លោក សំ សុគង់ អតីតមេធាវីគណបក្សប្រឆាំងដ៏លេចធ្លោមួយរូប ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្ទាប់ពីបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បានរយៈពេលមួយខែ។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ក្នុងសៀវភៅរាជកិច្ចលេខ២៥ ដែលចេញផ្សាយជាសាធារណៈដោយទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានបង្ហាញថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងលោក សំ សុគង់ ជាអនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
នៅក្នុងលិខិតចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ដែលមានភ្ជាប់ស្នាមមេដៃ និងបញ្ជាក់តួនាទីរបស់លោកជាសមាជិកអចិន្ត្រៃយ៍ ជាប្រធាននាយកដ្ឋាននីតិកម្ម និងកិច្ចការបោះឆ្នោត ជាប្រធានក្រុមការងារខេត្តព្រៃវែង និងជាបេក្ខជនព្រឹទ្ធសភា នៃគណបក្សភ្លើងទៀនសម្រាប់មណ្ឌលខេត្តព្រៃវែងផងនោះ លោក សំ សុគង់ បានស្នើសុំលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សនេះ។
លោក សំ សុគង់ បានសរសេរថា មូលហេតុដែលលោកចង់ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺដោយសារមើលឃើញយ៉ាងច្បាស់នូវគោលនយោបាយ និងការដឹកនាំប្រទេសជាតិដ៏ត្រឹមត្រូវរបស់លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងមើលឃើញគោលនយោបាយ ផែនការយុទ្ធសាស្រ្តនិងភាពរីកចម្រើនលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
កន្លងមក លោក សំ សុគង់ គឺជាមេធាវីដ៏សកម្មមួយរូបដែលបានចូលរួមការពារក្តីឱ្យអតីតមេដឹកនាំ និងសកម្មជនគណបក្សប្រឆាំង ក្នុងសំណុំរឿងជាច្រើន រួមទាំងសំណុំរឿងចោទប្រកាន់អតីតមេដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិជាង ១០០នាក់ ពីបទ “ញុះញង់” និង “រួមគំនិតក្បត់” ដែលត្រូវបានលើកយកមកជំនុំជម្រះកាលពីចុងឆ្នាំ២០២០៕