សៀវភៅ​រាជកិច្ច​លេខ១០​៖​ អង្គការ​​ក្រៅ​​រដ្ឋាភិបាល​ ក្រុមហ៊ុន​​ឯកជន​​ និង​​សប្បុរស​​ជន​​ទទួល​​បាន​​មេដាយ​​កិត្តិយស​​ចំពោះ​​ការ​​បរិច្ចាគ​​ថវិកា​​ក្នុង​​ការ​​អភិវឌ្ឍ​​វិស័យ​​អប់​​រំ​​

អង្គការ​ក្រៅ​រដ្ឋាភិបាល​ ក្រុមហ៊ុន​ឯកជន​ រួម​ជាមួយ​សប្បុរសជន​ជាតិ​ និង​​អន្តរជាតិ​ប្រមាណ​ ​២១​​រូប​ ទទួល​​បាន​មេដាយ​​កិត្តិយស​​​ចំពោះ​​​ការ​​បរិច្ចាគ​ថវិកា​រស​រុប​ជិត​ ២លាន​​ដុល្លារ​អាមេរិក​ សម្រាប់​ជួយ​កសាង​សមិទ្ធិ​ផល​នានា​ ដើម្បី​ចូលរួម​ចំណែក​ក្នុង​​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា​។​

អង្គការ​​ក្រៅ​​រដ្ឋាភិបាល​​ចំនួន​​២​ រួមមាន​​​​អង្គការ​ ​Good Neighbors Cambodia និង​អង្គការ​ Diet Members Group for Building schools Asian Children និង​​ក្រុមហ៊ុន​​ Ohe Electric Corporation​ រួម​​ទាំង​​សប្បុរស​​ជន​​​ជាតិ​​ និង​​​អន្តរជាតិ​​​ចំនួន​ ​២១​​រូប​​ផ្សេង​​​ទៀត​​ ត្រូវ​​បាន​​បំពាក់​​មេដាយ​​ស្ថាបនា​​ជាតិ​​ មេដាយ​​​មាស​​ស្ថាបនា​ជាតិ​​ និង​​មេ​​ដាយ​​​មុនី​​សា​រា​ភ័​ណ្ឌ​ថ្នាក់​ធិប​ឌិន្​ទ​ ​ចំពោះ​​​ការ​​បរិច្ចាគ​ថវិកា​​​សរុប​​ចំនួន​ ១​ ៧៣៨​ ៧៧៦​,​​៤៤​​ដុល្លារ​អាមេរិក​ ដើម្បី​​​រួម​​ចំណែក​​ក្នុង​​ការ​​កសាង​​សមិទ្ធ​​ផល​​នានា​ ​ក្នុង​​ការ​​អភិ​​វ​ឌ្ឍ​វិស័យ​​អប់​​រំ​​នៅ​​ខេត្ត​​សៀម​​រាប​ កំពង់ស្ពឺ​​ ស្វាយរៀង​​ ក្រចេះ​ ​និង​​​បន្ទាយ​​​មាន​​ជ័យ​។​​​ នេះ​​យោង​​តាម​​អនុក្រឹត្យ​​ដាច់​​ដោយ​​ឡែក​​ពីគ្នា​​ចំនួន​​៣​ នៅ​​ក្នុង​​សៀវភៅ​​រាជ​​កិច្ច​​​​លេខ​​១០​​ ដែល​ចេញផ្សាយ​ជា​សាធារណៈ​ដោយ​ទី​​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ កាលពី​ថ្ងៃទី០៨​ ខែ​​កុម្ភៈ​ ឆ្នាំ២០២៤​។​​

យោង​តាម​​អនុក្រឹត្យ​​ចុះ​ថ្ងៃទី​​២០​ ខែ​​វិច្ឆិកា​ ឆ្នាំ​​២០២៣​ ត្រង់​​ទំព័រ​​១៣​​៧០​ ក្នុង​សៀវ​ ភៅ​រាជកិច្ច​លេខ១០​ បាន​បង្ហាញថា​ មាន​សប្បុរសជន​ចំនួន​ ​៣​​រូប​ ត្រូវ​​បាន​​​បំពាក់​​មេ​ ដាយ​​មាស​​ស្ថាបនា​ជាតិ​​ចំពោះ​​ការ​​បរិច្ចាគ​ធនធាន​​ជួយ​កសាង​សមិទ្ធផល​នានា​ ដូច​​ជា​ ​សាងសង់​ទីចាត់ការ​ សួនច្បារ​ បណ្ណាល័យ​ ទិញ​ម៉ាស៊ីន​កុំព្យូទ័រ​ និង​សម្ភារៈ​ដាក់​ក្នុង​​បណ្ណាល័យ​នៅ​អនុវិទ្យាល័យ​អង្គ​លំទង​ ស្រុក​គងពិសី​ ខេត្ត​កំពង់ស្ពឺ​ ចំណាយ​អស់​ថវិកា​សរុប​ចំនួន​ ៤៥​ ៤៥០ដុល្លារ​អាម៉េរិក​ ។​ 

ចំណែក​​សប្បុ​រ​​ស​​ជន​​​១៤​​រូប​​ទៀត​ ​ទទួល​​បា​​ន​​មេដាយ​​ប្រាក់​ ​និង​​មេដាយ​​សំរឹទ្ធ​​ស្ថាប​​នា​​​​ជាតិ​ ​សម្រាប់​ការ​​ចូល​​រួម​​សាងសង់​អគារសិក្សា​​២៤​​ខ្នង​​ មាន​​១០៨​​បន្ទប់​ ធ្វើ​​ដងទង់​​ជាតិ​​សួនកុមារ​ និង​​បង្គន់​អនាម័យ​នៅ​តាម​​សាលា​មួយ​​​​ចំនួន​​ក្នុង​​ខេត្ត​​បន្ទាយ​​មាន​​​ជ័យ​។​​ 

អនុក្រឹត្យ​​មួយ​​ទៀត​ចុះ​​ថ្ងៃទី​​២៣​ ខែវិច្ឆិកា​ ឆ្នាំ​​២០២៣​ នៅ​​ទំព័រ​​១៣៨១​ នៃ​សៀវភៅ​រាជកិច្ច​ដដែល​នេះ​ បាន​កត់ត្រា​ថា​ មាន​សប្បុរសជន១រូប​ និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​​១​ ទទួល​​​បាន​​មេដាយ​មុនី​សា​រា​ភ័​ណ្ឌ​ថ្នាក់​​ធិប​ឌិន្​ទ​ ​​ចំពោះ​​​ការ​​បរិច្ចាគ​ធនធាន​ជួយ​កសាង​​​សមិទ្ធផល​នានា​ ចូលរួម​ចំណែក​ក្នុង​​ការ​អ​ភិ​វ​ឌ្ឍ​វិស័​​យ​អប់រំ​កន្លងមក​។​ 

ក្នុង​​​នោះ​​មាន​​អង្គការ​ Good Neighbors Cambodia ជួយ​ពិនិត្យ​សុខភាព​ ផ្ដល់​សម្ភារៈ​សិក្សា​ សម្ភារៈ​អនាម័យ​ អាហារ​បំប៉ន​ សិស្ស​ថ្នាក់​មត្តេយ្យ​សិក្សា​ អាហារ​ពេល​​ព្រឹក​ ការ​សម្អាត​ការពារ​វីរុស​កូ​វីដ​-១៩​ សាងសង់​សាលា​ មត្តេយ្យ​​សិក្សា​ បង្គន់​អ​នា​​ម័យ​ កន្លែង​លាងដៃ​បំពាក់​កុំព្យូទ័រ​ និង​រៀបចំ​បណ្ណាល័យ​ស្តង់​ដា​នៅ​តាម​សា​​លា​រៀន​នានា​ក្នុង​ខេត្តមណ្ឌលគិរី​ ចំណាយ​អស់​ថវិកា​សរុប​ចំនួន​ ១​ ០៦២​ ៧៧០ដុល្លារ​​អា​មេ​​រិក​។​

ចំណែក​​សប្បុ​រ​ជន​​ឈ្មោះ​​ តាន់​ វិច្ឆិកា​រង្សី​ ជួយ​សាងសង់​អគារសិក្សា១ខ្នង​ មាន៥បន្ទប់​ ផ្ដល់​អាហារូបករណ៍​សិស្ស​ក្រីក្រ​​ និង​​បំប៉ន​វិធីសាស្ត្រ​បង្រៀន​នៅ​សាលាបឋមសិក្សា​វេស្សវ័ណ​ ស្រុក​​ប្រាសាទបាគង​ ខេត្តសៀមរាប​ ចំណាយ​ថវិកា​សរុប​ចំនួន​ ១៥០​ ០០០​​ដុល្លា​​រអា​មេ​​រិក​។​

ឯកសារ​​ចុងក្រោយ​​ចុះ​​ថ្ងៃទី​​២៣​ ខែវិច្ឆិកា​ ឆ្នាំ​​២០២៣​ ត្រង់​​ទំព័រ​​១៣​​៨៣​ បង្ហាញ​​ថា​​ សប្បុរសជន​​ចំនួ​​ន៣រូប​ និង​អង្គការ​ដៃគូ​អភិវឌ្ឍ​ចំនួន២​ ដែល​​បាន​បរិច្ចាគ​ធនធាន​ ជួយ​កសាង​សមិទ្ធផល​នានា​ចូលរួម​ចំ​​ណែ​ក​​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​​ដែល​​ក្នុង​​នោះ​​​មាន​​ លោក​​ Ishii AKLIO ជួយ​សាងសង់​អគារសិក្សា១ខ្នង​ មាន៣បន្ទប់​ នៅ​​សាលា​បឋម​​សិក្សា​ព្រៃ​ធ្លក​ ស្រុក​កំពង់រោទិ៍​ ខេត្តស្វាយរៀង​ ចំណាយ​ថ​វិកាស​​រុប​​​ចំនួន​ ៤៦​ ៧៩០ដុល្លារ​អា​មេ​​រិក​, លោកស្រី​​ ONUMA YOUKO ASAP ជួយ​សាង​​សង់​​អគារសិក្សា១ខ្នង​ មាន៣បន្ទប់​ និង​ជួសជុល​អគារ​ចាស់១ខ្នង​មាន៣បន្ទប់​នៅ​សាលា​បឋម​សិក្សា​ពោធិ៏​រីង​ ស្រុក​ជីក្រែង​ ខេត្តសៀមរាប​ ចំណាយ​ថវិកា​សរុប​​ចំនួន​ ៥០​ ០០០​​ ដុល្លា​​រអា​ម៉េ​រិក​ និង​​​លោក​ SHANGMEI ជួយ​សាងសង់​អគារសិក្សា១ខ្នង​ ២ជាន់​ មាន១២បន្ទប់​ នៅ​សាលាបឋមសិក្សា​បាវិត​កណ្តាល​​ ក្រុង​​បាវិត​ ខេត្តស្វាយរៀង​ ចំណាយ​អស់​ថវិកា​សរុប​ចំនួន​ ៣២០​ ០០០ដុល្លារ​អា​មេ​​រិក​។​ 

ចំណែក​​អង្គការ​ដៃ​គូរ​វិញ​ រួមមាន​ អង្គការ​​ Diet Members Group for Building schools Asian Children ជួយ​សាងសង់​អគារសិក្សា១ខ្នង​ មាន៣បន្ទប់​ និង​​បំពាក់​​គ្រឿង​សង្ហា​រឹម​គ្រប់គ្រាន់​ នៅ​​សាលាបឋមសិក្សា​ជួរ​ជ្រៃ​ ស្រុក​ចិត្រ​​បុរី​ ខេត្ត​ក្រ​​ចេះ​ ចំណាយ​អស់​ថ​វិកាស​​រុប​​ចំនួន​ ៤៩​ ៣៦០ដុល្លារ​អាមេរិក​ និង​​ក្រុម​​ហ៊ុន​ Ohe Electric Corporation ជួយ​សាង​​សង់​​អគារសិក្សា១ខ្នង​ ១បន្ទប់​នៅ​សាលាបឋមសិក្សា​ កែ​រមុំ​ ងួន​មុត​ ស្រុក​ស្វាយ​​ទាប​ ខេត្តស្វាយរៀង​ ចំណាយ​អស់​ថវិកា​សរុប​ចំនួន​ ១៤​ ៤០៦​,៤៤ដុល្លារ​អាមេរិក​​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​