រដ្ឋាភិបាល​​​សម្រេច​​បង្កើត​​ក្រុង​ថ្មី​នៅ​ខេត្ត​​សៀម​​រាប​

រដ្ឋាភិបាល​​ចេញ​អនុក្រឹត្យ​កាត់​​យក​​ឃុំ​រុន​​តាឯក​​ ជា​កន្លែង​​តាំងទីលំនៅ​ថ្មី​សម្រាប់​​ ប្រជាពលរដ្ឋ​រាប់​​ពាន់​​គ្រួសារ​​ដែល​​ត្រូវ​បាន​បណ្តេញ​​ចេញពី​តំបន់​​អង្គរ​ ដើម្បី​​​​បង្កើត​​ជា​​ក្រុង​​ថ្មី​​មួយ​។​ 

យោង​តាម​​អនុក្រឹត្យ​លេខ​ ០៧​ អន​ក្រ​.បក​ ចុះ​ថ្ងៃទី១១​ ខែមករា​ ឆ្នាំ​​២០២៤​ រដ្ឋាភិបាល​​បាន​​សម្រេច​បង្កើត​​ក្រុង​ថ្មី​មួយ​ឈ្មោះ​ “ក្រុង​រុនតាឯក​តេជោ​សែន​” ដោយ​​​កាត់​​យក​​ឃុំ​ចំនួន​​២​ គឺ​ឃុំ​រុនតាឯក​ ពី​ស្រុក​បន្ទាយ​​ស្រី​ និង​​​ឃុំ​បល្ល័ង្ក​​ពី​ស្រុក​​ប្រាសាទបាគង​ នៃ​ខេត្តសៀមរាប​​។​​

អនុក្រឹត្យ​ដដែល​ បញ្ជាក់​ថា​ ក្រុង​ថ្មីនេះ​ ​មាន​​សង្កាត់​ចំនួន​​២​ គឺ​​​​សង្កាត់​​រុនតាឯក​ និង​សង្កាត់​បល្ល័ង្ក​ ចំណែក​​ទីតាំង​​រដ្ឋ​​បាល​​ ក្រុង​រុនតាឯក​តេជោ​សែន​ ត្រូវ​ស្ថិតនៅ​​សង្កាត់​រុនតាឯក​ ហើយ​​ការ​​បង្កើត​ក្រុង​រុនតាឯក​តេជោ​សែន​ ត្រូវ​​ចូល​​ជាធរមាន​​សម្រាប់​ការ​​បោះឆ្នោត​ជ្រើសរើស​​ក្រុម​​ប្រឹក្សា​រាជធានី​ ក្រុមប្រឹក្សា​​ខេត្ត​ ក្រុមប្រឹក្សា​​ក្រុង​​ ក្រុមប្រឹក្សា​ស្រុក​ ក្រុមប្រឹក្សា​ខណ្ឌ​ អាណត្តិ​ទី​​៤​។​​ 

កន្លងមក​ មាន​​ការរិះគន់​ច្រើន​ពី​អង្គការ​ជាតិ​​ និង​​អន្តរជាតិ​ ​លើ​រដ្ឋាភិបាល​​ជុំវិញ​ការ​​បណ្តេញ​ចេញ​ប្រជា​​ពលរដ្ឋ​​ពី​​តំបន់​​អង្គរ​ឱ្យ​​មក​តាំងទីលំនៅ​ថ្មី​នៅ​តំបន់​រុន​​តាឯក​ ដោយ​​ពួកគេ​ចោទ​ថា​ ប្រជាពលរដ្ឋ​​នៅ​តំបន់​អង្គរ​ ត្រូវ​បាន​​បង្ខំ​ឱ្យ​​ផ្លាស់ទី​លំនៅ​​ទៅកាន់​តំបន់​រុនតាឯក​ ដែល​​ខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​ ទឹក​ស្អាត​ ប៉ុន្តែ​រដ្ឋាភិបាល​​បាន​​អះអាង​ម្តង​ហើយ​​ម្តង​ទៀត​ថា​ ការតាំងទី​លំនៅ​ថ្មី​ ទាំង​​នេះ​ធ្វើ​​ឡើង​​ដោយ​​ការ​ស្ម័គ្រចិត្ត​។​

ប្រជាពលរដ្ឋ​​ចំនួន​ ៩​ ០០០គ្រួសារ​​ ត្រូវ​​បាន​​ផ្លាស់​​ប្តូរ​​ទីលំនៅ​​ទៅ​​តំបន់​​រុនតាឯក​ និង​ ​ទីតាំង​​ផ្លាស់​​ទី​​លំនៅ​​ទីពីរ​ គឺ​ស្ថិត​​​នៅ​ឃុំ​​ពាក់​​ស្នែង​ នេះ​បើ​​​តាម​សេចក្តី​​រាយការណ៍​​របស់​​សារព័ត៌មាន​​ខេម​បូ​ចា​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​