ឧក​​ញ៉ា​​១២​​រូប​ទទួល​បាន​​គោរម​​ងារ​​ជា​​អ្នក​​ឧកញ៉ា​ ខណៈ​ឥស្សរជន​​៥​​រូប​​ទៀត​​ទទួល​​បាន​​គោរម​​ងារ​​ជា​​ឧកញ៉ា​​

អ្នក​​ជំនួញ​​និង​​ឥស្សរជន​​លេចធ្លោ​​​​ជិត​​២០​​រូប​​ ត្រូវ​​បាន​​ព្រះមហាក្សត្រ​​ត្រាស់​បង្គាប់​​ផ្តល់​​​គោរម​​ងារ​​ជា​​អ្នក​​ឧកញ៉ា​ និង​​ឧកញ៉ា​​នៅក្នុង​​ពេល​​តែមួយ​។​

យោង​តាម​​សៀវភៅ​រាជកិច្ច​​លេខ​​០១​ ត្រីមាស​ទី​​០១​ ឆ្នាំ​​២០២៤​ ដែល​​ចេញផ្សាយ​​​​ដោយ​​រដ្ឋាភិបាល​​កាលពី​ថ្ងៃទី​​២៥​ ខែមករា​ ឆ្នាំ​​២០២៤​​ បាន​​ឲ្យ​​ដឹង​ថា​ មាន​​ឧកញ៉ា​​ល្បី​ៗ១២រូប​ ត្រូវ​​បាន​​ព្រះមហាក្សត្រ​​ត្រាស់​បង្គាប់​​ផ្តល់​គោរម​​ងារ​​​ជា​​អ្នក​​ឧកញ៉ា​ ខណៈ​​អ្នកជំនួញ​​​លេចធ្លោ​​៥​​រូប​​ផ្សេងទៀត​​ទទួល​បាន​​គោរម​​ងារ​​ជា​​ឧកញ៉ា​​។​

នៅ​​ក្នុង​​ព្រះរាជ​ក្រឹត្យ​​ដាច់​ដោយ​​ឡែក​​ពីគ្នា​ ប៉ុន្តែ​​ចុះ​កាលបរិច្ឆេទ​​ថ្ងៃ​​ទី​​១៨​ ខែ​​សីហា​ ឆ្នាំ​​២០២៣ដូច​​គ្នា​​ បាន​​បង្ហាញថា​ នៅ​​ក្នុង​​ចំណោម​អ្នក​​ឧកញ៉ា​​ទាំង​​១២​​រូប​​នោះ​ ​ក៏​មាន​​អ្នកជំនួញ​​ល្បី​ៗ​ដូចជា​ អ្ន​​ក​ឧកញ៉ា​​ កុក​ អាន​ អ្នក​​ឧកញ៉ា​ ហ៊ឺ​ បា​វី​ អ្នក​​ឧកញ៉ា​ សុខ​ សុភាព​ អ្នក​​ឧកញ៉ា​ ឈុន​ អូន​ និង​​អ្នក​​ឧកញ៉ា​ លី​ ប៉ោ​យូ​ ផង​ដែរ​។​​

អ្នក​​ឧកញ៉ា​ កុក​ អាន​ បច្ចុប្បន្ន​​គឺជា​​សមាជិក​​ព្រឹទ្ធសភា​ ហើយ​​លោក​​ក៏​ជា​​បេក្ខជន​ពេញ​​សិទ្ធិ​​មក​ពី​គណបក្ស​​ប្រជាជន​​កម្ពុជា​​នៅក្នុង​​ការ​​បោះឆ្នោត​​ជ្រើសតាំង​​សមា​​ជិ​ក​​ព្រឹទ្ធសភា​​សម្រាប់​នីតិកាល​​ទី​​៥​ ឆ្នាំ​​២០២៤​​នេះ​ផង​ដែរ​។​ ក្រៅពី​តួនាទី​កំពូល​​នេះ​ អ្នក​​ឧកញ៉ា​ កុក​ អាន​ គឺ​ជា​​ស្ថាបនិក​​ក្រុម​​ហ៊ុន​​ Anco Group ជា​​ក្រុមហ៊ុន​​ដ៏​ធំ​​មួយ​​នៅក្នុង​​ស្រុក​ ​ដែល​​វិនិយោគ​ទៅលើ​វិស័យ​​ជាច្រើន​​រួម​​មាន​​៖​ ​ផ្គត់ផ្គង់​ទឹក​​ស្អាត​​ សេវាកម្ម​ធនាគារ​និង​ប្រព័ន្ធ​ទូទាត់​​ប្រាក់​ សណ្ឋាគារ​​ កាស៊ីណូ​ តំបន់​​កម្សាន្ត​​ និង​ទឹក​សុទ្ធ​​។​ 

ក្រៅពី​ការងារ​ជំនួញ​ និង​​វិនិយោគ​ អ្នក​​ឧកញ៉ា​​ កុក​ អាន​ គឺជា​​ស្ថាបនិក​​ក្លឹប​កីឡាបាល់ទាត់​​ភ្នំពេញ​​ក្រោ​ន​​ផង​ដែរ​ ដែល​បាន​​បង្កើត​​ឡើង​​តាំងពី​ឆ្នាំ​​២០០១​​។​

ចំណែក​​អ្នក​​ឧកញ៉ា​ ហ៊ឺ​ ប៉ាវី​ មាន​​តួនាទី​​ជាស​មា​ជិ​ក​​ក្រុម​​ប្រឹក្សា​ភិបាល​​សមាគម​ឧកញ៉ា​កម្ពុជា​។​ អ្នក​​ឧកញ៉ា​ គឺជា​​ប្រធាន​​អគ្គនាយក​​ នៃ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​​ និង​​ជា​​ប្រតិភូ​រាជរដ្ឋាភិបាល​​កម្ពុជា​ផង​ដែរ​។​​ 

​អ្នក​​ជំនួញ​ដ៏​​លេចធ្លោ​ម្នាក់ទៀត​​គឺ​​ អ្នក​​ឧកញ៉ា​ សុខ​ សុភាព​ ដែល​ជា​​អគ្គ​នាយិកា​ក្រុម​ហ៊ុន​អ៊ិ​ន​ធើ​ម៉ា​ទ្រី​ដ​ បេ​វើ​រិច​ ខេម​បូ​ឌា​ (Inter-Mattrid Beverage Cambodia) និ​​ង​ក្រុមហ៊ុន​ អង្គរ​ដេលី​ហ៊្វូដ​ (Angkor Daily Foods) ។​ ក្រុមហ៊ុន​​របស់​​អ្នកឧកញ៉ា​​ សុខ​ សុខភាព​ មាន​​ផលិត​​ស្រា​បៀរ​​ និង​​ភេសជ្ជៈ​ជាច្រើន​​មុខ​ ក្នុង​​នោះ​​មាន​​ដូច​​ជា​​ភេសជ្ជៈ​ ឆេម​ពាន​​ និង​​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ រេដ​ អាន​។​

អ្នក​​ឧកញ៉ា​ ឈុន​ អូន​ គឺជា​អ្នក​​​ជំនួញ​ដ៏​លេចធ្លោ​ម្នាក់​​ដែល​​បោះទុន​​វិនិយោគ​ក្នុង​វិស័យ​​ប្រេងឥន្ធនៈ​ ហើយ​​លោក​គឺជា​​នាយក​​ប្រតិបត្តិ​​ក្រុមហ៊ុន​​ប្រេងឥន្ធនៈ​​កម្ពុជា​តេ​លា​។​ ក្រុម​​ហ៊ុន​ប្រេងឥន្ធនៈ​​​កម្ពុជា​តេ​លា​ គឺជា​​ក្រុមហ៊ុន​​ចែកចាយ​​ប្រេង​ដ៏​ធំ​មួយ​​ក្នុង​​ប្រទេស​កម្ពុជា​។​ 

ចំណែក​​អ្នក​​ឧកញ៉ា​ លី​ ប៉ោ​យូ​ មាន​​តួនាទី​​ជា​​សមាជិក​​ក្រុម​​ប្រឹក្សា​​ភិបាល​​សមាគម​ឧកញ៉ា​​កម្ពុជា​​។​ អ្នក​​ឧកញ៉ា​ លី​ ប៉ោ​យូ​ គឺជា​​ប្រធាន​​ប្រតិបត្តិ​ នៃ​ក្រុមហ៊ុន​​ Lee International Group Co., Ltd។​ អ្នក​​ឧកញ៉ា​​ លី​ ប៉ោ​យូ​ គឺជា​​អ្នក​​ជំនួញ​ចាស់វស្សា​​មួយ​​រូប​​នៅ​ខេត្ត​​ស្វាយ​​រៀង​​ដែល​​បាន​​ទទួល​​សិទ្ធិ​​វិនិយោគ​ចំណតរថយន្ត​​ ក្រុង​បាវិត​​​រយៈ​​ពេល​​៣០​​ឆ្នាំ​​ ហើយ​​លោក​ក៏​ជា​​អគ្គនាយក​​កាស៊ីណូ​ពិភព​​ថ្មី​នៅ​​ក្រុង​​បាវិត​​ផង​​ដែរ​។​

​ឯកសារ​នៅក្នុង​​​សៀវភៅ​​រាជកិច្ច​​លេខ​​០១​ ដដែល​​​នេះ​ក៏បាន​​បង្ហាញ​ផង​ដែរ​ថា​ ឥស្សរជន៥រូប​ដែល​​ទទួល​បាន​​គោរម​​ងារ​ជា​ឧកញ៉ា​​រួម​​មាន​​លោក​ អ៊ឹ​ង​ អៀវ​ លោក​ សោម​ បូ​វីន​ លោក​ តែ​ វង្ស​ឆាយ​ លោក​ លី​ សុវណ្ណ​តារា​ និង​​លោក​ តាន់​ មុនី​វណ្ណ​។​

បើ​​តាម​​​អ្នកឧកញ៉ា​​ ហ៊ុន​​ ឡាក់​​ អនុប្រធាន​​សភា​​ពាណិជ្ជកម្ម​​កម្ពុជា​​ និង​​ជា​​អ្នកនាំពាក្យ​​សមាគម​​ឧកញ៉ា​​កម្ពុជា​​ ដែល​​បាន​​ផ្តល់​​បទសម្ភាសន៍​​ជាមួយ​​វិទ្យុ​​បារាំង​​អន្តរជាតិ​​ (RFI) កាលពី​ខែសីហា​ ឆ្នាំ​​២០២៣​ បានឱ្យ​​ដឹង​​ថា​​ គិត​​​មក​​ត្រឹម​​ខែសីហា​​ ឆ្នាំ២០២៣នេះ​​ ឧកញ៉ា​​ និង​​អ្នកឧកញ៉ា​​ ដែល​​ព្រះមហាក្សត្រ​​ចេញ​​ព្រះរាជ​​ក្រឹត្យ​​ផ្តល់​​គោរមងារ​​ឱ្យ​​នោះ​​មាន​​ប្រមាណ​​ជាង​​ ១៣០០នាក់​​ ដែល​​ភាគច្រើន​​បាន​​ចូល​​ជាស​​មា​​​ជិ​​ក​​​ នៃ​​សមាគម​​ឧកញ៉ា​​កម្ពុជា​​រួចហើយ​​។​

​សូម​​បញ្ជាក់​​ថា​​ គោរម​​ងារ​​ជា​​ឧកញ៉ា​​នៅ​​កម្ពុជា​​មាន៣ថ្នាក់​​ គឺ​​ឧកញ៉ា​​ អ្នកឧកញ៉ា​​ និង​​លោកអ្នកឧកញ៉ា​​។​​ ដើម្បី​​ទទួល​​បាន​​ងារ​​ជា​​ឧកញ៉ា​​ លុះត្រា​ណា​​បុគ្គល​​នោះ​​ បាន​​បរិច្ចាគ​​ថវិកា​​លើស​​កម្ម​​ភាព​​មនុស្សធម៌​​ជួយ​​សង្គម​​ចាប់ពី៥០ម៉ឺន​​ដុល្លារ​​ឡើង​​ទៅ​​​​៕​​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​