អតីតប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងអតីតមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលចំនួន ០២រូបផ្សេងទៀត ត្រូវបានតែងតាំងជាទីប្រឹក្សារដ្ឋាភិបាល។
យោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ព្រះមហាក្សត្របានត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈ លោក ស៊ិក ប៊ុនហុក លោក ជិន ប៊ុនស៊ាន និងលោក ឃុន ហាំង ជាទីប្រឹក្សារាជរដ្ឋាភិបាល ដោយមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។
លោក ស៊ិក ប៊ុនហុក ជាអតីតប្រធាន គ.ជ.ប ដែលបានលាឈប់ពីតំណែង កាលពីឆ្នាំ២០២១ ដោយសារតែបញ្ហាសុខាភាព។ ចំណែកលោក ជិន ប៊ុនស៊ាន និងលោក ឃុន ហាំង ធ្លាប់បំពេញតួនាទីជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសសកម្មពិសេសនៅក្នុងរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា។
លោក ជិន ប៊ុនស៊ាន ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ខណៈលោក ឃុន ហាំង ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកជាអនុប្រធានប្រចាំការអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី៕