សៀវភៅ​រាជកិច្ច​​លេខ​​៥៧​ បង្ហាញ​ពី​​ការ​​ផ្តល់​​សញ្ជាតិ​​ខ្មែរ​ ការ​​តែង​​តាំង​​ ​និង​​​ការ​​​លើក​​​លែង​​​ទោស​​

សៀវភៅ​​រាជកិច្ច​​លេខ​​៥៧​ បាន​​បង្ហាញ​​នូវ​​ឯក​​​សារ​ ​​និង​​​សេចក្តី​​​សម្រេច​​​សំខាន់​​​​មួយ​​​ចំនួន​​​ៗ​​ ស្តី​​ពី​​​ការ​​​​ផ្តល់​​​សញ្ជាតិ​​​​ខ្មែរ​​​​​​​​​​​ ការ​បំពាក់​មេដាយ​ការងារ​ ការ​តែង​​តាំង​​ និង​​រួម​​​ទាំង​​ការ​​លើក​​លែងទោស​អតីត​​​ស​​កម្ម​​ជន​​បក្ស​​ប្រឆាំង​​ម្នាក់​​ផង​ដែរ​។​​

សៀវភៅ​​រាជកិច្ច​លេខ​​៥៧​ ត្រីមាស​​ទី​​៣​ ឆ្នាំ​​២០២៣​ ដែល​​​ចេញផ្សាយ​​ដោយ​​រដ្ឋាភិបាល​ ​កាល​​ពី​ថ្ងៃទី​​២០​ ខែតុលា​​ ឆ្នាំ​​​២០២៣​​ បាន​​បង្ហាញ​ពី​ការ​​ផ្តល់​​សញ្ជាតិ​​ខ្មែរ​​ដល់​​ជន​​បរទេស​​សរុប​ ​១៨​​រូប​​ ដែល​​ក្នុង​​នោះ​​មាន​​ជនជាតិ​​កូរ៉េ​​៧​​រូប​​ ជន​​ជាតិ​​ចិន​​៥​​រូប​​ ជនជាតិ​​អាមេរិក​​២​​រូប​ ជនជាតិ​ជប៉ុន​ (សញ្ជាតិ​​អាមេរិក​) ១​​រូប​ ជនជាតិ​​មីយ៉ាន់ម៉ា​​ (សញ្ជាតិ​​វ៉ានូ​ទូ​) ១​​រូប​​ ជនជាតិ​​ចិន​តៃ​វ៉ា​​ន់​​១​​រូប​ និង​​ជនជាតិ​​ឥណ្ឌា​​១រូប​​។​​ ក្នុង​​ចំ​​ណោម​​ជនបរទេស​​ទាំង​​១៨​​រូប​ ដែល​ទទួល​បាន​​សញ្ជាតិ​​ខ្មែរ​​នេះ​ មាន​​៦​​រូប​​បាន​​ប្តូរ​​ឈ្មោះ​​របស់​​ខ្លួន​​។​

សៀវភៅ​​រាជកិច្ច​​លេខ​​៥៧​​នេះ​ ​ក៏​​និយាយ​ផង​ដែរ​ ​អំពី​​​ការ​​លើក​​លែង​​ទោស​​ដល់​លោក​ គង់​​ ម៉ាស់​ អតីត​​​សកម្ម​​ជន​​គណបក្ស​​សង្គ្រោះ​​ជាតិ​​ដែល​​ត្រូវ​​បាន​​សាលាដំបូង​​រាជធានី​ភ្នំពេញ​​ផ្តន្ទា​ទោស​ឱ្យ​​ជាប់ពន្ធ​នា​គារ​​រយៈ​​ពេល​​៥​​ឆ្នាំ​ ​កាល​​ពី​​ថ្ងៃទី​​២២​ ខែ​​ធ្នូ​ ឆ្នាំ​​២០២២​។​ លោក​ គង់​​ ម៉ាស់​ ស្ថិត​ក្នុង​​ចំណោម​​អតីត​​សកម្ម​​ជន​​គណបក្ស​​សង្គ្រោះ​ជាតិ​​ជាង​ ៣០​​នាក់​​  ដែល​​ត្រូវ​​បាន​​កាត់​​ទោស​​ឱ្យ​​ជាប់ពន្ធ​នា​គារ​​ចន្លោះ​ពី​​៥​​ឆ្នាំ​​ដល់​​៧​​ឆ្នាំ​ ​ពី​បទ​​​រួម​​គំនិត​ក្បត់​​ ដោយសារតែ​​ការ​​ប​​ង្ហោះ​​សារ​​តាម​​ហ្វេ​សប៊ុ​ក​ ​និង​​ការ​​សន្ទនា​​តាម​​ទូរស័ព្ទ​ ពាក់ព័ន្ធ​នឹង​​ការ​​ព្យាយាម​​ធ្វើ​មាតុភូមិ​​និវត្ត​​ន៍​​មក​ប្រទេស​កម្ពុជា​​វិញ​​របស់​​លោកស្រី​ មូរ​ សុខ​ហួរ​​ និង​​អតីត​​ថ្នាក់​​ដឹកនាំ​​គណបក្ស​​សង្គ្រោះ​ជាតិ​​ផ្សេងទៀត​ កាលពី​ខែមករា​​ ឆ្នាំ​​២០២១​​ ដើម្បី​​ចូលរួម​​តតាំង​​ក្នុង​​សវនាការ​​។​​​

លោក​ គង់​​ ម៉ាស់​​ ត្រូវ​​បាន​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​​គណបក្ស​​ខេត្ត​​របស់​​គណបក្ស​​ប្រជា​​ជន​​កម្ពុជា​​ប្រចាំ​​ខេត្ត​​ស្វាយរៀង​ សម្រេច​​តែងតាំង​​ជា​​ប្រធាន​​សាខាបក្ស​​របស់​​គណបក្ស​​ប្រជាជន​កម្ពុជា​ ​កាលពី​ថ្ងៃទី​​៣០​ ខែឧសភា​​ ឆ្នាំ​​២០២៣​​ បន្ទាប់​​​ពី​​លោក​​ធ្វើ​​លិខិត​​​ស្នើ​​សុំ​​ចូល​​រួម​​ជីវភាព​​នយោបាយ​​​ជាមួយ​​គណបក្ស​​ប្រជាជន​​​កម្ពុជា​​កាល​​ពី​ថ្ងៃទី​​​១០​ ខែឧសភា​ ឆ្នាំ​​២០២៣​។​​

សៀវភៅ​រាជកិច្ច​​លេខ​​៥៧​​នេះ​ដែរ​ ​ក៏​មាន​​និយាយ​អំពី​​ការ​​បំពាក់​​មេដាយ​​ការងារ​​តាម​​លំដាប់ថ្នាក់​​ដល់​​នាយ​​នគរបាល​​ និង​​​មន្ត្រី​​នគរបាល​​ជាតិ​​ចំនួន​​ ៤៣៦​​រូប​ ដែល​​មាន​​ស្នាដៃ​ល្អ​ក្នុង​​កិច្ច​​សហប្រតិបត្តិ​ការ​ការពារ​សន្តិសុខ​​ សណ្តាប់​ធ្នាប់​​សាធារណៈ​ សុវត្ថិភាព​ និង​​ស្ថិរភាព​​សង្គម​​។​ នៅក្នុងចំណោម​​មន្ត្រី​ទាំង​ ​៤៣៦​​រូប​នេះ​ អ្នក​​ទទួល​​បាន​​មេដាយមាស​ការងារ​​មាន​​ ១៣៧​​រូប​ មេដាយ​ប្រាក់​​ការងារ​​មាន​​១៧០​​រូប​ និង​​អ្នក​​ទទួល​បាន​​មេដាយ​​សំរឹទ្ធ​​ការងារ​​មាន​​១២៩​​រូប​​។​​ ក្រៅពី​នេះ​ក៏​មាន​​និយាយ​អំពី​ការ​​តែងតាំង​​ជា​​ទីប្រឹក្សា​​ និង​​មន្ត្រី​រាជការ​មួយចំនួន​​នៅ​តាម​​ស្ថាប័ន​​ផ្សេង​ៗ​​។​​

លើស​ពីនេះ​ ក៏​មាន​​ឯកសារ​មួយចំនួន​​ទៀត​​ និយាយ​អំពី​​ការ​​អនុញ្ញាត​​បើក​​អាជីវកម្ម​ ​​​ដូចជា​ការ​​បង្កើត​​រោង​​ចក្រ​​ ដែល​​ក្នុង​​នោះ​​មាន​​រោង​​ចក្រ​​កាត់​​ដេរ​​សម្លៀកបំពាក់​ចំនួន​​៣​​ រោង​​ចក្រ​​ផលិត​​កាបូប​​ និង​​ថង់យួរ​គ្រប់​ប្រភេទ​​ចំនួន​​១​ រោងចក្រ​​កែច្នៃ​ស្បែក​​ចំនួន​​១​ និង​​​ការ​​អនុញ្ញាត​​ដំណើរ​​ការ​​ស្ថានីយ​ប្រេងឥន្ធនៈ​ចំនួន​​៤​​កន្លែង​ផង​ដែរ​៕​​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​