ក្រសួង​​មហាផ្ទៃ​ ​សម្រេច​​​បណ្តេញ​​មន្ត្រី​​នគរបាល​​មួយ​រូប​ទៀត​​​ ដោយ​​សារ​​ល្មើស​​វិន័យ​​របស់​​កង​​កម្លាំង​​នគរបាល​ជាតិ​​

ក្រសួង​​មហាផ្ទៃ​ ​សម្រេច​​បណ្តេញ​​មន្ត្រី​​នគរបាល​​មួយ​​រូប​ទៀត​​​ នៃ​​​ស្នងការ​​ដ្ឋាន​​នគរ​​បាល​​ខេត្ត​​ព្រៃ​​វែង​ ​ចេញ​​ពី​​ក្រប​​ខ័ណ្ឌ​​មន្ត្រី​​នគរបាល​​ជាតិ​​ ដោយ​​សារ​​ល្មើស​​វិន័យ​​របស់​​កង​​កម្លាំង​​នគរបាល​​ជាតិ​។​​

យោង​​តាម​​ប្រកាស​​របស់​​ក្រសួង​​មហាផ្ទៃ​​ ចុះ​កាល​​បរិច្ឆេទ​​ថ្ងៃទី​​៥​ ខែ​​មករា​​ ឆ្នាំ​​២០​​២៤​ បាន​​ឱ្យ​​​ដឹង​​ថា​ លោក​ ស​ សុខា​ រដ្ឋ​​មន្ត្រី​​ក្រសួង​​មហាផ្ទៃ​ ​បាន​​​សម្រេច​​អនុវត្ត​​វិន័យ​​ចំពោះ​​អនុ​​សេនីយ៍​​ឯក​ ណាត​ រតនា​ មន្ត្រី​ នៃ​អធិការ​​ដ្ឋាន​នគរបាល​​ស្រុក​​កញ្ចៀច​​ នៃ​ស្នង​​ការ​​ដ្ឋាន​​នគរបាល​​ខេត្ត​​ព្រៃវែង​ ចំណុះ​​អគ្គ​​ស្នង​​ការ​​ដ្ឋាន​​នគរបាល​​ជាតិ​​ តាម​​រូប​​ភាព​​ដក​​ហូត​​ឋានន្តរស័ក្តិ​​ និង​​​បណ្តេញ​​ចេញ​​ពី​ក្រប​​ខ័ណ្ឌ​​មន្ត្រី​នគរ​​បាល​​​ជាតិ​​ ដោយ​​មូល​​ហេតុ​​ ល្មើស​​វិន័យ​​របស់​​កង​​កម្លាំង​​នគរបាល​​ជាតិ​​។​ 

ទោះបីជា​​យ៉ាងណា​ ប្រកាស​​នេះ​មិន​​បាន​​បញ្ជាក់​​ថា​ លោក​ ណាត​ រតនា​ បាន​​ល្មើស​​វិន័យ​​ដោយ​​សារ​ការ​​​ប្រព្រឹត្ត​​អ្វី​នោះ​ទេ​។​​

ប្រកាស​​ដដែល​​បន្ថែម​​ថា​ ប្រាក់​​បៀវត្ស​​ និង​​របប​ឧបត្ថម្ភ​​ផ្សេង​ៗ​ត្រូវ​​បាន​​កាត់​​ផ្តាច់​​ និង​​លុប​​ចេញ​​ពី​ក្រប​​ខ័ណ្ឌ​​មន្ត្រី​នគរបាល​​ជាតិ​ ​ចាប់ពី​​ខែមេសា​ ឆ្នាំ​​២០២៤​​ តទៅ​​។​​

កាល​​​ពី​​​​ថ្ងៃទី​​​១០​​ ខែមករា​​ ឆ្នាំ​​​២០២៤​​ ​ក្រសួងមហាផ្ទៃ​​​ សម្រេច​​​លុ​​ប​​​​ឈ្មោះ​​មន្ត្រី​​ពន្ធ​នា​​គារ​​​ ៥រូប​​​ ចំណុះ​​អគ្គ​​នា​​យក​​ដ្ឋាន​​​ពន្ធ​​នា​​គារ​​ ចេញពី​​ក្របខ័ណ្ឌ​​​មន្ត្រី​​ពន្ធនាគារ​​ ក្រសួង​​​មហាផ្ទៃ​​ ដោយ​​​សារ​​​​ប្រើប្រាស់​​​​សារធាតុ​​ញៀន​​។​​

គិត​​​​ចាប់ពី​​​​ចុង​​​​ខែធ្នូ​​​រហូត​​​​មកដល់​​​​ពេលនេះ​​​​ មាន​​​​មន្ត្រី​​​នគរបាល​​​​​ប្រមាណ​​​ជាង​​ ​៣០​​​​រូប​​​ ​ត្រូវ​​​​បាន​​​​បន្ថយ​​​ ដក​​​​ហូត​​​​ឋានន្តរស័ក្តិ​​​ ដកហូត​​​​មុខតំណែង​​​​ និង​​​​​បណ្តេញ​​​​ចេញ​​​​ពី​​​ក្របខ័ណ្ឌ​​​​នគរបាល​​​​ជាតិ​ ដែល​​ក្នុង​​នោះ​​មាន​មន្ត្រី​​​មួយចំនួន​​ពាក់ព័ន្ធ​នឹង​​ការ​​ប្រើ​​ប្រាស់​​គ្រឿង​​ញៀន​​ផង​ដែរ​​​ ខណៈ​​​​មន្ត្រី​​​ ​៥០​​​​រូប​​​​ផ្សេងទៀត​​​ ​ត្រូវ​​​​​បាន​​​​ផ្ទេរ​​ទៅ​​​​កាន់​​​នាយកដ្ឋាន​​​ ​ឬ​​​អង្គភាព​​​​ផ្សេង​​​​ ក្រោម​​​​ហេតុ​​​​ផល​​​​ល្មើស​​​​វិន័យ​​​​​កងកម្លាំង​​​​នគរបាល​​​​ជាតិ​​​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​