មន្ត្រី​នគរបាល​​ជាតិ​​ជិត​ ​២០​​រូប​​ ត្រូវ​​បាន​​បន្ថយ​ឋានន្តរស័ក្តិ​​​ ដក​​ហូត​​មុខ​​តំណែង​​ និង​បណ្តេញ​​ចេញ​​ពី​ក្របខណ្ឌ​​

យ៉ាង​​ហោច​​ណាស់​​ មាន​​មន្ត្រី​​នគរបាល​​ជាតិ​​ជិត​ ​២០​​រូប​ ​ត្រូវ​​បាន​​បន្ថយ​​ ដក​​ហូត​​ឋានន្តរស័ក្តិ​​ និង​បណ្តេញ​ចញ​ពី​​​មុខ​​តំណែង​នៅ​​ដើម​​ខែ​​មករា​​នេះ​​​ ក្រោម​ហេតុ​​ផល​​ ល្មើស​​វិន័យ​​របស់​​កងកម្លាំង​​នគរបាល​​ជាតិ​​និង​ពាក់​​ព័ន្ធ​​បទល្មើស​​ផ្សេងទៀត​​។​​

យ៉ាងហោចណាស់​ មន្ត្រី​​នគរបាល​​​សរុប​ ​១៩រូប​ ​ត្រូវ​​បាន​បន្ថយ​ ដក​​​ហូត​​ ឋានន្តរ​​ស័ក្តិ​​ ដក​​​ហូត​​មុខ​​តំណែង​ និង​​បណ្តេញ​​ចេញ​​ពី​ក្របខណ្ឌ​​មន្ត្រី​នគរបាល​​ជាតិ​​ជា​បន្ត​​បន្ទាប់​​ ក្រោម​​​ហេតុ​​ផល​​​ល្មើស​​​វិន័យ​​ នេះ​​បើ​​យោង​​​តាម​​សេចក្តី​​រាយ​​ការណ៍​​របស់​​​បណ្តាញ​​ព័ត៌មាន​​ក្នុង​​ស្រុក​ Cambodia Express News កាល​​ពី​​សប្តាហ៍​​កន្លងទៅ​។​​

យោង​​តាម​​ព្រះរាជ​ក្រឹត្យ​​ដែល​​ចុះ​​កាល​​បរិច្ឆេទ​​កាល​​ពី​​ថ្ងៃទី​​៥​​ ខែមករា​ ឆ្នាំ​​២០២៤​​ បាន​​ឱ្យ​​​​ដឹង​ថា​ មន្ត្រី​​នគរបាល​​ជាតិ​​ថ្នាក់​​ឧត្តម​​សេនីយ៍​​ចំនួន​ ​០៤រូប​​ រួមមាន​ ​​​ឧត្តម​​សេនីយ៍​ទោ​ ទូច​​ យុទ្ធា​ ឧត្តម​​សេនីយ៍​​ត្រី​ តាំង​ គង់​ ឧត្តម​​សេនីយ៍​​ត្រី​ ជូ​ ផល្លី​ឌីន​​ និង​​ឧត្តម​​សេនីយ៍​ត្រី​ ខៃ​ វណ្ណៈ​ ត្រូវ​​បាន​​ព្រះ​​មហាក្សត្រ​​​ត្រាស់​បង្គាប់​​ប​​ន្ថយ​​ និង​​ដក​​​ឋានន្តរស័ក្តិ​​នាយ​​​នគរបាល​​ថ្នាក់​​ឧត្តម​​សេនីយ៍​​ឱ្យ​​​មក​​នៅ​​ត្រឹម​​ថ្នាក់​​ពល​​បាល​​​ត្រី​​ ក្របខណ្ឌ​មន្ត្រី​នគរ​​បាល​​ជាតិ​​កម្ពុជា​។​​ 

តាម​​រយៈ​ព្រះរាជ​ក្រឹត្យ​​ដាច់​ដោយ​​ឡែក​​មួយ​​ទៀត​ ព្រះមហាក្សត្រ​ ក៏បាន​​ត្រាស់​ប​​ង្គាប់​​បន្ថយ​​ និង​​​ដក​​ហូត​​ឋានន្តរស័ក្តិ​​ពី​​​​ឧត្តម​​សេនីយ៍​​ត្រី​​ កែវ​ រ័ត្ន​​មុនី​ ជា​​នាយ​​នគរបាល​​ថ្នាក់​​ឧត្តម​​សេនីយ៍​​ឱ្យ​​​មក​​នៅ​ត្រឹម​​ថ្នាក់​​ពលបាល​​ត្រី​ផង​ដែរ​។​​ ព្រះរាជ​ក្រឹត្យ​​ទាំង​​ពីរ​​​នេះ​ ​មិន​​បាន​​បញ្ជាក់​ពី​មូល​​ហេតុ​​នៃ​ការ​​បន្ថយ​​ និង​​​ដក​​ហូត​​ឋានន្តរស័ក្តិ​​មន្ត្រី​នគរបាល​​ជាតិ​​ទាំង​ ​៥​​​រូប​​​​នេះ​​ទេ​។​​ លោក​ កែវ​ រ័ត្ន​​មុនី​ ធ្លាប់​​រង​​បណ្តឹង​​ពី​បទ​​ឆបោក​​ និង​​ត្រូវ​​បាន​អយ្យការ​​អម​​​សាលាដំបូង​​រាជធានី​ភ្នំពេញ​ ​កោះហៅ​​មក​​សាក​​សួរ​​ នេះ​​បើ​​យោ​​ង​​​តាម​​សេចក្តី​​រាយ​​ការណ៍​​របស់​​បណ្តាញ​​ព័ត៌មាន​​ក្នុង​​ស្រុក​​។​​

ដោយឡែក​​ ក្រសួង​​មហាផ្ទៃ​ ​ក៏​​បាន​​ចេញ​​ប្រកាស​​ដាច់ដោយឡែក​​ពី​​គ្នា​​ចំនួន​​០៣​ ដែល​​​មាន​​ចុះ​កា​លប​រិច្​ចេទ​​ថ្ងៃទី​​០៣​ ខែ​​មករា​ ឆ្នាំ​​២០២៤​ ដូចគ្នា​​ ​ក្នុង​​នោះ​​ មន្ត្រី​​នគរបាល​​ជាតិ​ថ្នាក់​​វរសេនីយ៍​​ទោ​​ចំនួន​ ​២រូប​ គឺ​​វរសេនីយ៍ទោ​ ហម​ សុ​វណ្ណ​រិទ្ធ​ ជា​​ស្នង​​ការ​​រង​ នៃ​ស្នង​​ការ​​ដ្ឋាន​​នគរបាល​​ខេត្ត​​ព្រះសីហនុ​ និង​​វរសេនីយ៍ទោ​ សោម​ សុ​ថា​រ័ត្ន​​ ជា​​អធិការ​​រង​​នគរបាល​​ខណ្ឌ​ជ្រោយ​​ចង្វា​រ​ នៃ​ស្នង​​ការ​​ដ្ឋាន​​​នគរ​​បាល​​​រាជធានី​ភ្នំពេញ​​ ត្រូវ​​បាន​​ដក​​ហូត​​មុខ​​តំណែង​ ឱ្យ​​មក​​ជា​​មន្ត្រី​ និង​​បន្ថយ​​ឋានន្តរស័ក្តិ​​ចំនួន​​​០១​​ថ្នាក់​​ ឱ្យ​​​មក​​នៅ​​ត្រឹម​​ថ្នាក់​​ វរសេនីយ៍ត្រី​ដូច​​គ្នា​​ ដោយ​​មូល​​ហេតុ​​ល្មើស​​​វិន័យ​​របស់​​កង​​កម្លាំង​​នគរបាល​​ជាតិ​​។​​​​ 

ឯកសារ​​ដដែល​​ បញ្ជាក់​​បន្ថែម​​ថា​ ត្រូវ​​បាន​​ផ្ទេរ​​ភារកិច្ច​​ដោយ​​បង្ខំ​​ចំពោះ​​​វរ​សនីយ៍​​ត្រី​​ ហម​ សុ​វណ្ណ​រិទ្ធ​​ នៃ​ស្នង​​​ការ​​ដ្ឋាន​​នគរបាល​​ខេត្ត​​ព្រះសីហនុ​ ឱ្យ​​​ទៅ​បម្រើ​​ការងារ​នៅ​​អង្គភាព​​​អន្តរាគមន៍​​ នៃ​​អគ្គស្នងការ​​ដ្ឋាន​​នគរបាល​​ជាតិ​​។​​ 

​​បើ​​យោង​​តាម​​ប្រកាស​​ដាច់​​ដោយ​​ឡែក​​មួយ​​ទៀត​​​ បាន​​បង្ហាញ​​ថា​ មន្ត្រី​​នគរបាល​​ជាតិ​​​​ចាប់ពី​ថ្នាក់​​ព្រិន្ទ​​បាល​ទោ​​ដល់​ថ្នាក់​​វរសេនីយ៍ទោ​​សរុប​​​ ១​​២​​រូប​ នៃ​ស្នង​​ការ​​ដ្ឋាន​​នគរបាល​​រាជធានី​ភ្នំពេញ​​​ ត្រូវ​​បាន​​ដក​​ហូត​​មុខ​​តំណែង​​ ឋានន្តរ​​ស័ក្តិ​ និង​​បណ្តេញ​​ចេញ​​ពី​​ក្រប​​ខណ្ឌ​មន្ត្រី​នគរបាល​​ជាតិ​​​ ដោយ​​មូល​​ហេតុ​​ល្មើស​​វិន័យ​​របស់​​កងកម្លាំង​​​​នគរបាល​​ជាតិ​។​​​ 

នៅ​​ក្នុង​​ចំណោម​​មន្ត្រី​នគរបាល​​ជាតិ​​ចំនួន​ ​១២​​រូប​​នេះ​​ មាន​​ថ្នាក់​​វរសេនីយ៍ទោ​ចំនួន​​០១​​រូប​ ​វរសេនីយ៍ត្រី​​០១​​រូប​​ អនុសេនីយ៍ឯក​​០៦រូប​ អនុសេនីយ៍ទោ​​០២​​រូប​ ព្រិន្ទ​បាល​ឯក០១​​រូប​ និង​​ព្រិន្ទ​បាល​​ទោ​​០១​​រូប​​។​​ មន្ត្រី​​​ទាំង​​១២​​រូប​នេះ​​​ មក​​ពី​អង្គភាព​​ផ្សេង​​ៗ​​​គ្នា​​ ដែល​​ក្នុង​​នោះ​មាន​​វរសេនីយ៍ទោ​ ស​ ពិសិដ្ឋ​​ នាយ​​រង​ការិយាល័យ​​ប្រឆាំង​​ការ​​​ជួញដូរ​មនុស្ស​ ​និង​​ការពារ​អនីតិជន​​ផង​ដែរ​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​