង​​ឆ្នាំ​​២០២២​៕​​​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​