រដ្ឋាភិបាល​​ដក​​ហូត​​ឋានន្តរស័ក្តិ​​ស្នងការ​​រង​​ម្នាក់​ ខណៈ​​ក្រសួងមហាផ្ទៃ​​លុប​​ឈ្មោះ​​មន្ត្រី​ពន្ធនាគារ​​៥រូប​​ចេញពី​​ក្របខ័ណ្ឌ​ ​

ស្នងការ​​រង​នគរបាល​​ខេត្ត​​ព្រះសីហនុ​ម្នាក់​​ត្រូវ​​បាន​​ដក​​ហូត​​ឋានន្តរស័ក្តិ​​ ខណៈ​​មន្ត្រី​ពន្ធនាគារ​​ចំនួន​​៥​​រូប​​ ត្រូវ​​បាន​​លុប​​ឈ្មោះ​​ចេញ​​ពី​​ក្របខ័ណ្ឌ​​ មន្ត្រី​ពន្ធនាគារ​ ដោយ​​​សារ​​​ប្រើ​​ប្រាស់​​សារធាតុ​ញៀន​​។​​

យោង​តាម​អនុក្រឹត្យ​​ចុះ​កាល​​បរិច្ឆេទ​​ថ្ងៃទី​​៨​ ខែមករា​ ឆ្នាំ​​២០២៤​ និង​​ផ្សព្វផ្សាយ​​នៅ​លើ​​បណ្តាញ​ព័ត៌មាន​​ក្នុង​​ស្រុក​​កាលពី​ថ្ងៃទី​​១៩​ ខែមករា​​នេះ​​បាន​​ឲ្យ​​ដឹង​ថា​ លោក​​នាយក​​រដ្ឋ​​មន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​​សម្រេច​​ដក​​ហូត​​ឋានន្តរស័ក្តិ​​ថ្នាក់​ វរសេនីយ៍ឯក​ពី​វរសេនីយ៍ឯក​ សុខ​ សុភាព​ ជា​​នាយ​​នគរបាល​​ជាន់ខ្ពស់​ ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​​ជាតិ​​កម្ពុជា​ នៃ​ក្រសួង​​មហាផ្ទៃ​ ប៉ុន្តែ​​មិនបាន​​បញ្ជាក់​​ពី​មូល​​ហេតុ​​នៃ​ការ​ដក​ ហូត​​ឋានន្តរស័ក្តិ​​នេះ​ទេ​​​។​ តាម​​សេចក្តី​រាយការណ៍​របស់​​បណ្តាញ​សារព័ត៌​ CAMBODIA EXPRESS NEWS បាន​​បញ្ជាក់​ថា​ លោក​ សុខ​ សុភាព​ គឺជា​​ស្នង​​ការ​​រង​ខេត្ត​​ព្រះសីហនុ​​។​​

កាល​​ពី​ថ្ងៃទី​​០៣​ ខែមករា​ ក្រសួង​​មហាផ្ទៃ​បាន​​ចេញប្រកាស​​មួយ​​ដកហូត​មុខ​​តំណែង​​​ស្នងការ​​រង​​នគរបាល​​ខេត្ត​​ព្រះសីហនុ​ម្នាក់​រួច​​មក​ហើយ​ ​គឺ​លោក​វរសេនីយ៍ទោ​ ហម​ សុ​វណ្ណ​រិទ្ធ​ ឲ្យ​មក​ជា​​មន្ត្រី​ និង​បន្ថយ​​ឋានន្តរស័ក្តិ​​ចំនួន​​០១ថ្នាក់​​ឲ្យ​​មក​​ត្រឹម​​ថ្នាក់​​វរសេនីយ៍ត្រី​​ ដោយ​​សារ​​ល្មើស​​វិន័យ​​របស់​​កងកម្លាំង​នគរបាល​​ជាតិ​។​

នៅក្នុង​​ប្រកាស​ដាច់ដោយឡែក​​​មួយ​​​ចុះ​កាល​​បរិច្ឆេទ​​ថ្ងៃទី​​១០​ ខែមករា​ ឆ្នាំ​​២០២៤​ ​ក្រសួងមហាផ្ទៃ​​សម្រេច​​លុប​​​ឈ្មោះ​មន្ត្រី​ពន្ធនាគារ​​ ៥រូប​​ ចំណុះ​អគ្គ​នា​ យក​ដ្ឋាន​​ពន្ធ​នា​ គារ​ ចេញពី​ក្របខ័ណ្ឌ​​មន្ត្រី​ពន្ធនាគារ​ ក្រសួង​​មហាផ្ទៃ​ ដោយ​​សារ​​​ប្រើប្រាស់​​សារធាតុ​ញៀន​។​

ឯកសារ​ដដែល​ បញ្ជាក់​ថា​ មន្ត្រី​ពន្ធនាគារ​ទាំង​​៥​​រូប​​នេះ​ រួម​​មាន​​ឈ្មោះ​ ១​ លោក​ ផុន​ វណ្ណៈ​ អនុប្រធាន​​ការិយាល័យ​សន្តិសុខ​ពន្ធនាគារ​ នៃ​មណ្ឌល​​អប់រំ​កែប្រែ​​ទី​​១​ ២​ លោក​ ហូ​ សុ​ជាតិ​ មន្ត្រី​នៃ​មណ្ឌល​អប់រំ​កែប្រែ​ទី​​១​ ៣​ លោក​ គន់​ ដារ៉ា​ មន្ត្រី​ពន្ធនាគារ​​ខេត្ត​​កណ្តាល​​ ៤​ លោក​ កេង​ ស៊ី​ឌុន​ មន្ត្រី​នៃ​ពន្ធនាគារ​ខេត្ត​​កណ្តាល​ ៥​ លោក​ ខ្ចៅ​ សិរី​រ័ត្ន​ មន្ត្រី​ពន្ធនាគារ​​ខេត្ត​​បន្ទាយ​​មាន​​ជ័យ​​។​

គិត​​​ចាប់ពី​​​ចុង​​​ខែធ្នូ​​រហូត​​​មកដល់​​​ពេលនេះ​​​ មាន​​​មន្ត្រី​​នគរបាល​​​​ប្រមាណ​​ជាង​ ​៣០​​​រូប​​ ​ត្រូវ​​​បាន​​​បន្ថយ​​ ដក​​​ហូត​​​ឋានន្តរស័ក្តិ​​ ដកហូត​​​មុខតំណែង​​​ និង​​​​បណ្តេញ​​​ចេញ​​​ពី​​ក្របខ័ណ្ឌ​​​នគរបាល​​​ជាតិ​​ ខណៈ​​​មន្ត្រី​​ ​៥០​​​រូប​​​ផ្សេងទៀត​​ ​ត្រូវ​​​​បាន​​​ផ្ទេរ​​​ភារកិច្ច​​ពី​​​​​​​​​លេខាធិការ​​​​ដ្ឋាន​​​​ នៃ​​​​គណៈកម្មាធិការ​​​​ប្រយុទ្ធ​​​​ប្រឆាំង​​​​​ផលិតផល​​​​ក្លែងក្លាយ​ ​​​​ទៅ​​​កាន់​​នាយកដ្ឋាន​​ ​ឬ​​អង្គភាព​​​ផ្សេង​​​ ក្រោម​​​ហេតុ​​​ផល​​​ល្មើស​​​វិន័យ​​​របស់​​កងកម្លាំង​​​នគរបាល​​​ជាតិ​​។​

លោកនាយក​​រដ្ឋមន្ត្រី​​ ហ៊ុន​​ ម៉ា​​ណែ​​ត​​ ធ្លាប់​​បាន​​ព្រមាន​​មន្ត្រី​ និង​​​កង​​កម្លាំង​​ប្រ​​ដាប់​​អាវុធ​រូប​ណា​ ​ដែល​​ពាក់ព័ន្ធ​​នឹង​​គ្រឿងញៀន​​ នឹង​​​​ត្រូវ​​បណ្តេញ​​ចេញពី​​ក្របខ័ណ្ឌ​​ភ្លាម​​​ៗ​​ ហើយ​​ថា​​ ការ​​​បោស​​​សម្អាត​​គ្រឿងញៀន​​នៅក្នុង​​ជួរ​​​កងកម្លាំង​​​ប្រដាប់​​អា​​វុធ​ ​នឹង​​ត្រូវ​​អនុវត្ត​​មុនគេ​​ យោងទៅតាម​​ការ​​ចុះផ្សាយ​​របស់​​ វិទ្យុ​​​បារាំង​​ RFI កាលពី​​ខែ​​មុ​​ន​​៕​​ ​ ​ 

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​