អង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុនឯកជន រួមជាមួយសប្បុរសជនជាតិ និងអន្តរជាតិប្រមាណ ២១រូប ទទួលបានមេដាយកិត្តិយសចំពោះការបរិច្ចាគថវិការសរុបជិត ២លានដុល្លារអាមេរិក សម្រាប់ជួយកសាងសមិទ្ធិផលនានា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។
អង្គការក្រៅរដ្ឋាភិបាលចំនួន២ រួមមានអង្គការ Good Neighbors Cambodia និងអង្គការ Diet Members Group for Building schools Asian Children និងក្រុមហ៊ុន Ohe Electric Corporation រួមទាំងសប្បុរសជនជាតិ និងអន្តរជាតិចំនួន ២១រូបផ្សេងទៀត ត្រូវបានបំពាក់មេដាយស្ថាបនាជាតិ មេដាយមាសស្ថាបនាជាតិ និងមេដាយមុនីសារាភ័ណ្ឌថ្នាក់ធិបឌិន្ទ ចំពោះការបរិច្ចាគថវិកាសរុបចំនួន ១ ៧៣៨ ៧៧៦,៤៤ដុល្លារអាមេរិក ដើម្បីរួមចំណែកក្នុងការកសាងសមិទ្ធផលនានា ក្នុងការអភិវឌ្ឍវិស័យអប់រំនៅខេត្តសៀមរាប កំពង់ស្ពឺ ស្វាយរៀង ក្រចេះ និងបន្ទាយមានជ័យ។ នេះយោងតាមអនុក្រឹត្យដាច់ដោយឡែកពីគ្នាចំនួន៣ នៅក្នុងសៀវភៅរាជកិច្ចលេខ១០ ដែលចេញផ្សាយជាសាធារណៈដោយទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤។
យោងតាមអនុក្រឹត្យចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រង់ទំព័រ១៣៧០ ក្នុងសៀវ ភៅរាជកិច្ចលេខ១០ បានបង្ហាញថា មានសប្បុរសជនចំនួន ៣រូប ត្រូវបានបំពាក់មេ ដាយមាសស្ថាបនាជាតិចំពោះការបរិច្ចាគធនធានជួយកសាងសមិទ្ធផលនានា ដូចជា សាងសង់ទីចាត់ការ សួនច្បារ បណ្ណាល័យ ទិញម៉ាស៊ីនកុំព្យូទ័រ និងសម្ភារៈដាក់ក្នុងបណ្ណាល័យនៅអនុវិទ្យាល័យអង្គលំទង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចំណាយអស់ថវិកាសរុបចំនួន ៤៥ ៤៥០ដុល្លារអាម៉េរិក ។
ចំណែកសប្បុរសជន១៤រូបទៀត ទទួលបានមេដាយប្រាក់ និងមេដាយសំរឹទ្ធស្ថាបនាជាតិ សម្រាប់ការចូលរួមសាងសង់អគារសិក្សា២៤ខ្នង មាន១០៨បន្ទប់ ធ្វើដងទង់ជាតិសួនកុមារ និងបង្គន់អនាម័យនៅតាមសាលាមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ។
អនុក្រឹត្យមួយទៀតចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទំព័រ១៣៨១ នៃសៀវភៅរាជកិច្ចដដែលនេះ បានកត់ត្រាថា មានសប្បុរសជន១រូប និងអង្គការដៃគូអភិវឌ្ឍន៍១ ទទួលបានមេដាយមុនីសារាភ័ណ្ឌថ្នាក់ធិបឌិន្ទ ចំពោះការបរិច្ចាគធនធានជួយកសាងសមិទ្ធផលនានា ចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំកន្លងមក។
ក្នុងនោះមានអង្គការ Good Neighbors Cambodia ជួយពិនិត្យសុខភាព ផ្ដល់សម្ភារៈសិក្សា សម្ភារៈអនាម័យ អាហារបំប៉ន សិស្សថ្នាក់មត្តេយ្យសិក្សា អាហារពេលព្រឹក ការសម្អាតការពារវីរុសកូវីដ-១៩ សាងសង់សាលា មត្តេយ្យសិក្សា បង្គន់អនាម័យ កន្លែងលាងដៃបំពាក់កុំព្យូទ័រ និងរៀបចំបណ្ណាល័យស្តង់ដានៅតាមសាលារៀននានាក្នុងខេត្តមណ្ឌលគិរី ចំណាយអស់ថវិកាសរុបចំនួន ១ ០៦២ ៧៧០ដុល្លារអាមេរិក។
ចំណែកសប្បុរជនឈ្មោះ តាន់ វិច្ឆិការង្សី ជួយសាងសង់អគារសិក្សា១ខ្នង មាន៥បន្ទប់ ផ្ដល់អាហារូបករណ៍សិស្សក្រីក្រ និងបំប៉នវិធីសាស្ត្របង្រៀននៅសាលាបឋមសិក្សាវេស្សវ័ណ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចំណាយថវិកាសរុបចំនួន ១៥០ ០០០ដុល្លារអាមេរិក។
ឯកសារចុងក្រោយចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រង់ទំព័រ១៣៨៣ បង្ហាញថា សប្បុរសជនចំនួន៣រូប និងអង្គការដៃគូអភិវឌ្ឍចំនួន២ ដែលបានបរិច្ចាគធនធាន ជួយកសាងសមិទ្ធផលនានាចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំដែលក្នុងនោះមាន លោក Ishii AKLIO ជួយសាងសង់អគារសិក្សា១ខ្នង មាន៣បន្ទប់ នៅសាលាបឋមសិក្សាព្រៃធ្លក ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ចំណាយថវិកាសរុបចំនួន ៤៦ ៧៩០ដុល្លារអាមេរិក, លោកស្រី ONUMA YOUKO ASAP ជួយសាងសង់អគារសិក្សា១ខ្នង មាន៣បន្ទប់ និងជួសជុលអគារចាស់១ខ្នងមាន៣បន្ទប់នៅសាលាបឋមសិក្សាពោធិ៏រីង ស្រុកជីក្រែង ខេត្តសៀមរាប ចំណាយថវិកាសរុបចំនួន ៥០ ០០០ ដុល្លារអាម៉េរិក និងលោក SHANGMEI ជួយសាងសង់អគារសិក្សា១ខ្នង ២ជាន់ មាន១២បន្ទប់ នៅសាលាបឋមសិក្សាបាវិតកណ្តាល ក្រុងបាវិត ខេត្តស្វាយរៀង ចំណាយអស់ថវិកាសរុបចំនួន ៣២០ ០០០ដុល្លារអាមេរិក។
ចំណែកអង្គការដៃគូរវិញ រួមមាន អង្គការ Diet Members Group for Building schools Asian Children ជួយសាងសង់អគារសិក្សា១ខ្នង មាន៣បន្ទប់ និងបំពាក់គ្រឿងសង្ហារឹមគ្រប់គ្រាន់ នៅសាលាបឋមសិក្សាជួរជ្រៃ ស្រុកចិត្របុរី ខេត្តក្រចេះ ចំណាយអស់ថវិកាសរុបចំនួន ៤៩ ៣៦០ដុល្លារអាមេរិក និងក្រុមហ៊ុន Ohe Electric Corporation ជួយសាងសង់អគារសិក្សា១ខ្នង ១បន្ទប់នៅសាលាបឋមសិក្សា កែរមុំ ងួនមុត ស្រុកស្វាយទាប ខេត្តស្វាយរៀង ចំណាយអស់ថវិកាសរុបចំនួន ១៤ ៤០៦,៤៤ដុល្លារអាមេរិក៕