អ្នកជំនួញនិងឥស្សរជនលេចធ្លោជិត២០រូប ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជាអ្នកឧកញ៉ា និងឧកញ៉ានៅក្នុងពេលតែមួយ។
យោងតាមសៀវភៅរាជកិច្ចលេខ០១ ត្រីមាសទី០១ ឆ្នាំ២០២៤ ដែលចេញផ្សាយដោយរដ្ឋាភិបាលកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា មានឧកញ៉ាល្បីៗ១២រូប ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជាអ្នកឧកញ៉ា ខណៈអ្នកជំនួញលេចធ្លោ៥រូបផ្សេងទៀតទទួលបានគោរមងារជាឧកញ៉ា។
នៅក្នុងព្រះរាជក្រឹត្យដាច់ដោយឡែកពីគ្នា ប៉ុន្តែចុះកាលបរិច្ឆេទថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ដូចគ្នា បានបង្ហាញថា នៅក្នុងចំណោមអ្នកឧកញ៉ាទាំង១២រូបនោះ ក៏មានអ្នកជំនួញល្បីៗដូចជា អ្នកឧកញ៉ា កុក អាន អ្នកឧកញ៉ា ហ៊ឺ បាវី អ្នកឧកញ៉ា សុខ សុភាព អ្នកឧកញ៉ា ឈុន អូន និងអ្នកឧកញ៉ា លី ប៉ោយូ ផងដែរ។
អ្នកឧកញ៉ា កុក អាន បច្ចុប្បន្នគឺជាសមាជិកព្រឹទ្ធសភា ហើយលោកក៏ជាបេក្ខជនពេញសិទ្ធិមកពីគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់នីតិកាលទី៥ ឆ្នាំ២០២៤នេះផងដែរ។ ក្រៅពីតួនាទីកំពូលនេះ អ្នកឧកញ៉ា កុក អាន គឺជាស្ថាបនិកក្រុមហ៊ុន Anco Group ជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងស្រុក ដែលវិនិយោគទៅលើវិស័យជាច្រើនរួមមាន៖ ផ្គត់ផ្គង់ទឹកស្អាត សេវាកម្មធនាគារនិងប្រព័ន្ធទូទាត់ប្រាក់ សណ្ឋាគារ កាស៊ីណូ តំបន់កម្សាន្ត និងទឹកសុទ្ធ។
ក្រៅពីការងារជំនួញ និងវិនិយោគ អ្នកឧកញ៉ា កុក អាន គឺជាស្ថាបនិកក្លឹបកីឡាបាល់ទាត់ភ្នំពេញក្រោនផងដែរ ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០១។
ចំណែកអ្នកឧកញ៉ា ហ៊ឺ ប៉ាវី មានតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ា គឺជាប្រធានអគ្គនាយក នៃកំពង់ផែស្វយ័តភ្នំពេញ និងជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
អ្នកជំនួញដ៏លេចធ្លោម្នាក់ទៀតគឺ អ្នកឧកញ៉ា សុខ សុភាព ដែលជាអគ្គនាយិកាក្រុមហ៊ុនអ៊ិនធើម៉ាទ្រីដ បេវើរិច ខេមបូឌា (Inter-Mattrid Beverage Cambodia) និងក្រុមហ៊ុន អង្គរដេលីហ៊្វូដ (Angkor Daily Foods) ។ ក្រុមហ៊ុនរបស់អ្នកឧកញ៉ា សុខ សុខភាព មានផលិតស្រាបៀរ និងភេសជ្ជៈជាច្រើនមុខ ក្នុងនោះមានដូចជាភេសជ្ជៈ ឆេមពាន និងភេសជ្ជៈប៉ូវកម្លាំង រេដ អាន។
អ្នកឧកញ៉ា ឈុន អូន គឺជាអ្នកជំនួញដ៏លេចធ្លោម្នាក់ដែលបោះទុនវិនិយោគក្នុងវិស័យប្រេងឥន្ធនៈ ហើយលោកគឺជានាយកប្រតិបត្តិក្រុមហ៊ុនប្រេងឥន្ធនៈកម្ពុជាតេលា។ ក្រុមហ៊ុនប្រេងឥន្ធនៈកម្ពុជាតេលា គឺជាក្រុមហ៊ុនចែកចាយប្រេងដ៏ធំមួយក្នុងប្រទេសកម្ពុជា។
ចំណែកអ្នកឧកញ៉ា លី ប៉ោយូ មានតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ា លី ប៉ោយូ គឺជាប្រធានប្រតិបត្តិ នៃក្រុមហ៊ុន Lee International Group Co., Ltd។ អ្នកឧកញ៉ា លី ប៉ោយូ គឺជាអ្នកជំនួញចាស់វស្សាមួយរូបនៅខេត្តស្វាយរៀងដែលបានទទួលសិទ្ធិវិនិយោគចំណតរថយន្ត ក្រុងបាវិតរយៈពេល៣០ឆ្នាំ ហើយលោកក៏ជាអគ្គនាយកកាស៊ីណូពិភពថ្មីនៅក្រុងបាវិតផងដែរ។
ឯកសារនៅក្នុងសៀវភៅរាជកិច្ចលេខ០១ ដដែលនេះក៏បានបង្ហាញផងដែរថា ឥស្សរជន៥រូបដែលទទួលបានគោរមងារជាឧកញ៉ារួមមានលោក អ៊ឹង អៀវ លោក សោម បូវីន លោក តែ វង្សឆាយ លោក លី សុវណ្ណតារា និងលោក តាន់ មុនីវណ្ណ។
បើតាមអ្នកឧកញ៉ា ហ៊ុន ឡាក់ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកនាំពាក្យសមាគមឧកញ៉ាកម្ពុជា ដែលបានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ (RFI) កាលពីខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា គិតមកត្រឹមខែសីហា ឆ្នាំ២០២៣នេះ ឧកញ៉ា និងអ្នកឧកញ៉ា ដែលព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្តល់គោរមងារឱ្យនោះមានប្រមាណជាង ១៣០០នាក់ ដែលភាគច្រើនបានចូលជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជារួចហើយ។
សូមបញ្ជាក់ថា គោរមងារជាឧកញ៉ានៅកម្ពុជាមាន៣ថ្នាក់ គឺឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា។ ដើម្បីទទួលបានងារជាឧកញ៉ា លុះត្រាណាបុគ្គលនោះ បានបរិច្ចាគថវិកាលើសកម្មភាពមនុស្សធម៌ជួយសង្គមចាប់ពី៥០ម៉ឺនដុល្លារឡើងទៅ៕