រដ្ឋាភិបាល​ធ្វើ​​អនុបយោគ​​ដី​រដ្ឋ​​៧៩៩ហិ​ក​តា​​​ នៅ​​ខេត្ត​​ព្រះសីហនុ​ ​សម្រាប់​​គម្រោង​​អភិវឌ្ឍន៍​​របស់​​​ក្រុម​​ហ៊ុន​​ឯក​​ជន​​

រដ្ឋាភិបាល​ធ្វើ​អនុបយោគ​ផ្ទៃដី​សាធារណៈ​របស់​រដ្ឋ​ទំហំ​ជិត​ ៨០០ហិ​ក​តា​ ​នៅ​​​ខេត្ត​​ព្រះសីហនុ​​ ដើម្បី​​​បែង​​ចែក​​និង​​ផ្តល់​ជូន​​​ក្រុមហ៊ុន​​ឯកជន​​ធ្វើការ​​អ​ភវិ​ឌ្ឍ​ន៍​​សណ្ឋាគារ​​ អា​​គារ​ស្នាក់នៅ​រួម​​ ផ្សារ​ទំនើប​​ និង​​មជ្ឈមណ្ឌល​​ពាណិជ្ជកម្ម​។​​

យោង​តាម​​អនុក្រឹត្យ​លេខ១៣៧អន​គ្រ​.បក​ ​ចុះ​ថ្ងៃទី​​២៣​ ខែ​​មិថុនា​ ឆ្នាំ​​២០២៣​ នៅ​​ក្នុង​​សៀវភៅ​​រាជកិច្ច​​លេខ​​៦៧​ បាន​​ឱ្យ​​​ដឹង​ថា​ រដ្ឋាភិបាល​​​បាន​​សម្រេច​​​ធ្វើ​​អនុបយោគ​​​ផ្ទៃដី​​​​ទំហំ​ ៧៩៩ហិ​ក​តា​ ស្ថិតនៅ​​ឃុំ​ទំនប់​​រលក​​ ស្រុក​​ស្ទឹងហាវ​ ខេត្ត​​ព្រះសីហនុ​​ ជា​ដី​ឯកជន​​របស់​​រដ្ឋ​​។​​​

នៅ​​ក្នុង​​អនុក្រឹត្យ​​ដដែល​នេះ​ រដ្ឋាភិបាល​​បាន​​សម្រេច​​​បែងចែក​​ដី​​ខាងលើ​​នេះ​ ជា​​ពីរ​​ផ្នែក​​ គឺ​​​​ទី​​១​ ផ្ទៃដី​​ចំនួន​​ ២០ភាគរយ​​ ស្មើនឹង​​ទំហំ​​ ១៥៩​ ហិ​ក​តា​ ៨០​​អា​ ត្រូវ​បាន​​ប្រគល់​​ជូន​​រដ្ឋ​​បាល​​ខេត្ត​​ព្រះ​សីហ​​នុ​​ និង​​ទី​​២​ ​ផ្ទៃដី​ចំនួន​ ៨០ភាគរយ​ ស្មើនឹង​​ទំហំ​​៦៣៩ហិ​ក​តា​ ២០​​អា​ ត្រូវ​​ផ្តល់​​ជា​​កម្ម​​សិទ្ធិ​​ឯក​​ជន​​ជូន​​ក្រុមហ៊ុន​​​​ C99 International Investment (Cambodia) Co., Ltd សម្រាប់​អភិវឌ្ឍន៍​​ជា​សណ្ឋាគារ​ វីឡា​ទំនើប​ អគារ​ស្នាក់នៅ​រួម​ ផ្សារ​ទំនើប​ ភោជនីយដ្ឋាន​ ម​ជ្ឍ​មណ្ឌល​ពាណិជ្ជកម្ម​ តំបន់​​សេវាកម្ម​នានា​ និង​ឃ្លាំង​ដាក់​សម្ភារៈ​។​​

យោង​តាម​ក្រសួង​​ពា​​ណិ​ជ្ជ​កម្ម​ បាន​​ឱ្យ​​​ដឹង​ថា​ ក្រុមហ៊ុន​ C99 international Investment Co.,LTD បាន​​ចុះបញ្ជី​​នៅ​​ក្រសួង​​ពាណិជ្ជកម្ម​​ កាល​​ពី​ថ្ងៃទី២៨​ ខែមីនា​ ឆ្នាំ​​២០២៣​​ ជា​​ក្រុមហ៊ុន​​​អចលនទ្រព្យ​​ ដោយមាន​ឈ្មោះ​​ លូ​ សា​ (Luo Sa) ជា​​ប្រធាន​​ក្រុម​​ប្រឹក្សា​​ភិបាល​​។​

គួរ​រំលឹក​ថា​ យោង​តាម​​អនុក្រឹត្យ​​ចុះ​ថ្ងៃទី​​៧​ ខែកក្កដា​ ឆ្នាំ​​២០២៣​ នៅ​​ក្នុង​សៀវភៅ​ រាជកិច្ច​​​លេខ៧០​ រដ្ឋាភិបាល​បាន​​កាត់​ឆ្វៀល​ដី​ចំនួន​ ៤៨៦ហិ​ក​តា​​ នៅ​ឃុំ​អូរត្រេះ​ ស្រុក​​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​​ ប្រគល់​ជា​​កម្មសិទ្ធិ​​ជូន​​ក្រុមហ៊ុន​ ប៊ូ​​យ៉ុង​​ខ្មែរ​​ II ខូ​​អិល​​ធី​​ឌី​​ ដែល​​ជា​​​បុត្រ​​សម្ព័ន្ធ​​​របស់​​​ក្រុមហ៊ុន​​​ BOOYOUNG GROUP របស់​​សាធារណរដ្ឋ​​​កូរ៉េ​​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​